ភ្នំពេញៈ យុវជនកូនកសិករ លន់ សាបឿន អតីតនិស្សិតអាហារូបករណ៍បរិញ្ញាប័ត្រអក្សរសាស្ដ្រ ឡាវ នៅប្រទេស ឡាវ ឆ្នាំ ២០០៥ បានប្រាប់ LIFT ថា វីធីមួយដែលមានប្រសិទ្ធភាពបំផុតសម្រាប់ការប្រលងយកអាហារូបករណ៍ គឺត្រូវចិញ្ចឹមចិត្ដខ្លួនឯងជានិច្ចថា ចង់បានអាហារូបករណ៍ទៅសិក្សានៅឯបរទេស។
លោកថា «ការធ្វើបែបនេះនឹងធ្វើឲ្យយើង យកចិត្ដទុកដាក់ តាមដានរាល់ព័ត៌មានអាហារូបករណ៍ផ្សេងៗដែលចាប់អារម្មណ៍»។
ជាកូនអ្នកស្វាយរៀង វ័យ ៣៤ ឆ្នាំរូបនេះ ទើបប្រលងជាប់អាហារូបករណ៍ទៅសិក្សានៅឯ ណូវែលហ្សេឡង់ ថ្នាក់អនុបណ្ឌិត លើជំនាញ ទំនាក់ទំនងអន្ដរជាតិ ក្នុងឆ្នាំ ២០១៦ នេះ និងក៏បានប្រលងជាប់ អាហារូបករណ៍ពីប្រទេស ២ ផ្សេងទៀតក្នុងពេលជាមួយគ្នានេះដែរ ប៉ុន្ដែជ្រើសយកបានតែ ១ ប៉ុណ្ណោះ។
លន់ សាបឿន បន្តថា យុវជនគួរចូលរួមធ្វើការងារសង្គមផ្សេងៗឲ្យបានច្រើន ដើម្បីយកទុកជាបទពិសោធន៍ នៅពេលសម្ភាស៍អាហារូបករណ៍។ ស្វែងរកអ្វីដែលថ្មីនៅឯបរទេស ដែល កម្ពុជា មិនមានដើម្បីទាញយកជំនាញពីមុខវិជ្ជាទាំងនោះមកអភិវឌ្ឍន៍ប្រទេស។
លោកបញ្ជាក់ថា «ព្យាយាមប្រលងអាហារូបករណ៍ឲ្យបានច្រើន កុំប្រលងមួយមិនជាប់ហើយបាក់ទឹកចិត្ដ ព្រោះថា ការបន្ដធ្វើវាតែងតែជោគជ័យ ព្រោះការប្រលងនេះមិនចេះអស់ថ្មទេ។ ប្រសិនបើដាក់ប្រលងមិនជាប់ត្រូវយកបែបបទអាហារូបករណ៌នោះមកមើលឡើងវិញ ថាតើវានៅខ្វះចន្លោះកន្លែងណា»។
អាចប្រើប្រាស់បាន ៣ ភាសា ផ្សេងគ្នា លោក សាបឿន បន្ថែមថា ការត្រៀមលក្ខណៈ នៃភាសារបរទេស និងការសរសេរគម្រោងស្នើរសុំអាហារូបករណ៍ទុកជាមុន សម្រាប់ការដាក់ប្រលងយកអាហារូបការណ៍ ក៏មានសារៈសំខាន់ណាស់ដែរ ព្រោះវាជួយសម្រួលដល់ការស្នើសុំអាហារូបករណ៍៕