The Phnom Penh Post Search

Search form

ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ក៏​ជា​ថ្ងៃ​សប្បាយ​រក​ប្រាក់​ដែរ

Content image - Phnom Penh Post
កន្លែង​លក់​ផ្កា និងវត្ថុអនុស្សារីយ៍​ថ្ងៃ ១៤ កុម្ភៈ របស់​កញ្ញា បិន មុយជាង លើ​ផ្លូវម៉ៅសេទុង។ ហេង ជីវ័ន

ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់ ក៏​ជា​ថ្ងៃ​សប្បាយ​រក​ប្រាក់​ដែរ

ភ្នំពេញៈ បន្ទាប់​ពី​ទទួល​ទាន​អាហារពេល​ព្រឹក កញ្ញា ប៊ិន មុយជាង វ័យ​ ២៤ ឆ្នាំ បាន​ដំឡើង​ឆត្រ​ស្តង់ និង​តុ​បត់​មួយ​នៅ​មុខ​ផ្ទះ​របស់​នាង​ដែល​ស្ថិត​នៅ​លើ​មហាវិថី​ម៉ៅសេទុង។ ជា​ទូទៅ នៅថ្ងៃ​ធម្មតា មុយជាង ​ជួយ​ការងារ​នៅ​ហាង​លក់​ឥដ្ឋការ៉ូ​របស់​គ្រួសារ​នាង ក៏​ប៉ុន្តែ​នៅ​សប្តាហ៍​នេះ នាង​នឹង​ឆ្លៀត​ឱកាស​រក​ចំណូល​បន្ថែម​ទៀត។

មុយជាង ​បាន​យក​បាច់​ផ្កា ដែល​មាន​ទាំង​ផ្កា​ស្រស់​និង​ផ្កា​ក្រដាស ​ពី​ក្នុង​ផ្ទះ​មក​ដាក់​លើតុ ដែល​នាង​បាន​ចំណាយ​ពេលជិត​មួយ​ខែ​ដើម្បី​ធ្វើ តាម​រូបភាព​ណែនាំ​ក្នុង​ទស្សនាវដ្តី​សិល្បៈ​តុបតែង​ផ្កា ជាមួយ​នឹង​វត្ថុ​អនុស្សាយរីយ៍​ជា​ច្រើន​ទៀត​ដូចជា សូកូឡា និង​តុក្កាតា​ខ្លាឃ្មុំ។

ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​ទី ៧ ដែល​នាង​លក់​របស់​ទាំង​នេះ​នៅ​ក្នុង​អំឡុង​សប្តាហ៍​ថ្ងៃ ១៤ កុម្ភៈ ឬ ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់ (Valentines Day)។

កញ្ញា​កូនខ្មែរ​កាត់​ចិន​នេះ​និយាយ​ថា៖ «ថ្ងៃ ១៤ កុម្ភៈ​គឺ​ជា​ថ្ងៃបុណ្យ​នៃ​សេចក្តី​ស្រឡាញ់​សម្រាប់​អ្នកជា​ច្រើន ក៏ប៉ុន្តែ​សម្រាប់​ខ្ញុំ វា​គឺ​ជា​ថ្ងៃ​រក​លុយ»។

មុយជាង​បន្ថែម​ថា កាល​ពី​ឆ្នាំ​មុនៗ កញ្ញា​ធ្លាប់​បាន​ចំណាយ​ទុន​រហូត​ដល់​ជាង ១ ពាន់​ដុល្លារ ក៏ប៉ុន្តែ​នៅ​តែ​បាន​ចំណេញ​ពី ២០ ទៅ ៣០​ភាគរយ ទោះ​បី​ជា​មាន​លក់​សល់​ក្តី។

មុយជាង គឺ​ជា​ម្នាក់​ក្នុង​ចំណោម​អាជីវករ​ជា​ច្រើន​ទៀត​ដែល លក់​ផ្កា​កុលាប បាច់​ផ្កា និង​វត្ថុអនុស្សារីយ៍​សម្រាប់​ទិវា​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​ ដែល​ជា​បុណ្យ​បែប​បច្ចឹម​ប្រទេស​មួយ ដែល​មាន​ការ​ពេញ​និយមជា​ខ្លាំង​នៅ​ប្រទេស​កម្ពុជា បើទោះ​បីជា​មាន​ការ​ព្រមាន​ជា​រៀងរាល់​ឆ្នាំ​ពី​សំណាក់​រដ្ឋាភិបាល​ថា មិន​មែន​ជា «តម្លៃ​ខ្មែរ​»ក៏​ដោយ​ក្តី។

កំពុង​អង្គុយ​នៅ​មុខ​តុ​មួយ ដែល​ពោរពេញ​ដោយ​ទង​ផ្កា​កុលាប នៅ​ជិត​ផ្សារ​ធំថ្មី លោក ហេង រឹម បាន​និយាយ​ថា បុណ្យ​នៃ​ក្តី​ស្រឡាញ់​បាន​ផ្តល់​មក​ឲ្យ​គាត់​នូវ​ឱកាស​រក​ចំណូល​បន្ថែម។ បុរសវ័យ ២៩ ឆ្នាំ រូបនះ​មាន​របរជា​អ្នក​រត់​ម៉ូតូឌុប​នៅ​ថ្ងៃ​ធម្មតារ​ក៏​ប៉ុន្តែ​នៅ​សប្តាហ៍​នេះ លោក​និង​ភរិយា​របស់​លោក​បាន​ទិញ​ផ្កា​បោះដុំ​ពី​អ្នក​លក់​ដែល​យក​ផ្កា​មក​ពី​ប្រទេស​វៀតណាម ដើម្បី​យក​មក​លក់​បន្ត។

លោក រឹម និយាយ​ថា៖ «មាន​អ្នក​មក​ទិញ​ច្រើន ហើយ​យើង​មិន​បាច់​ខ្លាច​ខាត​ទេ តែ​យើង​ត្រូវ​ប្រើ់​ពេល​យ៉ាង​តិច​មួយ​អាទិត្យ​ដើម្បី​រៀប​ចំ​លក់»។

អាជីវករ​ភេទ​ប្រុស​ម្នាក់​ទៀត ដែល​លក់​នៅ​លើ​ផ្លូវ ២៨៦ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​ថា ប្រសិន​ចង់​លក់​ដាច់ អ្នក​លក់​ត្រូវ​តែ​មាន​សម្រស់​ទាក់ទាញ។

គាត់​និយាយ​ទាំងសើច​ថា៖ «ប្រុសចាស់​ដូច​ខ្ញុំ​អញ្ចឹង​ អ្នកណា​មកទិញ? អ្នក​ដែល​មក​ទិញ​ផ្កា​ភាគ​ច្រើន​គឺជា​មនុស្ស​ប្រុស ហើយ​ទិញ​តែ​ពី​ស្រី​ស្អាតៗ ក្មេងៗ ទេ។ ខ្ញុំ​បាន​ជួល​ក្មេងស្រី​ពីរនាក់​មក​លក់ ឲ្យ​មួយ​ថ្ងៃ ៥០ ដុល្លារ តែ​ខ្ញុំ​នៅ​តែ​ចំណេញ»។

តាម​ការ​ឲ្យដឹង​របស់​ក្រុម​អ្នក​លក់ អតិថិជន​ភាគ​ច្រើន​គឺ​ជា ក្រុម​បុរស​ជា​អ្នក​ធ្វើ​ការ ដែល​មក​ទិញ​កាដូ​ឲ្យ​សង្សារ ឬ​ប្រពន្ធ​របស់​ពួក​គេ ហើយ​មិន​សូវ​មាន​អ្នក​ទិញ​ជា​សិស្ស​សាលា​នោះ​ទេ ហើយ​បើ​មានគឺ​មក​ទិញ​យក​ទៅ​ជូន​ឪពុកម្តាយ ឬ​លោក​គ្រូ​អ្នក​គ្រូ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​ក្រុម​មនុស្ស​ចាស់នៅ​តែ មាន​សេចក្តី​បារម្ភ​ចំបោះឥទ្ធិពល​នៃ​បុណ្យ​បរទេស​នេះ​មក​លើ​យុវជន​កម្ពុជា។

កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក្រសួងអប់រំ​បាន​ចេញ​សេចក្តី​ណែនាំ​ម្តង​ទៀត​ដូច​ដែល​បាន​អនុវត្ត​ជារៀងរាល់​ឆ្នាំ​ដែល​មាន​សេចក្តី​ថា ក្រុម​យុវជន​ប្រឈម​នឹង​ការ​បាត់បង «កិត្តិយស​និង​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួនឯង និង​ក្រុមគ្រួសារ» ប្រសិនជា​ពួក​គេ​ប្រើ​ប្រាស់​ពិធី​បុណ្យ​នេះ​ជា «បុណ្យ​សង្សារ» និង​ជា​ឱកាស​នៃ​ការ​រួម​ភេទ «ដែល​ប្រាស់​ចាក​ពី​វប្បធម៌​និង​ប្រពៃណី​ដ៏​ផូរផង់​របស់​ជាតិ»។

កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​ដែរ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ក៏​បាន​ចូល​រួម​ក្នុង​ការ​ណែនាំ​នេះ​ដែរ ដោយ​បាន​សរសេរ​លើ​ទំព័រ​ហ្វេសបុក​របស់​លោក​ថា បុណ្យ​នៃ​ក្តី​ស្រឡាញ់​នេះ មាន​ន័យ​«ផ្តល់​ជូន​ឪពុក​ម្តាយ ជីដូន ជីតា អុំ ពូមីង បងប្អូន ក្រុម​គ្រួសារ ប្តី​ប្រពន្ឋ មិត្តភ័ក្តិ និង​ប្រទេស​ជាតិ​យើង​ឲ្យ​បាន​ច្រើន​បំផុត»។

លោក​សរសេរ​ទៀត​ថា៖«សុំ​កូន​ក្មួយ​កុំ​ងាយ​ប្រគល់​ខ្លួន​ឲ្យ​បុរស​ណា​ទាំង​អស់ ក្នុង​ថ្ងៃ​នេះ​ចៀសវាង​វិប្បដិសារី​អស់​មួយជីវិត»។

សូមរំលឹក​ផង​ដែរ​ថា ចាប់​តាំង​ពី​ឆ្នាំ ២០១៥ មក រដ្ឋាភិបាល​កម្ពុជា​បាន​ហាមយុវជន​ជា​អនីតិជន​ចូល​ស្នាក់​នៅ​ផ្ទះ​សំណាក់​ប្រសិនជា​មិន​មាន​ការ​យល់​ព្រម​ពី​អាណាព្យាបាល។

ជាមួយ​គ្នា​នេះ​ដែរ លោក កុយ សេដា ជា​នាយក​វិទ្យាល័យ​ទួល​ទំពូង​បាន​ឲ្យ​ដឹង​ថា លោក​បាន​ចាត់​វិធានការ​យ៉ាង​ម៉តចត់​ក្នុង​ការ​ទប់​ស្កាត់​ឥទ្ធិពល​នៃ​ថ្ងៃ ១៤ កុម្ភៈ ដែល​ក្នុង​នោះ​រួម​មាន​ការ​ប្រាប់​សមត្ថកិច្ច​ឲ្យ​ហាម​មិន​ឲ្យ​លក់​ផ្កា​នៅ​ជាប់​សាលា​របស់​លោក​ផង​ដែរ។

លោក​បន្ថែម​ថា៖ «​នៅ​ពេល​ថ្ងៃ​នោះ​ខិតចូល​មក​ដល់ ខ្ញុំ​តែង​តែ​ពន្យល់​ប្រដៅ​កូនសិស្ស​នៅ​ពេល​គោរពទង់ជាតិ។ ក៏ប៉ុន្តែ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​នៅ​ពេល​ដែល​ឃើញ​កូនសិស្ស​ទិញ​អំណោយ​ជូន​គ្រូ​នៅ​ថ្ងៃ​នេះ ដើម្បី​បង្ហាញ​ពី​ការ​ស្រឡាញ់ និង​ដឹង​គុណ​លោក ដែល​ជា​តម្លៃ​ខ្មែរ​ពិតៗ»។

ជាមួយ​គ្នា​នេះ​វិញ យុវជន​ខៀវ ឧត្តម ជា​បុគ្គលិក​ផ្នែក​រចនា​ក្រាហ្វិក​ម្នាក់ ដែល​កំពុង​តែ​ទិញ​តុក្កាតា​ធំ​មួយ​ឲ្យ​សង្សារ​របស់​ខ្លួន​កាល​ពី​ម្សិល​មិញ​បាន​លើក​ឡើង មិន​គួរ​ណា​សង្កត់​ធ្ងន់​លើ​ថ្ងៃ​ ១៤ កុម្ភៈ ជា​មូលហេតុ​ជំរុញ​ឲ្យ​យុវជន​រួមភេទ​ខ្លាំង​ពេក​ទេ។

រូបគេ​និយាយថា៖ «គេ​ចង់​ធ្វើវា​ពេលណាក៏​បាន​ដែរ។ ខ្ញុំ​យល់ថា គ្មាន​អ្វី​ខុស​នោះទេ ដែល​គ្រាន់​តែ​ទិញ​កាដូ​ឲ្យ​គូស្នេហ៍៍​នៅ​ថ្ងៃ​ ១៤ កុម្ភៈ ដើម្បី​បង្ហាញ​ពី​ក្តី​ស្រឡាញ់​របស់​យើង​នោះ»៕

អត្ថបទគួរចាប់អារម្មណ៍