ភ្នំពេញៈ កម្មវិធី​រៃអង្គាសប្រាក់​សប្បុរសធម៌​លើកដំបូង​ដើម្បី​គាំទ្រ​ដល់​អង្គការ​វិចិត្រករ​ខ្មែរ​ដើម្បី​កុមារ​របស់​ក្រុម​និស្សិត​នៃ​សាកល​វិទ្យាល័យ​ផ្នែក ទំនាក់​ទំនង​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ នឹង​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ចង់​បង្កើត​កម្មវិធី​បង្រួប​បង្រួមនិស្សិត និង​សាធារណ​ជន​តាមរយៈ​ការ​សម្ដែង​មួយ​ឈ្មោះ​ថា Cosplay នា​ថ្ងៃទី ៤ ខែ​សីហា ឆ្នាំ ២០១៨ ខាងមុខ។

បើតាម Lorena Banares ជា ជំនួយការ​ព្រឹទ្ធបុរស និង​ជា​សាស្ត្រាចារ្យ​នៅ​ផ្នែក​ទំនាក់ទំនង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​បាន​ឲ្យ​ដឹង​ពី​គោល​នៃ​ការ​រៀបចំ​កម្មវិធី​នេះ​ថា៖ «គោល​បំណង​នៃ កម្មវិធី​នេះ​គឺ​ដើម្បី​បង្រួប​បង្រួម​និស្សិត និង​សាធារណ​ជន​តាមរយៈ​ការ​សម្ដែង​មួយ​ឈ្មោះ​ថា COSPLAY CHARITY EVENT ដើម្បី​គាំទ្រ​ដល់​អង្គការ វិចិត្រករ​ខ្មែរ​ដើម្បី​កុមារ (The Khmer Artist for Children Organization) ដែល​បាន​ផ្តល់​ការ​ហ្វឹកហ្វឺន​ផ្នែក​សិល្បៈ​រូប​ភាព​ដល់​កុមារ​ដែល​ជា​ជន​រង​គ្រោះ​ដោយសារ​ការ​ជួញ​ដូរ​មនុស្ស និង​ការ​រំលោភ​បំពាន​លើ​កុមារ។ នេះ​ជា​លើក​ដំបូង​របស់​និស្សិត​ផ្នែក​ទំនាក់​ទំនង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សាកល​វិទ្យាល័យ បញ្ញាសាស្ត្រ​ទាំង​អស់​គ្នា»។

ជំនួយការ​ព្រឹទ្ធបុរស​រូបនេះ​បន្ត​ឲ្យ​ដឹង​ទៀតថា៖ «ការចូលរួម​ក្នុង​កម្មវិធី និស្សិត​ផ្នែក​ទំនាក់​ទំនង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់ របស់​យើង​តម្រូវ​ឲ្យ​ស្លៀក​ពាក់​ត្រាប់​តាម​តួអង្គ​នានា ដែល​ពួកគេ​ពេញ​ចិត្ត ដោយ​មាន​ដូចជា រឿង STAR WARS រឿង WALKING DEAD រឿង FROZEN រឿង​AVENGERS រឿង ANIME រឿង JUSTICE LEAGUE រឿង POKEMON និង​តួអង្គ​របស់ MR. BEAN ជាដើម ហើយ​យើង​ក៏​តម្រូវ​ឲ្យ​មាន​ការ​ទិញ​សំបុត្រ​ម្នាក់ ១ សន្លឹក​ដើម្បី​ចូលរួម​កម្មវិធី​នេះ​ទៀត​ផង ខណៈ​សំបុត្រ ១ សន្លឹក​តម្លៃ ១ ដុល្លារ»។

ឈុតប្លែកៗ​របស់​អ្នក​ចូល​រួម​កម្ម​វិធី Cosplay ធ្វើនៅ​ឯ​បរទេស​។ ហ្វេសប៊ុក​

ចំពោះ​កម្មវិធី​នេះ​នឹងត្រូវ​រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃទី ៤ សីហា ឆ្នាំ ២០១៨ មាន​ទីតាំង​ស្ថិត​នៅ​ឯ​បន្ទប់​សាល​របស់​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ ឬ Srey Dim Hall of PUC South Campus ចាប់​ផ្តើម​ពី​ម៉ោង ២ រសៀល ខណៈ​និស្សិត​ដែល​ចង់​ចូលរួម​អាច ធ្វើ​ទំនាក់​ទំនង​ជាវ​សំបុត្រ​បាន​តាម​គេហទំព័រ https://www.facebook.com/puc.fcma/ ឬ​អាច​ទាក់​ទង​តាម​លេខ​ទូរស័ព្ទ 076 3444 492/ 077 992- 234 ។

កម្មវិធី​នេះ​ទំនង​អាច​រៀបចំ​ជា​លក្ខណៈ​ប្រចាំឆ្នាំ បើតាម Lorena Banares បង្ហើប​ឲ្យ​ដឹង​ថា៖ «យើង​ក៏​សង្ឃឹម​ថា អាច​នឹង​មាន​ការ​រៀប​ចំ​បែប​នេះ​ជា​ប្រចាំ​ឆ្នាំ​ផង​ដែរ សម្រាប់​និស្សិត​យើង ប្រសិន​បើ​អាច​ទៅ​រួច​នោះ»៕