The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជិន អយុធ្យា យុវតី​កម្ពុជា​មាន​ពហុទេពកោសល្យ​ផ្នែក​សិល្បៈ​បុរាណ

ជិន អយុធ្យា យុវតី​កម្ពុជា​មាន​ពហុទេពកោសល្យ​ផ្នែក​សិល្បៈ​បុរាណ

Content image - Phnom Penh Post
កញ្ញា ជិន អយុធ្យា អាយុ​ ១៩ ​ឆ្នាំ​មាន​ក្ដីស្រមៃ​តាំងពី​តូច​ក្នុង​ការរៀន​ធ្វើ​ខ្មុក​។ ស្រេង ម៉េងស្រ៊ុន

ជិន អយុធ្យា យុវតី​កម្ពុជា​មាន​ពហុទេពកោសល្យ​ផ្នែក​សិល្បៈ​បុរាណ

ភ្នំពេញៈ ចម្រើន​វ័យ​ក្នុង​សម័យ​បច្ចេកវិទ្យា​ទំនើប តែ​យុវតី ជិន អយុធ្យា ដែល​កំពុង​តែ​ទទួល​បាន​ការគាំទ្រ​ខ្លាំង​តាម​បណ្ដាញ​សង្គម ដោយសារ​តែ​ទេពកោសល្យ​សរសេរ​អក្សរ​ខ្មែរ​មាន​លក្ខណៈ​ស្អាត​ផ្ចិតផ្ចង់​បី​ដូចជា​សំណេរ​ចាស់​ព្រឹទ្ធាចារ្យ ឬ​ចំណារ​គម្ពីរ​ក្បួនខ្នាត​លើ​សាស្ត្រា​ស្លឹករឹត​ក៏​មាន​ដុង​ឧបនិស្ស័យ​ខាង​សិល្បៈ​បុរាណ​ជាច្រើន​ទៀត​ផង​ដែរ ដូចជា​ជំនាញ​ក្នុង​ការគូរគំនូរ ការធ្វើ​ខ្មុកស្មាច់ ការ​ឆ្លាក់​រូប​ក្បាច់​លើ​ផ្ទាំង​ឈើ និង​ការសម្តែង​អាយ៉ៃ​រឿង​ជាដើម​។

ជា​និស្សិត​ឆ្នាំ​ទី​ ១ សិក្សា​ផ្នែក​គំនូរ​រចនា​នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ យុវតី​សម្បុរ​ស្រអែម​ស្រស់ ជិន អយុធ្យា ធ្លាប់​ស្ម័គ្រចិត្ត​គូរគំនូរ​ដំណើរ​រឿង ព្រះសម្មាសម្ពុទ្ធ​ចំនួន ៣ ផ្ទាំង​លើ​ជញ្ជាំង​សាលាឆាន់​មួយ​នៅ​ខេត្ត​កំពង់ស្ពឺ ដោយ​ប្រើ​រយៈពេល​ ៣ ​ខែ​។

អយុធ្យា បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍ ទាំង​ញញឹម​ថា​៖ «​ការគូរ​រូប​នេះ​មិន​ទទួល​បាន​ប្រាក់កម្រៃ​អី​ទេ គឺជា​ការធ្វើ​បុណ្យ តែ​ត្រូវ​ឃ្លាតឆ្ងាយ​ពី​ផ្ទះ​ពេល​ខ្លះ​ក៏​មាន​អារម្មណ៍​ថា​ឯកា គូររូប​ម្នាក់​ឯង​ម៉ង់ៗ​ពី​ម៉ោង ៧ (​ព្រឹក​) ដល់​ម៉ោង​ ៥ (​រសៀល​) បាន​ទៅ​ផ្ទះ​»​។

ក្រៅពី​ស្នាដៃ​គំនូរ​បុរាណ យុវតី​ដែល​ជា​កូន​ទី​ ៤ ក្នុង​ចំណោម​គ្រួសារ​ដែល​មាន​កូន​ ៥ ​នាក់​រូប​នេះ​ក៏​បាន​រៀន​ជំនាញ​ខ្មុកស្មាច់​រយៈពេល ១ ឆ្នាំ និង​ធ្លាប់​បាន​តំណាង​ឲ្យ​ខេត្ត​កំពង់ធំ​ចូលរួម​ប្រកួត​ធ្វើ​ខ្មុកស្មាច់​មុខ​ហនុមាន​ផង​ដែរ​។

Content image - Phnom Penh Post
កញ្ញា​ចេះ​គូរគំនូរ​បុរាណ និង​សរសេរ​អក្សរ​ផ្ចង់​។ រូបថត ហ្វេសប៊ុក

ថ្លែង​ពី​ជោគជ័យ​ពី​ការប្រកួត​ដែល​អ្នក​ចូលរួម​ចំនួន ៣១ នាក់​មកពី​បណ្តា​រាជធានី​ខេត្ត​នានា អយុធ្យា បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​សប្បាយចិត្ត​ណាស់ ព្រោះ​ទទួល​បាន​បណ្ណ​សរសើរ បើ​ទោះ​មិន​បាន​ជាប់​លេខ ១ ដល់​លេខ ៣ ក៏ដោយ ព្រោះ​មិន​នឹក​ស្មាន​ថា​ខ្លួន​អាច​ធ្វើ​បាន​»​។

ទន្ទឹម​នឹង​ជំនាញ​គំនូរ​បុរាណ និង​ធ្វើ​ខ្មុកស្មាច់ យុវតី​រូប​នេះ​ក៏​ឆ្លៀត​ទៅ​សុំ​សិស្ស​ច្បង​រៀន​ឆ្លាក់​រូប​ក្បាច់​នៅ​លើ​ផ្ទាំង​ឈើ​ផង​ដែរ តែ​នាង​មិន​ប្រាថ្នា​អាជីព​នេះ​ទេ ដោយសារ​តែ​កិច្ចការ​ឆ្លាក់​លើ​ឈើ​អាច​ធ្វើឲ្យ​ដៃ​ញ័រ​ពិបាក​គូររូប​។

បន្ថែម​ពី​លើ​ចំណេះដឹង​ដែល​បាន​ក្រេបជញ្ជក់​ពី​សាលារៀន កញ្ញា ជិន អយុធ្យា សព្វថ្ងៃ​ក៏​ជា​គ្រូបង្រៀន​ភាសា​ខ្មែរ​ក្រៅ​ម៉ោង​ព្រម​ទាំង​ជា​តួសម្ដែង​ក្នុង​រឿង​អាយ៉ៃ​ដែល​និពន្ធ និង​ដឹកនាំ​ដោយ​ឪពុក​នាង​ឈ្មោះ ជិន អេង ផង​ដែរ​។

ក្នុង​ចំណោម​ទេពកោសល្យ​សិល្បៈ​បុរាណ​មរតក​ដូនតា​ជាច្រើន​មុខ​នោះ យុវតី​វ័យ ១៩ ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ពី​ក្ដីសុបិន​របស់​នាង​ថា​៖ «​ពេល​ចូល​រៀន​នៅ​សាលា​មធ្យម​វិចិត្រសិល្បៈ ខ្ញុំ​បាន​ស្គាល់​សិល្បៈ​បុរាណ​ច្រើន​មែនទែន ជាពិសេស​សិល្បៈ​ដែល​ខ្ញុំ​ស្រឡាញ់​ខាង​ខ្មុកស្មាច់​ហ្នឹង​ហ្មង ព្រោះ​អី​ជា​ក្តីស្រមៃ​ខ្ញុំ​តាំងពី​តូច​»៕

អត្ថបទគួរចាប់អារម្មណ៍