ភ្នំពេញៈ ក្បួនរ៉ឺម៉កម៉ូតូដែលមានពណ៌ចម្រុះ ព្រឹត្តិការណ៍ជិះកង់ សន្និសីទស្តីពីឱកាសសិក្សានៅទ្វីបអឺរ៉ុប និងពិធីសម្អាតតាមដងផ្លូវដោយក្រុមអ្នកស្ម័គ្រចិត្ត ទាំងអស់នេះ គឺជាព្រឹត្តិការណ៍ដែលគ្រោងនឹងរៀបចំឡើងដោយប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងឆ្នាំ២០១៧នេះ ដើម្បីអបអរខួបលើកទី២០ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការសហភាពអឺរ៉ុប-កម្ពុជា។ នេះបើតាមការឲ្យដឹងពីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក George Edgar នៅក្នុងសន្និសីទសារព័ត៌មានមួយនាព្រឹក ថ្ងៃសុក្រនេះ។
លោក George Edgar បានថ្លែងនៅក្នុងសន្និសីទនេះថា «នៅឆ្នាំនេះ យើងអបអរដល់កិច្ចការជាច្រើន គឺមិនត្រឹមតែ ខួប២០ឆ្នាំ នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប-កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ ក៏អបអរដល់ខួបទី៤០ នៃទំនាក់ទំនងផ្លូវការរវាងសហភាពអឺរ៉ុប និងអាស៊ាន និងខួបទី ៣០ នៃកម្មវិធី Erasmus ដែលកម្មវិធីនេះបានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា ជាច្រើន តាមរយៈការទទួលបានឱកាសសិក្សានៅឯសកលវិទ្យាល័យល្អបំផុតមួយចំនួនរបស់អឺរ៉ុប»។
បើតាម លោក ឯកអគ្គរដ្ឋទូត ក្រៅពីយុទ្ធនាការរ៉ឺម៉កម៉ូតូ ដើម្បីផ្សព្វផ្សាយ ពីកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសហគមន៍អឺរ៉ុប និង កម្ពុជា សហភាពអឺរ៉ុប នឹងធ្វើកិច្ចពិភាក្សាតាមសកលវិទ្យាល័យនានា និងរៀបចំព្រឹត្តិការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានជាសាធារណៈ នៅថ្ងៃទី ១៧ ខែមិថុនា ដើម្បីអបអរ សប្ដាហ៍ការទូតអឺរ៉ុប ស្ដីពីបម្រែបម្រួលអាកាសធាតុ (European Climate Change Public Diplomacy Week) និង នៅពាក់កណ្ដាល ខែកក្កដា ប្រតិភូសហភាពអឺរ៉ុបនឹងរៀបចំព្រឹត្តិការណ៍អប់រំរយៈពេលកន្លះថ្ងៃ ដើម្បីអបអរដល់ខួបទី ៣០ នៃកម្មវិធី Erasmus ។
លោកបន្ថែមថា នៅខែតុលាខាងមុខ សហភាពអឺរ៉ុប តាមរយៈកិច្ចសហការជាមួយនឹងសាលារាជធានីភ្នំពេញ នឹងមានផែនការចូលរួមក្នុងព្រឹត្តិការណ៍សម្អាតដងផ្លូវក្នុងរាជធានីភ្នំពេញនៅមុនឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និង អកអំបុក ផងដែរ។
កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសហគមន៍អឺរ៉ុប និង កម្ពុជា ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ១៩៩៧ ដែលជាការចាប់ផ្ដើមទំព័រថ្មី នៅក្នុងទំនាក់ទំនងរវាងភាគីទាំងពីរ។
ចាប់តាំងពីទសវត្សរ៍ ឆ្នាំ ១៩៩០ មក សហភាពអឺរ៉ុបគឺជាដៃគូអភិវឌ្ឍន៍សំខាន់មួយនៅក្នុងប្រទេសកម្ពុជាដោយបានផ្ដល់មូលនិធិសម្រាប់គាំទ្រដល់គម្រោងផ្សេងៗ ក្នុងវិស័យជាច្រើន រាប់តាំងពីវិស័យអប់រំ និងវិស័យកសិកម្ម រហូតដល់ការគ្រប់គ្រងហិរញ្ញវត្ថុ និងជំនួយពាណិជ្ជកម្ម ដែលបានផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជារាប់លាននាក់។
លោកបន្ដថា «ខណៈដែលប្រទេសកម្ពុជាបានវិវត្តខ្លួនក្នុងរយៈកាល ២០ ឆ្នាំមកនេះ ប្រតិភូសហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា មានវត្តមាន និងបានដើរតួនាទីសកម្មក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច កំណែទម្រង់វិស័យអប់រំ និងការបោះឆ្នោត ការលើកកម្ពស់អភិបាលកិច្ច និងវិស័យកសិកម្ម ដែលទាំងនេះបានជួយលើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជនជាច្រើនទូទាំងប្រទេស»។
បច្ចុប្បន្ន សហភាពអឺរ៉ុប គឺជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់ទំនិញកម្ពុជា ដែលគិតជាទឹកប្រាក់មានចំនួន ៤,៥ ប៊ីលានអឺរ៉ូ ក្នុងឆ្នាំ ២០១៦ ហើយទំនាក់ទំនងពាណិជ្ជកម្មនេះបានបង្កើតការងារដល់មនុស្សរាប់ពាន់ រាប់ម៉ឺននាក់ ជាពិសេសការងារសម្រាប់ស្ត្រីកម្ពុជា និងប្រជាជនរស់នៅតាមទីជនបទ៕