ភ្នំពេញៈ យុវជន ភុន រតនា និស្សិតបញ្ចប់ការសិក្សា ជំនាញវិទ្យាសាស្រ្ដកសិកម្មនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បានចំណាយពេលជាង ៣ ឆ្នាំ ស្រាវជ្រាវពីបច្ចេកទេសដាំបន្លែផ្សេងៗ បញ្ចូលគ្នា ដើម្បីដាំបានបន្លែធម្មជាតិឲ្យទទួលបានលទ្ធផលល្អ និងចំណាយទុនតិច។
បើតាម រតនា ការដាំបន្លែតាមបែបបច្ចេកទេសនេះ គឺដាំដោយប្រើចំហាយទឹក យកគ្រាប់ដំណាំ ដាក់ក្នុងកំប៉ុង ឬ ដាក់តាមរង លើធ្នើរដោយថែទាំសម្ពាធសីតុណ្ហភាព ពន្លឺ និងខ្យល់ចេញចូល។
ថ្លែងប្រាប់ LIFT-យុវវ័យ កាលពីម្សិលមិញ យុវជនរូបនេះពន្យល់ថា បច្ចេកទេសដាំបន្លែធម្មជាតិ ដែលរូបគេបានស្រាវជ្រាវឃើញនេះ គឺគេបានប្រមូលចំណុលល្អៗ ពីការដាំដុះបន្លែ តាមបែបវិទ្យាសាស្រ្ដ មានការដាំដោយប្រើប្រាស់ប្រព័ន្ធពន្លឺ LED ការគ្រប់គ្រងសីតុណ្ហភាព និងការគ្រប់គ្រងខ្យល់ចេញចូលនៅក្នុងកសិដ្ឋានដំណាំផងដែរ។
រតនា និយាយថា «កាលពីមុនការដាំបន្លែផ្សេងៗដោយប្រើប្រាស់បច្ចេកទេសពន្លឺ LED ត្រូវចំណាយដើមទុនច្រើន ប៉ុន្ដែ បច្ចុប្បន្ន ខ្ញុំបានស្រាវជ្រាវរកឃើញបច្ចេកទេស ដាំថ្មី ដោយរួមបញ្ចូលគ្នារវាងបច្ចេកទេសដាំបន្លែជាច្រើនប្រភេទ បង្កើតចេញជាបច្ចេកទេសថ្មី ចំណាយទុនតិចក្នុងការដំឡើងកសិដ្ឋាន និងទទួលបានប្រសិទ្ធភាពខ្ពស់ បន្លែមានជីជាតិល្អ»។
រតនា បន្តថា ការដាំបន្លែធម្មជាតិដោយប្រើបច្ចេកទេសនេះ គេបានធ្វើជោគជ័យតាំងពីនៅសិក្សាមហាវិទ្យាល័យ ដោយបានបង្កើតក្រុមនិស្សិតរៀនជាមួយគ្នា ធ្វើការងារដំឡើងកសិដ្ឋានបន្លែធម្មជាតិធនតូច និងមធ្យម នៅតាមផ្ទះឲ្យប្រជាពលរដ្ឋនៅភ្នំពេញ ដែលមានជីវភាពធូរធាមួយចំនួនមិនចង់បរិភោគបន្លែគីមី។
បច្ចុប្បន្ន ភុន រតនា គឺជាប្រធានបច្ចេកទេសនៃកសិដ្ឋាន Neat Farm នៅខេត្ដសៀមរាប ដែលជាកសិដ្ឋានផលិតបន្លែធម្មជាតិមួយ កំពុងផ្គត់ផ្គង់ទីផ្សារបន្លែធម្មជាតិនៅទូទាំងខេត្ដសៀមរាប។ ក្នុងមួយខែៗ កសិដ្ឋាននេះផលិតចេញបន្លែរហូតដល់ ១ តោន ដើម្បីបំពេញតម្រូវការទីផ្សារនៅទីនោះ។
ទោះជាយ៉ាងណា បើតាមយុវជនរូបនេះ ការផ្គត់ផ្គង់បន្លែនេះ នៅមិនទាន់គ្រប់គ្រាន់ចំពោះតម្រូវការក្នុងទីផ្សារនៅខេត្ដសៀមរាបនៅឡើយទេ។
នៅពេលសួរថា រូបគេមានគម្រោងផ្គត់ផ្គង់បន្លែនៅលើទីផ្សារទូទាំងប្រទេស យុវជនរូបនេះ បានឲ្យដឹងថា រូបគេបានសូមយោបល់ និងឆ្លង់កាត់ការពិភាក្សារជាមួយថ្នាក់ដឹកនាំ មួយចំនួនក្នុងជួររាជរដ្ឋាភិបាលរួចហើយ ប៉ុន្ដែលទ្ធផលយ៉ាងណានោះនៅមិនទាន់ដឹងនៅឡើយទេ តែយុវជនរូបនេះ បានអះអាងថា ទោះជាយ៉ាងគេមិនបោះបង់ក្ដីសុបិននេះ ជាដាច់ខាត បើលទ្ធផលមិនមានអ្នកគាំទ្រ គេនឹងបន្ដធ្វើដោយខ្លួងបន្ទិចម្ដងៗរហូតជោគជ័យ។
រតនា ថា៖ «ខ្ញុំចង់ផ្គត់ផ្គង់បន្ថែឲ្យបានទូទាំងប្រទេស ១០០% តែម្ដង ព្រោះខ្ញុំមើលឃើញទីតាំងសក្កដានុពលពីរកន្លែង គឺនៅភ្នំឱរ៉ាល និងនៅភ្នំបូកគោ ទីតាំងពីរនេះមួយណាក៏បាន ខ្ញុំត្រូវការដីតែខ្ទង់ ៥ ហិកតាប៉ុណ្ណោះ ខ្ញុំនឹងអាចផ្គត់ផ្គង់បន្លែបានទូទាំងប្រទេស ហើយតម្លៃថោកជាងបន្លែនាំចូលពីបរទេសទៅទៀត ១គីឡូ លក់តែ២-៣ រយរៀល ក៏ចំណេញដែរ ព្រោះទីតាំងនេះអំណោយផល មិនចាំបាច់ចំណាយទុនច្រើន តែអាចដាំបន្លែបានល្អ យើងអាចកាត់បន្ថយចំណាយបានរហូតដល់ ៧០%»។
យុវជនរូបនេះពន្យល់ថា ទីតាំងនៅភ្នំទាំងពីរនេះ ផ្ទៃដីអំណោយផល មានសម្ពាធទាប ត្រជាក់ខ្លាំង អាកាសធាតុល្អ អំណោយផលដល់ការដាំដុះបន្លែធម្មជាតិគ្រប់ប្រភេទបានល្អ ដូច្នេះក្រៅពីអាចផ្គត់ផ្គង់គ្រប់គ្រាន់ នៅក្នុងទីផ្សារក្នុងស្រុក ក៏អាចនាំចេញទៅក្រៅប្រទេសបានថែមទៀត៕