ភ្នំពេញៈ និស្សិត​កម្ពុជា​ ៣ ​ក្រុម​ក្នុង​ចំណោម​ ២៦ ​ក្រុម​មកពី​សាកលវិទ្យាល័យ និង​គ្រឹះស្ថាន​សិក្សា​ផ្នែក​វេជ្ជសាស្ដ្រ​ និង​ឱសថ​សាស្ដ្រ​ត្រូវ​បាន​សហគ្រាស​ផលិត​ឱសថ​ PPM ​ប្រកាស​​ពី​ការ​ឈ្នះ​ជយលាភី​ឈ្មោះ​ Kinal Prize កាលពី​ម្សិលម្ង៉ៃ​​នៅ​វិទ្យាស្ថាន​បារាំង​នៅ​រាជធានី​ភ្នំពេញ​ចំពោះ​ការស្រាវជ្រាវ​ឱសថ​លើ​ប្រធានបទ​ «​ជំងឺ​គ្រុនក្ដៅ ការថែទាំ ការព្យាបាល​»​។

តាម​ការប្រកាស​ជយលាភី​​លេខ​ ១ បាន​លើ​ក្រុមនិស្សិត​មកពី​សាកលវិទ្យាល័យ​អន្ដរជាតិ និង​មកពី​សាកល​វិទ្យាល័យ​ពុទ្ធិសាស្ដ្រ​,​លេខ​ ២ បាន​លើ​ក្រុមនិស្សិត​មកពី​សាកលវិទ្យាល័យ​វិទ្យាសាស្ដ្រ​សុខាភិបាល និង​សាកល​វិទ្យាល័យ​ពុទ្ធិសាស្ដ្រ និង​លេខ​ ៣ បាន​លើ​ក្រុម​និស្សិត​មកពី​សាកល​វិទ្យាល័យ​អន្ដរជាតិ និង​សាកលវិទ្យាល័យ​សុខាភិបាល​។

តាម​ប្រកាស​ដដែល​ជយលាភី​លេខ​ ១ ​ទទួល​បាន​ពាន​ ១ និង​ទឹកប្រាក់​ ៤ ​លាន​រៀល លេខ​ ២ ​ទទួល​បាន​ពាន​ ១ និង​ទឹកប្រាក់​ ២ ​លាន​រៀល និង​លេខ ៣ ទទួល​បាន​ពាន​ ១ និង​ទឹកប្រាក់​ ១ ​លាន ២ ​សែន​រៀល​។

លោក ហៃ លីអ៊ាង ប្រធាន​សហគ្រាស​ផលិត​ឱសថ PPM និង​ជា​ប្រធាន​មូលនិធិ Kinal បាន​ឲ្យ​ដឹងថា​សហគ្រាស​ផលិត​ឱសថ​របស់​លោក​បាន​បែងចែក​​ចំណូល​ក្រុមហ៊ុន​ ៥ ​ភាគរយ​ ដើម្បី​​ចំណាយ​លើ​ការជួយ​វិស័យ​ស្រាវជ្រាវ និង​ការបណ្តុះបណ្តាល​​វិស័យ​ឱសថសាស្ត្រ​នៅ​កម្ពុជា​។

លោក​បញ្ជាក់​ថា​៖ «​យើង​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ មាន​ផ្នត់​គំនិត​ច្នៃប្រឌិត និង​ការស្រាវជ្រាវ​គ្រប់​សកម្មភាព​ និង​គ្រប់​វិស័យ ព្រោះ​​ការស្រាវជ្រាវ​នាំ​ឲ្យ​កម្ពុជា​រីកចម្រើន​។ ការប្រកួតប្រជែង​របស់​និស្សិត​នេះ​ជា​សកម្មភាព​ជំរុញ​លើក​ទឹកចិត្ត និង​គាំទ្រ​ដល់​ការស្រាវជ្រាវ​លើ​វិស័យ​​ឱសថ​សាស្ត្រ​ផង​»​។

លោក​បន្ថែម​ថា​ការស្រាវជ្រាវ​មិនមែន​ត្រឹម​តែ​សម្រាប់​ដណ្តើម​យក​ជយលាភី​នោះ​ទេ ប៉ុន្តែ​បាន​ផ្ដល់​ឱកាស​ដល់​សិស្ស​និស្សិត​ឲ្យ​មាន​ការ​អភិវឌ្ឍ​ក្នុង​ការ​សិក្សាការ​បង្កើត​នូវ​របក​គំ​ឃើញ​ថ្មីៗ​ និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ប្រកប​ដោយ​ជំនាញ​ច្បាស់លាស់​ដែល​​ជា​ផ្នែក​មួយ​នៃ​ការរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​។

លោក លីអ៊ាង បាន​បន្ត​ថា​៖ «​ការប្រកួត​បែប​នេះ​យើង​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ ២០១៣ មក​ដើម្បី​ជំរុញ​ និង​លើកកម្ពស់​​ការងារ​ស្រាវជ្រាវ​របស់​និស្សិត​ផ្នែក​ឱសថ​សាស្ដ្រ​នៅ​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​កម្ពុជា​យើង​។ ឆ្នាំនេះ​មាន​បេក្ខជន​ចូលរួម​ទាំងអស់​ ២៦ ​ក្រុម​មកពី​គ្រឹះស្ថានសិក្សា​ និង​សាកលវិទ្យាល័យ​ចំនួន​ ៦ ​ទូទាំង​រាជធានី​ភ្នំពេញ​ក្រោម​ប្រធានបទ ជំងឺ​គ្រុនក្ដៅ ការថែទាំ ការព្យាបាល​»​។

លោក មៀច សុផាន់ណា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​​បាន​ថ្លែង​ថា ឱសថ​គីណាល់​របស់​កម្ពុជា បច្ចុប្បន្ន​ចាប់ផ្ដើម​បង្កើន​នូវ​កេរ្ដិ៍ឈ្មោះ និង​ជំនឿ​ទុក​ចិត្ដ ដល់​អ្នក​ប្រើប្រាស់​នៅ​បរទេស ហើយ​ក៏​បាន​នាំចេញ​រហូត​ដល់​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​ក៏​មាន​ដែរ​។

លោក​ថា​៖ «​រឿង​នេះ​ក៏​ជា​រឿង​មោទនភាព​មួយ​ដែរ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា ក្រុម​និស្សិត​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​នេះ​នឹង​បង្កើន​កេរ្តិ៍ឈ្មោះ​របស់​គីណាល់​ជួយ​ថែរក្សា​កេរដំណែល ដូនតា​ពី​អតីតកាល​»​។

លោក​បាន​លើក​ឡើង​ថា​ការប្រកួត​ការស្រាវជ្រាវ​ឱសថ​នេះ​​គឺជា​ការគាំទ្រ​មួយ​ដល់​យុវជន​ក្នុង​ការសិក្សា​ស្រាវជ្រាវ ដែល​កំពុង​សិក្សា​ជំនាញ វេជ្ជសាស្ដ្រ និង​ឱសថ​សាស្ដ្រ ឲ្យ​ប្រឹងប្រែង​បង្កើន​សមត្ថភាព និង​ការយល់ដឹង​របស់​ពួកគេ​។

កញ្ញា គឹម ដានី តំណាង​ក្រុមនិស្សិត​ជាប់​ជយលាភី​លេខ​ ១ បាន​ឲ្យ​ដឹងថា ក្រុម​របស់​នាង​បាន​ស្រាវជ្រាវ​រុក្ខជាតិ​សម្រាប់​ព្យាបាល​ការឈឺ​សន្លាក់ឆ្អឹង តាមរយៈ​ការស្ទង់មតិ ការ​ស្រាវជ្រាវ​ពី​សៀវភៅ និង​ប្រភព​ជាច្រើន​ទៀត​។

កញ្ញា​បញ្ជាក់​ថា​៖ «​រុក្ខជាតិ​មាន​សក្តានុពល​ក្នុង​ការ​ព្យាបាល​សន្លាក់ឆ្អឹង​មាន​ ២៨ ​ប្រភេទ ប៉ុន្តែ​រុក្ខជាតិ​ ៤ ​ប្រភេទ​ដែល​មាន​សក្តានុពល​ខ្លាំង​ជាង​គេ​គឺ រុក្ខជាតិ​ ដើម​បាយក្តាំង មន​ខ្ញី​ និង​ស្មៅ​អណ្តាតគោ​»​។

ដានី បាន​បន្ដ​ថា​ការ​ស្រាវជ្រាវ​របស់​ក្រុម​ពួកនាង​គឺជា​ការអង្កេត​ និង​ចុះ​ប្រមូល​ទិន្នន័យ​​ពី​ពលរដ្ឋ​នៅ​ខេត្ត​កំពត​ដែល​ធ្លាប់​ប្រើប្រាស់​រុក្ខជាតិ​ដោយ​សួរ​ពលរដ្ឋ​ថា តើ​រុក្ខជាតិ​ឱសថ​ណា​ខ្លះ​ដែល​មាន​អាទិភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​ដើម្បី​កំណត់​ជា​ឯកសារ​ទុក​ស្រាវជ្រាវ​បន្ត​។

យ៉ាង​ណា​ក្ដី​កញ្ញា គឹម ដានី បាន​បញ្ជាក់​ថា​ការស្រាវជ្រាវ​នេះ​នៅ​មិន​ទាន់​បាន​ស៊ីជម្រៅ​​ទេ ប៉ុន្តែ​អាច​មាន​សារៈសំខាន់​សម្រាប់​អនាគត​។

កញ្ញា​ថា​៖ «​នេះ​ជា​ការ​សិក្សា​ស្រាវជ្រាវ​បឋម​មិន​ទាន់​បាន​ចូល​មន្ទីរ​សោធន៍​លម្អិត​អ្វី​ឡើយ ព្រោះ​កម្រិត​ពួក​ខ្ញុំ​មាន​តែ​ត្រឹមហ្នឹង តែ​លទ្ធផល​នេះ​អាច​មាន​ប្រយោជន៍​ស្រាវជ្រាវ​ទៅ​ថ្ងៃ​ក្រោយ​»​។

គួរ​បញ្ជាក់​ថា​បើ​តាម​របាយការណ៍​សហគ្រាស​ឱសថ PPM គឺជា​សហគ្រាស​ផលិត​ឱសថ​ដ៏ចំណាស់​ជាងគេ​នៅ​កម្ពុជា​ដែល​បង្កើតឡើង​តាំង​​ពី​សម័យ​សង្គម​រាស្ត្រនិយម​។ បច្ចុប្បន្ន​នេះ​សហគ្រាស​នេះ​បាន​ផលិត​ឱសថ​ជាង​ ១០០ ​មុខ និង​នាំ​ចេញ​ចំនួន​ ៥០ ​មុខ​ទៅ​ក្នុង​ទីផ្សារ ​១៦ ប្រទេស​ហើយ​ទីផ្សារ​ធំ​ជាងគេ​គឺ​ប្រទេស​អាហ្វ្រិក​។

ដោយឡែក ឱសថ គីណាល់ ដែល​ជា​ឱសថ​បំបាត់​ការឈឺចាប់​គឺ​បាន​បង្កើត​ឡើង​ដោយ​វេជ្ជបណ្ឌិត​កូន​ខ្មែរ​លោក​ កុក សុខគីម តាំងពី​ ៥៨ ​ឆ្នាំ​មុន និង​កំពុង​មាន​ភាពល្បីល្បាញ​កាន់តែ​ខ្លាំង​នៅ​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​អន្តរជាតិ​៕