ភ្នំពេញៈ គ្រប់គោលគំនិត នៃការផ្ដល់អាហារូបករណ៍ទាំងអស់ គឺប្រហាក់ប្រហែលគ្នា គឺការចង់បាននិស្សិតសិក្សាប្រកបដោយភាពឆ្លាតវៃ មិនមែនប្រឹងរៀនតែមួយមុខនោះទេ គឺ “Study smart not study hard”។ នេះបើតាម យុវជនកូនខ្មែរមួយរូប ដែលបានបញ្ចប់ការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង កម្មវិធីសិក្សាអាហារូបករណ៍ជាច្រើន បានអះអាងប្រាប់ LIFT កាលពីម្សិលមិញ។
យុវជន សួស អ៊ឹមស៊ូជីវី និស្សិតបញ្ចប់បរិញ្ញាបត្រ សេដ្ឋកិច្ច និងគ្រប់គ្រងនៅសាកលវិទ្យាល័យ Luther សហរដ្ឋអាមេរិករូបនេះ ថ្លែងថា ដើម្បីចាប់យកឱកាសអាហារូបករណ៍ យុវជនត្រូវការស្វែងរកព័ត៌មាន និងឱកាស តាមរយៈការអានកាសែត និងការស្រាវជ្រាវនៅលើគេហទំព័ររបស់ក្រសួង និង នាយកដ្ឋានអាហារូបករណ៍ជាដើម ។
យុវជនរូបនេះបន្ដថា «កាលជំនាន់ខ្ញុំ ពិបាកក្នុងការទទួលបានព័ត៌មានអាហារូបករណ៍ណាស់ ចង់ដឹងពត៌មានទាល់តែទៅទិញកាសែតអាន ហើយអាហារូបករណ៍ទី១ដែលខ្ញុំទទួលបានទៅហុងកុង គឺតាមរយៈកាសែត»។
ស៊ូជីវី បានលើកឡើងពីបទសោធន៍ដែលលោកធ្លាប់បានជួបប្រទះថា សិស្សនៅប្រទេសផ្សេង ក៏ដូចគ្នានឹងសិស្សនៅប្រទេសកម្ពុជាដែរ ពួកគេភាគច្រើនជាមនុស្សបីប្រភេទ។
យុវជនរូបនេះ ពន្យល់ថា ទី១ ជាមនុស្សដែលមិនចេះចាប់យកឱកាស ពួកគេតែងមានការរអ៊ូរទាំច្រើន មិនមានការព្យាយាម។ ទី២ ជាមនុស្សដែលចេះចាប់យកឱកាសដែរ តែពួកគេធ្វើអ្វីតាមតែគ្នា ឃើញគេទៅដាក់ពាក្យអាហារូបករណ៍ ទៅដាក់នឹងគេដែរ ប៉ុន្ដែមិនយកចិត្ដទុកដាក់ ស្វែងយល់ និងតាមដានលម្អិតពីអាហារូបករណ៍នោះទេ ដាក់ឲ្យតែល្អមើល។

ស៊ូជីវី បន្ថែមថា «យុវជនគួរធ្វើខ្លួនជាមនុស្សទី៣ គឺជាមនុស្សដែលចេះចាប់យកឱកាស ហើយបង្កើតឱកាសដោយខ្លួនឯង។ អាហារូបករណ៍មួយចំនួន គេមិនបានឲ្យមកនិស្សិតខ្មែរទេ ប៉ុន្ដែយើងត្រូវចេះបង្កើតឱកាស ចេះផ្ដើមទំនាក់ទំនងទៅគេ អ៊ីម៉ែលទៅគេ ប្រាប់គេថា យើងមានសមត្ថភាព យើងអាចទៅរួច យើងគឺជាជនជាតិខ្មែរ។ ត្រូវសួរគេថា តើអាហារូបករណ៍នេះ យើងអាចដាក់ពាក្យប្រឡងដូចគេដូចឯងបានដែរទេ? សឹងតែ ៥០ទៅ៧០ភាគរយ គេបាននិយាយថាអូខេជាមួយយើង។ អញ្ចឹងយើងកុំទាន់អស់សង្ឃឹម» ។
យុវជនមានដើមកំណើតនៅទីក្រុងភ្នំពេញ មានឱពុកម្ដាយជាមន្រ្ដីរាជការ មានជីវភាពមធ្យម និងកំពុងទទួលបានអាហារូបករណ៍អនុបណ្ឌិតពីរ ផ្សេងទៀតនៅសហរដ្ឋអាមេរិក និងប្រទេសកូស្ដារីការូបនេះបន្ដថា «ខ្ញុំក៏មិនមែនជាសិស្សពូកែអីដែរ ប៉ុន្ដែវាកើតឡើងដោយការប្រឹងប្រែងដូចគ្នា ហើយខ្ញុំទៅរួច និស្សិតដទៃទៀតក៏អាចទៅរួចដែរ » ។
យុវជនវ័យ ២៥ ឆ្នាំរូបនេះលើកឡើងថា «ការងារ ក៏ដូចគ្នា ទាំងការងាររដ្ឋ និងការងារឯកជន ក្រុមហ៊ុនឬស្ថាប័នមួយដែលបើកថ្មី គេមិនបានដឹងថា យើងមានសមត្ថភាព អាចធ្វើការងារជាមួយគេបានទេ ប៉ុន្ដែយើងត្រូវទាក់ទងទៅគេ បង្កើតឱកាសឲ្យខ្លួនឯងថា តើយើងហ្នឹងមានអីខ្លះឲ្យទៅគេ មិនមែនសួរគេថាគេឲ្យប្រាក់ខែយើងប៉ុន្មានទេ» ។
យុវជនរូបនេះបានមើលឃើញថា និស្សិតភាគច្រើនសរសេរប្រវត្ដិរូបសង្ខេបផ្ទាល់ខ្លួន ក៏ដូចជា Cover Letter និង Personal Statement មិនសូវត្រូវចំណុច ពួកគេសរសេរទូលាយពេក ខុសពីអ្វីដែលគេចង់បាន គឺត្រូវសរសេរខ្លី តែត្រូវចំណុច ។
ស៊ូជីវី បង្ហាញថា «យើងមានកម្លាំង ១០០% យើងគួរតែចំណាយកម្លាំង ២០%បានហើយ ទៅលើការលុបបំបាត់ចំណុចខ្វះខាត របស់យើង ប៉ុន្ដែ ៨០%ទៀត យើងត្រូវពង្រឹងភាពខ្លាំងរបស់យើង ព្រោះបើយើងយកកម្លាំងរបស់យើងមួយជីវិតទៅលុបបំបាត់ចំណុចខ្វះខាតក៏មិនអាចអស់ដែរ តែបើយើងបង្កើនភាពខ្លាំងរបស់យើងវិញ ក្នុងរយៈពេលខ្លីមួយយើងនឹងខ្លាំងជាងអ្នកណាទាំងអស់ ជាពិសេសជាមួយអ្វីដែលយើងស្រលាញ់ និងចូលចិត្ដ» ។
បើតាម ស៊ូជីវី បានឲ្យដឹងថាបច្ចុប្បន្ន គេបានស្នើសុំព្យួរអាហារូករណ៍ថ្នាក់អនុបណ្ឌិតទាំងពីរបណ្ណោះអាសន្នសិនព្រោះកំពុងមមាញឹងជាមួយការងារជាមន្រ្ដីនៅការិយាល័យអាស៊ាន ក្នុងនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកក្រោមអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្ដរជាតិនៃក្រសួងពាណិជ្ជកម្មកម្ពុជា ៕