ឆ្លងកាត់ការសិក្សាស្រាវជ្រាវពីអង្គការ និងស្ថាប័នពាក់ព័ន្ធនានា បានឲ្យដឹងថា គ្រោះថា្នក់ចរាចរណ៍កំពុងក្លាយជាឃាតករលាក់មុខដ៏កាចសាហាវបំផុតនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ហើយបើតាមការឲ្យដឹងពីគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ ២០១៤ មានជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ជាមធ្យមភាគ ស្លាប់ច្រើនជាង ៦នាក់ និងរបួសធ្ងន់ ១៧ នាក់ ក្នុងមួយថ្ងៃ។
ខណៈដែលច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនឹងត្រូវចុះអនុវត្ដន៍នាដើមឆ្នាំ ២០១៦ ខាងមុខនេះ តើបងប្អូនគួរជ្រើសរើសមួកសុវត្ថិភាពប្រទេសណា ដែលមានស្ដង់ដា និងធានាសុវត្ថិភាពក្នុងការបើកបររបស់លោកអ្នក។
បើតាមការបង្ហាញពីលោក ស៊ីម សុផល តំណាងអង្គការមូលនិធិបង្ការបួសអាស៊ីប្រចាំកម្ពុជា (AIP) បានឲ្យដឹងថា យើងគួរជ្រើសរើសយក មួកសុវត្ថិភាពដូចលក្ខណៈខាងក្រោមនេះ៖
• ទំហំសមល្មមនឹងទំហំក្បាល។
• ខ្សែគន្លឹះកិបត្រង់ចង្ការជាប់មាំល្អ។
• កញ្ចក់ភ្លឺច្បាស់ល្អ។
• ព័ណ៌ចាំងស្រាល រឺបិទចំណាំងផ្លាតពន្លឺ។
• មានបិទស្លាកសញ្ញាច្បាស់លាស់បង្ហាញពីគុណភាពរបស់ ប្រទេសនីមួយៗ។
• សញ្ញាស្តង់ដាមួកសុវត្ថិភាព
• ឧទាហរណ៍នៃស្តង់ដាមួកសុវត្ថិភាពក្នុងប្រទេសមួយចំនួនលើពិភពលោក
ប្រទេស | សញ្ញាស្ដង់ដារ |
---|---|
កម្ពុជា | CS105:2010 |
វៀតណាម | QCVN2: 2008 |
ថៃឡងដ៍ | TIS 369-2539 |
ម៉ាឡេស៊ី | MS-1:1996 |
ឥណ្ឌូនេស៊ី | SNI 1811-2007 |
អត្ថប្រយោជន៍នៃការពាក់មួកសុវត្ថិភាព៖
• កាត់បន្ថយការស្លាប់ និងរបួសក្បាលធ្ងន់ធ្ងរ
• ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក
• កាត់បន្ថយការចាយវាយថែទាំសុខភាព
• ធ្វើជាគំរូបីល្អគឺ កូនល្អ មិត្តល្អ និងសិស្សល្អ
• កាពារកម្តៅថ្ងៃ ភ្លៀង ធូលីដី និងកម្ទេចថ្មខ្ទាត...... ។
បើតាមការបង្ហាញពីលោក ឈួន វ៉ន់ អគ្គលេខាធិការរងអចិន្រ្ដៃយ៍នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចណ៍ផ្លូវគោកបានឲ្យដឹងថា ក្នុងមួយឆ្នាំមនុស្សប្រមាណ ១.២៥ លាននាក់ បានស្លាប់ ហើយរបួសប្រមាណ ៥០ លាននាក់។ ក្នុងនោះ ក្រុមប្រឈមគ្រោះថ្នាក់មានអាយុចន្លោះ ១៥-២៩ឆ្នាំ។ ៥០% នៃអ្នកស្លាប់គឺអ្នកជិះម៉ូតូ អ្នកថ្មើរជើង និង អ្នកជិះកង់ ខណៈប្រមាណ ៩០ % នៃការស្លាប់កើតនៅប្រទេស ដែលមានចំណូលទាប និងមធ្យម៕