ភ្នំពេញៈ បើទោះជាក្រសួងមហាផ្ទៃប្រកាសឲ្យរឹតបន្តឹងបទល្មើសប្លន់ក្ដីក៏ក្រុមចោរប្រដាប់អាវុធនៅតែបន្តមាននៅតាមរាជធានី និងបណ្ដាខេត្តនានាជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះកាលពីបីថ្ងៃមុននេះក្រុមចោរប្លន់មួយក្រុមថែមទាំងបានបាញ់ក្រុមសមត្ថកិច្ចនគរបាលស្រុកស្នួល ខេត្តក្រចេះពីរនាក់ឲ្យរងរបួសទៀតផង។
ជាក់ស្ដែងកាលពីវេលាម៉ោង ១២:៣០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារម្សិលមិញយុវនារី ២ នាក់ត្រូវបានក្រុមចោរប្រដាប់អាវុធពាក់ឯកសណ្ឋានក្លែងបន្លំជាសមត្ថកិច្ច ៣ នាក់ភ្ជង់ប្លន់យកម៉ូតូម៉ាក Honda Scopy មួយគ្រឿងទៅបាត់នៅចំណុចផ្លូវក្រោមដីនៃស្ពានអាកាស ៥ មករាស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ ៣ ខណ្ឌទទួលគោក រាជធានីភ្នំពេញ។ នេះបើតាមការប្រាប់ឲ្យដឹងពីមន្ត្រីនគរបាលមូលដ្ឋានកាលពីម្សិលមិញ។
យុវជន ៣ នាក់ដែល LIFT បានធ្វើការសម្ភាស៍កាលពីព្រឹកថ្ងៃនេះ ជាសិស្ស និស្សិត ដែលកំពុងសិក្សា និងធ្វើការ វេនយប់ បានបង្ហាញថា ពួកគេនៅតែមានក្ដីបារម្ភចំពោះសុវត្ថិភាព ក្នុងការធ្វើដំណើរ ទៅកាន់ទីកន្លែងនានាក្នុងទីក្រុងភ្នំពេញ នាពេលយប់នៅឡើយ ខណៈមានព័ត៌មានជាច្រើនបានឲ្យឃើញពីតថភាពស្ដែងអំពីទង្វើបាញ់ប្លន់ជាច្រើនករណីកន្លងមក ពិសេសចំពោះករណីបាញ់ប្លន់យកម៉ូតូ ខ្សែ ក និងទូរស័ព្ទ ជាដើម។
យុវជន ពូ នាង មានទីលំនៅម្ដុំទួលសង្កែ កំពុងធ្វើការងារនៅក្រុមហ៊ុនឯកជនមួយក្នុងទីក្រុង ភ្នំពេញ ក្បែរសាលារចនា ក្នុងតួនាទីជា Graphic Designer និងធ្លាប់ទទួលបានបទពិសោធន៍បាត់ម៉ូតូផងនោះ បានប្រាប់ឲ្យដឹងថា៖«កុំរម្លឹកដល់រឿងបាត់ម៉ូតូនេះឡើងនាំឈឺចាប់ រឿងសុវត្ថិភាពហ្នឹងហើយដែលជាបញ្ហាជាងគេ ដូចដឹងស្រាប់ហើយ ឥលូវចង់ទៅណាមកយប់ព្រលប់ លែងហ៊ានទៅណាហើយ»។
លោកបន្ដថា ឲ្យតែចេញពីធ្វើការក្នុងអំឡុង ម៉ោង ៩ ម៉ោង ១០ យប់ឡើងទៅ គឺ ភ្នែកនៅកញ្ចឹងកតែម្ដង។ ដូចឃើញស្រាប់ ឥលូវនេះមិនមែនដូចមុនគ្រាន់តែគំរាមយកទ្រព្យ ប៉ុន្ដែឥលូវបាញ់យកៗតែម្ដង បាញ់ដូចសត្វចាបអញ្ចឹង។
យុវជន ស្រី ភក្ដី និស្សិតអក្សរសាស្រ្ដអង់គ្លេស នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានឲ្យដឹងដែរថា លោក ក៏ធ្លាប់ជួបប្រទះករណីនេះដែរ ម៉ូតូ ហុងដា ស៊េរី ២០១៣ មួយគ្រឿងរបស់លោក ត្រូវបាត់ភ្លាមៗ បន្ទាប់ពីលោកចូលទៅផឹកកាហ្វេ ជាមួយមិត្ដភក្តិ។
លោកថា៖ «សព្វថ្ងៃនេះ សុវត្ថិភាពក្នុងការធ្វើដំណើរនៅពេលយប់ នៅមានកម្រិត មានផ្លូវមួយចំនួនមិនមានសុវត្ថិភាពគ្រប់គ្រាន់តែម្ដង ផ្លូវដែលមានសុវត្ថិភាពមានតែផ្លូវធំមួយចំនួន នៅពីមុខស្ថាប័នរដ្ឋធំៗប៉ុណ្ណោះ ប៉ុន្ដែដល់ពេលយប់ជ្រៅនៅតែមិនមានសុវត្ថិភាព»។
កញ្ញា ស្រី អូន រស់នៅជិតផ្សារស្ទឹងមានជ័យ និងកំពុងធ្វើការវេនយប់នៅផ្ដុំផ្សារដេប៉ូ បានឲ្យដឹងដែរថា ការធ្វើដំណើរនៅពេលយប់ព្រលប់ ជាពិសេស នៅអំឡុងកណ្ដាលអធ្រាត្រ គឺមិនមានសុវត្ថិភាពតែម្ដង ព្រោះមានក្មេងទំនើង និងបក្សពួក ជាច្រើនតែងតែជិះម៉ូតូ មកគំរាមប្លន់អ្នកដែលធ្វើដំណើរពេលយប់។
ស្រី អូន បញ្ជាក់ថា «ដូចករណីដែលខ្ញុំបានជួបផ្ទាល់មួយ ពេលដែលខ្ញុំជិះម៉ូតូចេញពីធ្វើការតាមបណ្ដោយផ្លូវក្រោយពេទ្យរុស្សី មានក្រុមក្មេងទំនើងមួយក្រុមបានទាញកាំភ្លើងគំរាម ប្លន់យកម៉ូតូ និងសម្ភារៈផ្សេងដែលមានតម្លៃពីខ្ញុំ និងមិត្ដភក្ដិម្នាក់ទៀតដែលជិះម៉ូតូជាមួយគ្នា»៕