ភ្នំពេញៈ ក្រសួងព័ត៌មានបានសហការជាមួយអង្គការយូណេស្កូ និងស្ថានទូតស៊ុយអែត ប្រចាំកម្ពុជា បង្កើតគេហទំព័រ សិទ្ធិទទួលព័ត៌មាន (www.a2i.info.gov.kh) ដើម្បីឲ្យសាធារណៈជនក្នុង នឹងក្រៅប្រទេស និងអង្គការសង្គមស៊ីវិលជាតិ អន្ដរជាតិ ចូលរួមផ្ដល់មតិយោបល់ ក្នុងគោលបំណងប្រមូលព័ត៌មានរួមមួយ សម្រាប់យកមកធ្វើការកែលំអរនៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធទទួលព័ត៌មាន និងដើម្បីឲ្យមានភាពច្បាស់លាស់ស្របតាមស្ដង់ដារអន្ដរជាតិ និងមានប្រសិទ្ធិភាពខ្ពស់។
លោក ហ៊ុយ សារ៉ាវុធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាននិយាយថា៖ «គោលបំណងនៃការបង្កើតគេហទំព័រ សិទ្ធិទទួលព័ត៌មាននេះឡើង គឺដើម្បីឲ្យប្រជាពលរដ្ឋទទួលបាននូវព័ត៌មាន និងចូលរួមផ្ដល់មតិយោបល់ ដើម្បីប្រមូលបានជាធាតុចូលរួមមួយ»។
លោកបន្ដថា «សំខាន់ប្រទេសប្រជាធិបតេយ្យ យើងត្រូវផ្ដល់ព័ត៌មានឲ្យដល់ប្រជាពលរដ្ឋយើងដឹង ក្នុងការតាមដានព័ត៌មាននៃការអភិវឌ្ឍន៍ប្រទេស ការសម្រេចរបស់រាជរដ្ឋាភិបាលធ្វើអ្វីមួយ និងការអនុវត្ដន៍របស់រដ្ឋាភិបាល»។
កាលពីខែ ឧសភា ឆ្នាំ ២០១៤ ក្រសួងព័ត៌មានបានសហការជាមួយ ស្ថានទូតប្រទេសស៊ុយអែត និងអង្គការយូណេស្កូប្រចាំកម្ពុជា បានចុះអនុសារណៈយោគយល់គ្នា រៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន នៃប្រទេសកម្ពុជា ឲ្យស្របតាមស្ដង់ដាអន្ដរជាតិ ក្នុងចក្ខុវិស័យ «ដំណើរឆ្ពោះទៅរកច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាននៅកម្ពុជា៖ ផ្សារភ្ជាប់រាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋក្នុងការចូលរួមបង្កើតច្បាប់»។
សិទ្ធទទួលព័ត៌មាន គឺជាឧបករណ៍ដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម តម្លាភាព អភិបាលកិច្ចល្អ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលស្របនិងលទ្ធិប្រជាធិប្បតេយ្យ ទាមទារឲ្យមានការចូលរួមពីគ្រប់ភាគី នៅក្នុងការធ្វើសេចក្ដីសម្រេច និងការវាយតម្លៃអនុវត្ដន៍របស់រាជរដ្ឋាភិបាល។
លោក ហ៊ុយ សារ៉ាវុធ បានថ្លែងឲ្យដឹងនៅក្នុងសន្និសីទថ្ងៃនេះដែរថា «ការផ្ដល់សម្លេងដល់ប្រជាពលរដ្ឋនេះ គឺជាការបើកឱកាសក្នុងការយល់ដឹងពីសេដ្ឋកិច្ច និងនយោបាយ ដើម្បីធានាថា មតិរបស់ពួកគាត់ត្រូវបានគេយកទៅពិចារណា និងអនុញ្ញាតឲ្យពួកគាត់មានសិទ្ធិអំណាចក្នុងការតាមដានគោលនយោបាយសាធារណៈ និងការអភិវឌ្ឍ»៕