ភ្នំពេញៈ ថ្ងៃ ១៥កើត ខែពិសាខ គឺជាថ្ងៃដ៏វិសេសវិសាលបំផុតមួយនៅក្នុងពុទ្ធសាសនា ដើម្បីប្រារព្ធរំលឹកដល់ព្រឹត្ដិការណ៍សំខាន់ៗចំនួន ៣ នៃព្រះពុទ្ធអង្គ គឺថ្ងៃប្រសូត ត្រាស់ដឹង និងចូលបរិនិព្វាន ហើយថ្ងៃនេះ ត្រូវបានគេហៅថា «ថ្ងៃពិសាខ ឬវិសាខបូជា» ដែលមានពុទ្ធសាសនិកទូទាំងសកលោកបានបា្ររព្ធ។
តើ ថ្ងៃពិសាខបូជា យុវជន និងពុទ្ធសាសនិក នៅកម្ពុជា អាចចូលរួមធ្វើពិធីបុណ្យអ្វីខ្លះ ដើម្បីរំលឹកដល់ព្រះពុទ្ធសាសនា?
លោក វង្ស ភារៈ ឧទ្ទេសាចារ្យ នាយកដ្ឋានស្រាវជ្រាវនៃក្រសួងធម្មការ និងសាសនានឹងជាព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យព្រះសីហនុរាជ បានប្រាប់ LIFT-យុវវ័យ ថា ក្នុងនាមជាពុទ្ធសាសនិក យុវជន ជាអ្នកបន្ដវេន គប្បីនាំគ្នាទៅចូលរួមប្រារព្ធពិធីពិសាខបូជានៅវត្ដឲ្យបានគ្រប់គ្នានាល្ងាចថ្ងៃ ១៥កើត ត្រូវនឹងថ្ងៃ ពុធ ទី១០ នេះ ហើយមិនត្រូវគិតថាខ្លួននៅក្មេងមិនចេះសូត្រធម៌ មិនចង់ទៅធ្វើបុណ្យនៅវត្ដនោះទេ។
លោក ភារៈ បានថ្លែងថា៖ «ទោះយើងជាយុវជន មិនចេះសូត្រធម៌ក៏យើងអាចទៅវត្ដធ្វើបុណ្យបានជាច្រើនពិសេសថ្ងៃពិសាខបូជានេះ។ យើងអាចចូលរួមស្តាប់ព្រះសង្ឃសម្ដែងព្រះធម៌ទេសនា ជួយកិច្ចការយាយជីតាជីនៅក្នុងវត្ដ សម្អាតវត្ដ ចងបដារពាក្យស្លោក រហូតដល់វេលាពេលព្រឹក យើងអាចរាប់បាត្រព្រះសង្ឃជាដើម»។
លោក ភារៈបានឲ្យដឹងថា តាមការសង្កេតឃើញរបស់លោក ឆ្នាំនេះ ពិធីបុណ្យវិសាខបូជា ហាក់មានការផុសផុលច្រើន ទោះមិនទាន់ដល់ថ្ងៃប្រារព្ធក៏ដោយ ព្រោះនៅតាមស្ថាប័នរដ្ឋ ឯកជន សាលារៀន និងទីសាធារណៈមួយចំនួន បានលើកបដា ពាក្យស្លោក និងបង្កើតកម្មវិធីរួមគ្នាជាច្រើនដើម្បីប្រារព្ធពិធីបុណ្យនេះ។
លោកបានបន្ដថា «ខ្ញុំគិតថា ការយល់ដឹងកាន់តែច្រើននេះ ក៏អាចបណ្ដាលមកពីការផ្សព្វផ្សាយនៃប្រព័ន្ធផ្សព្វផ្សាយផ្សេងៗចំពោះថ្ងៃបុណ្យនេះ ទើបយុវជន និងពុទ្ធសាសនិក កាន់តែដឹងពីការប្រារព្ធពិធីនេះ» ។
លោក ភារៈ បានឲ្យដឹងថា នៅក្នុងខណ្ឌដង្កោ ជាខណ្ឌដែលលោករស់នៅ មុនថ្ងៃប្រារព្ធពិធីបុណ្យពិសាខបូជា វត្ដអារាម ពុទ្ធបរិស័ទ និងសិស្សានុសិស្ស នៅទីនោះ មានវត្ដប្រមាណជាង១០វត្ដ បាននាំគ្នាបង្កើតកម្មវិធីប្រារព្ធរួម ធ្វើក្បួនដង្ហែនៅតាមដងវិថី ដែលអាចមានឡានរហូតដល់រាប់រយឡាន ។
ព្រះតេជគុណ កុច សារ៉ាត់ ចៅអធិការវត្ដ ឬស្សីជ្រោយ ក្នុងស្រុកស្អាង ខេត្ដកណ្ដាល មានសង្ឃដីកា ឲ្យដឹងដែរថា នៅវត្ដរបស់ព្រះអង្គ ក៏មានកម្មវិធីជាច្រើន និងការដង្ហែក្បួនឡានក្នុងថ្ងៃវិសាខបូជានេះផងដែរ ។
ព្រះអង្គបន្ដថា «វត្ដអាត្មា បានពិភាក្សាជាមួយគណៈកម្មការវត្ដ និងរៀបចំកម្មពិធីក្បួនដង្ហែដោយឡាន និងកម្មវិធីពេលល្ងាច មានព្រះសង្ឃទេសនា និងរាប់បានព្រះសង្ឃនៅពេលព្រឹកផងដែរ» ។
បើតាមព្រះតេជគុណ យុវជន និងពុទ្ធសាសនិក អាចយកធូបទាន និងផ្កាផ្ញី ទៅចូលរួមប្រារព្ធពិធីនេះ នៅវត្ដអារាមនៅល្ងាចថ្ងៃ ១៥កើតនោះរួមជាមួយគ្នាក៏បាន ។
វិសាខបូជា គឺជាបុណ្យដ៏ធំមួយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកម្ពុជា បានចាត់ទុកជាបុណ្យជាតិ។ ជាងនេះទៀត ប្រទេសជិត២០០ ដែលជាសមាជិកនៃអង្គការសហប្រជាជាតិ បានអនុម័ត និងទទួលស្គាល់ វិសាខបូជា ជាបុណ្យអន្តរជាតិ កាលពីឆ្នាំ១៩៩៩ ។
អង្គការសហប្រជាជាតិបានប្រកាសនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ទទួលស្គាល់វិសាខបូជាជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើនៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិនៅលើភពលោក៕