សហរដ្ឋអាមេរិកៈ ជនជាតិអាមេរិកកាំង ដែលមានឪពុកម្តាយជាជនជាតិខ្មែរម្នាក់បានកំពុងតែធ្វើការក្នុងវិស័យអប់រំ នៅរដ្ឋ ភីឡាដេលផ្យា ជាមួយនឹងអ្នកជំនាញផ្សេងទៀតអស់រយៈពេល ៧ ឆ្នាំមកហើយ ដើម្បីបណ្តុះយុវសិស្សវ័យក្មេងជំនាន់ក្រោយដោយអត់បង់ប្រាក់នូវការសរសេរ និងក្រោកឈរឡើងប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ។

ការបង្រៀនខាងលើនេះ គឺធ្វើឡើងនៅមជ្ឈមណ្ឌលមួយឈ្មោះ Mighty Writers ដែលជាការផ្តល់សេវាអប់រំបន្ថែមនៅក្រៅម៉ោងសិក្សា ដោយគ្មានការបង់ប្រាក់ដល់សិស្សមានអាយុក្រោម ១៧ ឆ្នាំ។

លោក James Owk មានអាយុ ៣៦ ឆ្នាំ មានឪពុកមកពីកម្ពុជាក្រោម និងម្តាយជាអ្នកស្រុកមកពីខេត្ត បាត់ដំបង។ លោកមានបងប្អូន ៣ នាក់ ហើយមានតែលោកម្នាក់ប៉ុណ្ណោះ ដែលបានកើតលើទឹកដីអាមេរិក តែលោកនឹងមិនប្រកាន់អាកប្បកិរិយាដូចជាជនជាតិអាមេរិកនោះទេ។

លោកបានចាប់ផ្តើមធ្វើការនៅ Mighty Writers តាំងពីឆ្នាំ ២០១១ មកម៉្លេះ ក្រោយពីគាត់បានដឹងព័ត៌មានពីមណ្ឌលនេះ តាមរយៈគេហទំព័រស្វែងរកការងារមួយនៅតាម អ៊ីនធឺណិត។

លោក James បានយល់ឃើញថា ព័ត៌មានក្លែងក្លាយបង្កគ្រោះថ្នាក់ ដោយវាអាស្រ័យថាតើវាមានប្រភពមកពីណា ហើយនឹងការចែកចាយ។

លោកថា៖ «វានឹងតែងតែមានពាក្យចចាមអារាម។ ប៉ុន្តែពេលយើងដាក់វានៅបណ្តាញសង្គម… តាមរយៈប្រព័ន្ធដ៏ជាក់លាក់មួយនៃព័ត៌មាន នោះវាអាចគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ ពួកគេជឿវា។ ពួកគេមិនប្រឆាំងនឹងវាទេ ហើយពួកគេទទួលយកវាតែម្តង។ វាត្រូវបានចែកចាយ ហើយពិបាកនឹងបញ្ឈប់វាណាស់»។

លោកបន្ថែមថា វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្សារភ្ជាប់ក្រុមមនុសវ័យក្មេងទៅនឹងប្រធានបទសំខាន់ៗ ដែលមានការពាក់ព័ន្ធគ្នា ហើយវាក៏សំខាន់ក្នុងការស្តាប់នូវអ្វីដែលពួកគេគិត និងពីរបៀបដែលពួកគេជ្រើសរើស។ ការគិតរបស់ពួកគេអំពីពិភពលោកនេះគឺលេចចេញជារូបរាងឡើងតាមរយៈបទពិសោធន៍ដែលពួកគេបានឆ្លងកាត់ ឬ រៀនសូត្រ។

លោកបញ្ជាក់ថា៖ «ក្នុងនាមជាអ្នកអប់រំម្នាក់ ខ្ញុំគិតថា កាលណាពួកគេស្តាប់ខ្ញុំកាន់តែច្រើន នោះ ខ្ញុំត្រូវតែធ្វើដូចគេអញ្ជឹងដែរ ជាការតបស្នងទៅវិញ។ នេះគឺជាសារៈសំខាន់នៃការសិក្សា។ ក្នុងន័យព័តមានក្លែងក្លាយ ក៏ខ្ញុំប្រើប្រាស់វិធីដូចគ្នាអញ្ជឹងដែរ។ ចំណុចសំខាន់របស់ខ្ញុំគឺនឹងបង្កើតកេមរតក។ ប្រាប់រឿងទាំងឡាយ តែងតែចិត្តល្អ និងសំខាន់បំផុតនោះគឺបន្តដំណើរទៅមុខ»។

លោកថា ឪពុកម្តាយលោកមានមោទភាពចំពោះការងារលោក។

សិស្សម្នាក់ក្នុងចំណោមសិស្សជាច្រើននាក់ឈ្មោះ Reginald BrashbyIII រៀនថ្នាក់ទី ៩ នៃសាលារដ្ឋបានចូលរៀននៅមណ្ឌល Mighty Writers កាលពីជាង ៣ សប្តាហ៍មុន។

យុវសិស្សរូបនេះនិយាយថា នៅក្នុងអំឡុងពេលនេះគេបានរៀនចេះពីរបៀបក្លាយជាអ្នកសរសេរដ៏ពូកែ ហើយពីកម្មវិធីពាក់ព័ន្ធទៅនឹងព័ត៌មានក្លែងក្លាយវិញ វាធ្វើឲ្យពួកគេអាចដឹង និងអាចសម្រេចបែងចែករវាងព័ត៌មាន ពិត និងព័ត៌មានក្លែងក្លាយបាន។

យុវសិស្សរូបនេះបានថ្លែងថា៖ «ខ្ញុំទើបតែបានចាប់ផ្តើមចូលរៀននៅទីនេះ បានជាង ៣ សប្តាហ៍ប៉ុណ្ណោះ។ យ៉ាងហោចណាស់ក៏ខ្ញុំអាចដឹងថា ព័ត៌មានណាពិត និងព័ត៌មានណាក្លែងក្លាយបានដែរ។ ខ្ញុំគិតថាព័ត៌មានក្លែងក្លាយវាមិនល្អនោះទេ។ ខ្ញុំចូលចិត្តកម្មវិធីនេះណាស់ ព្រោះវាជួយដល់ការសិក្សា»។

លោក James អង្គុយ​ជាមួយ​សិស្ស​របស់​គាត់ អំឡុង​ធ្វើបទ​បង្ហាញ​ទៅ​កាន់​អ្នក​សារព័ត៌មាន​អំពី ព័ត៌មាន​ក្លែង​ក្លាយ។ រូបថត ផាក់ ស៊ាងលី

មណ្ឌលសិក្សាក្រៅម៉ោង Mighty Writers បានចាប់ផ្តើមបើកសាខាដំបូងកាលពីឆ្នាំ ២០០៩ ហើយរហូតមកដល់នឹងពេលនេះមាន ៧ សាខាហើយ។ ក្នុងមួយឆ្នាំៗ មានសិស្សប្រមាណជា ៣.០០០ នាក់ត្រូវបានទទួលចុះឈ្មោះឲ្យចូលរៀន។

លោកស្រី Rachel Loeper ដែលជានាយកផ្នែកអប់រំនៃមណ្ឌលនេះបានឲ្យដឹងថា ក្រៅពីបុគ្គលិក និងគ្រូ មណ្ឌលនេះមានអ្នកស្ម័គ្រចិត្តជាង ៤០០ នាក់ជួយធ្វើការ និងបង្រៀន។ ភាគច្រើននៃពួកគេ គឺជាសុទ្ធតែមានប្រវត្តិ ចំណេះដឹង ជំនាញផ្នែកសារព័ត៌មាន និងជាអ្នកកាសែតផងដែរ។ ពួកគេតែងតែនាំមកនូវគំនិត និងប្រធានបទថ្មីៗមកដាក់បញ្ជូលក្នុងកម្មវិធីសិក្សា ដែលជាការទាក់ទាញសិស្សឲ្យចង់រៀន។

សិស្សានុសិស្សម្នាក់មករៀននៅមណ្ឌលនោះ យ៉ាងហោចណាស់ពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍ ដែលរួមទាំងមានដំណើរទស្សនកិច្ចសិក្សាផងដែរ។

ក្រុមអ្នកសារព័ត៌មកពី ២៤ ប្រទេសដែលរួមមានទាំងកម្ពុជាផងនោះបានធ្វើការស្វែងយល់ពីមណ្ឌលសិក្សាក្រៅម៉ោងដែលឥតបង់ប្រាក់នេះ និងចូលរួមជជែកពិភាក្សាជាមួយវាគ្មិនដែលជាអ្នកកាសែតល្បីៗនៅមណ្ឌលនេះផងដែរ។

លោកស្រីថ្លែងប្រាប់ថា៖ «យើងមានប្រធានបទស្តីពីព័ត៌មានក្លែងក្លាយ ដែលនិយាយពីអ្វីដែលពិត និងអ្វីដែលមិនពិត។ នេះគឺជា អ្វីដែលអ្នកធ្វើការស្ម័គ្រចិត្តយើងចាប់អារម្មណ៍ ជាពិសេស អ្នកដែលមានប្រវត្តិជាអ្នកកាសែត។ ពួកគេបានមើលឃើញថា សារព័ត៌មានកំពុងតែត្រូវបានវាយប្រហារ [ដោយព័ត៌មានក្លែងក្លាយ] និងពិតជាចង់ក្រោកឈរឡើង និងចង់ឲ្យយុវជនជំនាន់ក្រោយយល់អំពីវា។ ការសិក្សានៅទីនេះ គឺមិនបង់ប្រាក់ ហើយមានគុណភាព ដែលពិបាករកណាស់»។

លោកស្រីបន្តថា ឪពុកម្តាយទាំងឡាយរវល់ធ្វើការ ហើយពួកគេពិបាកនឹងរកអ្នកមើលថែកូនពួកគេក្រោយចេញពីរៀនសាលារដ្ឋ។ ហេតុនេះ មណ្ឌលនេះទទួលបង្រៀនកូនពួកគេបន្តពីសាលារដ្ឋ ហើយពួកគេពេញចិត្តណាស់ តែយើងទទួលចុះឈ្មោះបង្រៀនតាមលទ្ធភាព។

មណ្ឌលនេះបានកំពុងតែទទួលការចាប់អារម្មណ៍ និងទទួលបានរង្វាន់ជាច្រើនផងដែរ។ មណ្ឌលនេះទទួលបានប្រាក់បរិច្ចាគប្រចាំឆ្នាំប្រមាណជា ១ លានដុល្លារកន្លះមកពីវិស័យឯកជន ហើយការប្រឈមខ្លាំងបំផុតរបស់មណ្ឌលនេះ គឺពិបាករកថវិកា៕