ភ្នំពេញៈ ក្រុមហ៊ុនកែច្នៃដែក អាយ អេស អាយ ស្ទៀល (ISI Steel) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ ISI GROUP នឹងផ្ដល់ឱកាសដល់និស្សិតដែលកំពុងសិក្សាជំនាញ ឬ ជិតបញ្ចប់ការសិក្សា អាចទទួលបានឱកាសការការងារ និងការហាត់ការ រួមមានប្រាក់ឧបត្ថម្ភ កន្លែងស្នាក់នៅ និងអាហារផងដែរ។
លោក កាំង ឡេង អគ្គនាយកក្រុមហ៊ុន ISI GROUP បានថ្លែងនៅក្នុង កម្មវិធីទស្សនៈកិច្ចសិក្សារបស់និស្សិតសាលាបច្ចេកទេសដុនបូស្កូចំនួន ៥០ នាក់នៅរោងចក្រកែច្នៃដែកនេះថា ខណៈក្រុមហ៊ុនលោកដែលកំពុងតែមានការរីកចម្រើនខ្លាំង ក្នុង១ឆ្នាំៗ លោកនឹងផ្ដល់ឱកាសការងារដល់និស្សិតយ៉ាងហោចណាស់ ១០០នាក់នៅភ្នំពេញឲ្យទទួលបានការងារធ្វើ។
អគ្គនាយកក្រុមហ៊ុនកែច្នៃដែក ដ៏ធំទី ១ នៅកម្ពុជា បានថ្លែងថា «ក្រៅពីផ្ដល់ការងារឲ្យនិស្សិតធ្វើ យើងក៏មានការបណ្ដុះបណ្ដាល និងផ្ដល់អាហារូបករណ៍ ដើម្បីទៅសិក្សាជំនាញបន្ដនៅក្រៅប្រទេសផងដែរ» ។
លោក កាំង ឡេង បានបន្ដថា «ចំពោះនិស្សិតកំពុងសិក្សា និងមានបំណងចង់ហាត់ការងារ យើងនឹងផ្ដល់ប្រាក់ឧបត្ថម្ភក្នុងមួយខែ ១៥០ ដុល្លារ កន្លែងស្នាក់នៅ និងអាហារពេលថ្ងៃត្រង់ជូនពួកគាត់ផងដែរ» ។

លោក គង់ គឹមនីន តំណាងគ្រូបច្ចេកទេសមកពីសាលាបច្ចេកទេសដុនបូស្កូភ្នំពេញបានឲ្យដឹងដែរថា ការផ្តល់ឱកាសដ៏សំខាន់ដល់សិស្សនិសិត្សដែលត្រៀមបញ្ចប់ការសិក្សាធ្វើការស្វែងយល់ដោយផ្ទាល់នូវស្ថានភាព និងបរិយាកាសការងារជាក់ស្តែងក្នុងក្រុមហ៊ុន បានផ្ដល់បទពិសោធន៏បន្ថែមលើចំណេះដឹង និងជំនាញរបស់ពួកគេបន្ថែមមួយកម្រិតទៀត ។
លោកបន្ដថា «សិស្សនិស្សិតក្រីក្របានសិក្សាស្វែងយល់ដោយផ្ទាល់លើវិស័យឧស្សាហកម្មដែកដោយទទួលបាននូវបទពិសោធន៍ការងារជាក់ស្តែងដែលជាគ្រឹះដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាព ដើម្បីត្រៀមខ្លួនទុកជាមុនសម្រាប់ការស្វែងរកការងារធ្វើក្រោយបញ្ចប់ការសិក្សា» ។
លោក គឹមនីន បានអះអាងថា ក្នុងចំណោមនិស្សិតជំនាញនៅសាលាបច្ចេកទេសដុនបូស្កូ ដែលបានបញ្ចប់ការសិក្សា ជាង ៩៥% ពួកគេទទួលបានការងារធ្វើយ៉ាងសមរម្យ និងមានមួយចំនួនអាចទៅបង្កើតអាជីវកម្មដោយខ្លួនឯងថែមទៀត ។
យុវនិស្សិត ឈួត ប៊ុនរ៉ុង និស្សិតក្រីក្រមកពីខេត្ដបាត់ដំបង និងកំពុងជិតបញ្ចប់ការសិក្សាលើជំនាញអគ្គីសនីនៅសាលាដុនបូស្កូភ្នំពេញ ដែលបានចុះធ្វើកម្មសិក្សានៅរោងចក្រកែឆ្នៃដែកនេះ បាននិយាយថា រូបគេពិតជាមានការភ្ញាក់ផ្អើលខ្លាំងដោយបានឃើញសង្វាក់ផលិតកម្មកែច្នៃដែកដោយផ្ទាល់បែបនេះ ហើយនេះក៏ជាលើកទីមួយសម្រាប់រូបគេដែលទទួលបានឱកាសជាច្រើននៃទស្សនៈកិច្ចសិក្សាមួយនេះ៕