បាត់ដំបងៈ ឈុតតំណាងជាតិ ដែលត្រូវច្នៃឡើងយ៉ាងប្រណីត ចេញពីគំនិតច្នៃប្រឌិតរបស់យុវជនជាអ្នកមានកំណើតកើតជានៅក្នុងភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រូវបានមហាជនស្ងើចសរសើរពីស្នាដៃនេះពេញបណ្ដាញសង្គម ប៉ុន្តែយុវជនជាម្ចាស់គំនូរដ៏ស្រស់ស្អាត និងបង្កប់នូវអត្ថន័យក្នុងសម្លៀកបំពាក់នោះ មិនសូវមាននរណាដឹងពីអត្តសញ្ញាណរបស់លោកឡើយ។
ជានិស្សិតផ្នែកគ្រប់គ្រងឆ្នាំទី ៣ នឹងបានព្យួរការសិក្សាសិន ដោយសារការមមាញឹកបម្រើការនៅស្ថាប័នមួយកន្លែងក្នុងទឹកដីខេត្តបាត់ដំបង យុវជនវ័យ ២៦ ឆ្នាំរឹទ្ធិ ធារ៉ា មានគំនិតច្នៃប្រឌិតខ្ពស់ខាងសម្លៀកបំពាក់តំណាងជាតិ ម៉ូដសក់ប្រពៃណីខ្មែរតាមជំនាន់សម័យកាល ក៏ដូចជាឈុតចូលរួមក្នុងកម្មវិធីផ្សេងៗ និងជាពិសេសឈុតកូន ក្រមុំ។ យុវជនធ្លាប់រៀនផ្នែកសិល្បៈមួយរយៈខ្លីរូបនេះក៏ធ្លាប់គូរគំនូររូបមនុស្សជាមួយទេសភាពផ្សេងៗផងដែរ។
លោក ធារ៉ា ជាអ្នកមានទេពកោសល្យខ្ពស់នេះ បានរំឭកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «ខ្ញុំបានចាប់ផ្តើមគូរគំនូរតាំងពី នៅតូច ហើយចាប់ផ្តើមផុសចូលក្នុងហ្វេសប៊ុកហ្នឹងក្នុងឆ្នាំ ២០១២។ និយាយទៅចេះគូរយូរហើយ ហើយខ្ញុំក៏ធ្លាប់បានរៀនផ្នែកគំនូរនេះបាន ១ ឆ្នាំផងដែរ តែដោយសារ ការងាររវល់ ទើបសម្រេចចិត្តផ្អាកសិន»។
យុវជនប៉ិនប្រសប់ខាងច្នៃម៉ូដសម្លៀកបំពាក់បានបញ្ជាក់ឲ្យដឹងដែរថា ខ្លួនធ្លាប់បានប្រឡងផ្នែកគំនូរបាន ២ ដងរួចហើយ ដោយប្រលងលើកទី ១ នៅទីរួមខេត្តបាត់ដំបង សាខាកាកបាទក្រហម ក្នុងកម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយទទួលបានជយលាភីលេខ ១ កាលពីឆ្នាំ ២០១២ និងលើកទី ២ នៅទីក្រុងភ្នំពេញ មជ្ឈមណ្ឌលស៊ូ (Soo Art Center) ក្នុងកម្មវិធីជ្រើសរើសវិចិត្រករស្នាដៃឆ្នើម ប្រធានបទ «សម្រស់ និងក្តីស្រឡាញ់» មិនបានទទួលជយលាភីអ្វីទេ ដោយគ្រាន់តែបានរង្វាន់លើកទឹកចិត្តក្នុងឆ្នាំ ២០១៨ នេះឯង។
ក្នុងអាជីពជាអ្នកគូរយ៉ាងចំណានខាងច្នៃម៉ូដក៏ដូចជា គូរគំនូរ ជាការងារដែលធ្វើនៅពេលទំនេរពីការងារចម្បងនោះលោក រឹទ្ធិ ធារ៉ា ក៏បានបង្ហើបថា មិនទាន់មានទីផ្សារច្នៃម៉ូដឲ្យបវរកញ្ញាតំណាងជាតិទៅប្រកួតនៅឡើយទេ ប៉ុន្តែបែរជាទាក់ទាញបណ្តាសម្អាងការជាច្រើនឲ្យច្នៃជារ៉ូប កូនក្រមុំ ដូចជាសម្អាងការសុភមង្គលជាដើម។
លោក រឹទ្ធិ ធារ៉ា បានបន្តប្រាប់ពីចំណាប់អារម្មណ៍ដែលនាំឲ្យខ្លួនបានគូរគំនូរទាំងអស់នេះឡើងមកថា៖ «អាចថាមកពីខ្ញុំមានដុងខាងគូរពីកំណើត និងឃើញថា សិល្បៈវប្បធម៌របស់យើងល្អ ហើយមានច្រើនប្រភេទក៏មានចិត្តស្រឡាញ់ ហើយណាមួយចង់បង្កើតអ្វីមួយដែលថ្មីទាក់ទងនឹងវប្បធម៌ និងសិល្បៈរបស់យើងហ្នឹង ចង់ឲ្យក្មេងៗក៏ដូចជាបងប្អូនខ្មែរយើងទាំងអស់បានឃើញពីសិល្បៈខ្មែរ ហើយណាមួយចង់កែច្នៃឲ្យកាន់តែប្លែកជាងមុនដែរ»។
វិចិត្រករខ្មែរ ដែលមានជំនាញខាងច្នៃសម្លៀកបំពាក់ និងគំនូរផ្សេងៗដូចជារូបទេសភាព រូបមនុស្ស បានបរិយាយបន្ថែមថា ខ្លួនធ្លាប់បានច្នៃឈុតតំណាងជាតិស្នើទៅក្នុងកម្មវិធីប្រកួតបវរកញ្ញាដែរ ប៉ុន្តែដូចជាមិនបានទទួលដំណឹងតបមកវិញ ក៏បានផ្អាកគូរឈុតតំណាងជាតិ បែរមកគូរឈុតមង្គលការវិញ ព្រោះខាងសម្អាងការត្រូវការច្រើន។
យុវជនវ័យ ២៦ ឆ្នាំ ដែលជានិស្សិតផ្នែកគ្រប់គ្រង លោក រឹទ្ធិ ធារ៉ា បានបង្ហាញពីតម្លៃគំនូរដែលលោកច្នៃប្រឌិតរំលេចលើក្រដាស កន្លងមកថា៖ «ក្នុងឈុតដែលសាមញ្ញបំផុតតម្លៃ ១០ ដុល្លារ និងចំពោះឈុត ដែលមានម៉ូដច្រើនតម្លៃខ្ពស់បំផុត ៣០ ដុល្លារ ដោយខ្ញុំមិនបានថែមពណ៌អ្វីទាំងអស់គ្រាន់តែច្នៃចេញជាម៉ូដប៉ុណ្ណោះ»៕