ក្រុងប៉េកាំងៈ ជន​កំណែទម្រង់​លោក Yi Gang ដែល​បាន​សិក្សា​នៅ​សហរដ្ឋ​អាមេរិក និង​ជា​អនុប្រធាន​ធនាគារ​កណ្តាល​ចិន​កាលពី​ថ្ងៃ​ចន្ទ​ត្រូវ​បាន​តែងតាំង​ឲ្យ​គ្រប់គ្រង​ធនាគារ​កណ្តាល​ចិន​។

លោក Yi ដែល​បាន​សិក្សា​នៅ​សាកលវិទ្យាល័យ Indiana University មុន​ពេល​ត្រឡប់​មក​សិក្សា​នៅ​ប្រទេស​ចិន​វិញ​នោះ គឺជា​បេក្ខភាព​តែ​ម្នាក់​គត់​សម្រាប់​មុខតំណែង​ទេសាភិបាល​នេះ មុន​ការបោះឆ្នោត​ពី​សភា​របស់​ប្រជាជន​ចិន​ដែល​គ្មាន​អំណាច​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​។

មន្ត្រី​ដែល​បាន​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​មួយ​រូប​ទៀត និង​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនភីង គឺ​លោក Liu He ត្រូវ​បាន​តែងតាំង​ក្នុង​តំណែង​ជា​ឧបនាយក​រដ្ឋមន្ត្រី​។ បុរស​ទាំង​ ២ ​នេះ​និយាយ​ភាសា​អង់គ្លេស​បាន​ស្ទាត់​ជំនាញ និង​បាន​ជំរុញ​ឲ្យ​មាន​កំណែទម្រង់​សេដ្ឋកិច្ច​។

នៅ​ពេល​បម្រើការ​នៅ​ធនាគារ​កណ្តាល​ចិន លោក Yi បាន​អំពាវនាវ​ឲ្យ​មាន​អន្តរ​ជា​តូបនីយកម្ម​រូបិយប័ណ្ណ​របស់​ប្រទេស​ចិន​ជា​បន្ត និង​លទ្ធភាព​ចូល​ទីផ្សារ​កាន់តែ​ប្រសើរ​សម្រាប់​ក្រុម​វិនិយោគិន​បរទេស​។

នៅ​សន្និសីទ​សារព័ត៌មាន​នាពេល​ថ្មីៗ​នេះ​ក្នុង​កិច្ចប្រជុំសភា​ប្រចាំ​ឆ្នាំ​លោក Yi ថ្លែង​ថា ធនាគារកណ្តាល​ចិន​នឹង​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់​ដែល​នឹង​នាំ​មក​នូវ «​ការយក​ចិត្ត​ទុកដាក់​ស្មើភាព​គ្នា​ចំពោះ​វិនិយោគិន​ក្នុង​ស្រុក និង​បរទេស​»​។

ការផ្លាស់ប្តូរ​ដ៏សំខាន់​នៃ​ការិយាល័យ​រដ្ឋបាល​របស់​ចិន​ដែល​បាន​ប្រកាស​កាលពី​សប្តាហ៍​មុន​នេះ​នឹង​ផ្តល់​អំណាច​កាន់តែ​ខ្លាំង​ដល់​ធនាគារ​កណ្តាល​ចិន ដើម្បី​ជម្នះ​កំណែទម្រង់​បែប​នេះ​។

ធនាគារ​កណ្តាល​ចិន​ត្រូវ​បាន​ប្រគល់​តួនាទី​ឲ្យ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់ និង​បទប្បញ្ញតិ្ត​ថ្មី​សម្រាប់​វិស័យ​ធនាគារ និង​ធានារ៉ាប់រង​ដោយ​បាន​ផ្តល់​លទ្ធភាព​ឲ្យ​ធនាគារ​កណ្តាល​មួយ​នេះ​នូវ​សមត្ថកិច្ច​ថ្មី ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ចិន​។

អ្នក​កំណែទម្រង់​សេដ្ឋកិច្ច​រូប​នេះ​បាន​សិក្សា​នៅ​សហរដ្ឋអាមេរិក និង​ទទួល​បាន​មុខតំណែង​អចិន្រៃ្តយ៍​មួយ​នៅ​សាកលវិទ្យាល័យ Indiana University មុន​ពេល​ត្រឡប់​មក​ប្រទេស​ចិន​វិញ ដើម្បី​កាន់​តំណែង​មួយ​នៅ​សាកលវិទ្យាល័យ Peking University​។

ចាប់ពី​កាន់​មុខ​តំណែង​នោះ​មក​លោក​បាន​ផ្លាស់​មក​បម្រើការ​នៅ​ធនាគារ​កណ្តាល​ចិន ហើយ​បាន​ឡើង​តំណែង​ជា​បន្តបន្ទាប់​ក្រោម​ការដឹកនាំ​របស់​លោក Zhou Xiaochuan ដែល​ដឹកនាំ​ធនាគារ​កណ្តាល​ចិន​ជាង​មួយ​ទសវត្សរ៍​មក​ហើយ​នោះ ដោយ​បាន​ផ្តល់​ស្ថិរភាព​ដល់​គោលនយោបាយ​រូបិយវត្ថុ​របស់​ចិន​៕ BP