ក្រុងយ៉ាំងហ្គោនៈ សកម្មជន​ម្នាក់ បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា និស្សិត ១៤ នាក់ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​សាកល​វិទ្យាល័យ​មួយ​នៅ​មីយ៉ាន់ម៉ា បន្ទាប់​ពី​ធ្វើការ​តវ៉ា​មួយ ដែល​អំពាវនាវ​សុំ​ឲ្យ​មាន​មូលនិធិ​បន្ថែម​សម្រាប់​ការ​អប់រំ ដោយ​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ជុំវិញ​សេរីភាព ដែល​កំពុង​រេចរឹល​នៅ​ក្នុង​ប្រទេស​លទ្ធិ​ប្រជាធិបតេយ្យ​ក្មេង​ខ្ចី​មួយ​នេះ។

ការជួបជុំ​រយៈពេល ៤ ថ្ងៃ​នៅ​សាកល​វិទ្យាល័យ Yadanabon នៅ​ក្នុង​ក្រុង Mandalay បាន​ទាក់​ទាញ​និស្សិត​ប្រហែល ១០០ នាក់ មុន​ពេល​ត្រូវ​ប៉ូលិស បំបែក​កាល​ពី​ថ្ងៃ​ទី ២៥ ខែ​មករា។

នេះ គឺជា​ការតវ៉ា​របស់​ក្រុម​និស្សិត​លើក​ដំបូង​នៅ​រដ្ឋការ​ស៊ីវិល​របស់​លោក​ស្រី​អ៊ុង សាន ស៊ូជី ដែល​បាន​ឡើង​កាន់​តំណែង​កាល​ពី​ដើម​ឆ្នាំ ២០១៦។

ក្រុមនិស្សិត គឺជា​អ្នកជំរុញ​ឲ្យ​មាន​ការ​រិះគន់​ផ្នែក​នយោបាយ​ដ៏​សំខាន់ នៅ​ក្រោម​អតីត​របប​យោធា ដែល​បាន​បង្ក្រាប​ទៅ​លើ​ការ​ប្រឆាំង​នៅ​ក្នុង​អំឡុង​ការ​ដឹកនាំ​រយៈពេល ៥០ ឆ្នាំ​នោះ។

ប្រជាជន​ភាគច្រើន​សង្ឃឹម​ថា លោកស្រី​ស៊ូជី ជា​ជយលាភី​ណូបែល និង​ជា​អ្នកទោស​នយោបាយ​ម្នាក់ នឹង​ដឹកនាំ​នៅ​ក្នុង​សករាជ​ថ្មី​មួយ ដែល​មាន​សេរីភាព​ទូលំ​ទូលាយ។

ប៉ុន្តែ​មាន​សំណុំរឿង​បទ​បរិហារ​កេរ្តិ៍ និង​ការ​ចាប់​ខ្លួន​អ្នកកាសែត​ជា​ច្រើន​នាក់ រួមទាំង​ការ​រឹតត្បិត​ការ​រិះគន់​នៅ​ក្នុង​វិស័យ​សិល្បៈ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុទិដ្ឋិនិយម​និង​បង្ក​ឲ្យ​មាន​ការ​ភ័យខ្លាច​ថា សេរីភាព​កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

ករណី​ថ្មី​បំផុត​ដែល​នាំ​ឲ្យ​មាន​ការ​រិះគន់​ខ្លាំង គឺ​ការ​បណ្តេញ​និស្សិត ១៤ នាក់​ចេញ​ពី​សាកល​វិទ្យាល័យ​នៅ​ក្រុង Mandalay ដែល​អំពាវនាវ​ឲ្យ​មាន​ការ​ចំណាយ​បន្ថែម​ទៅ​វិស័យ​អប់រំ​នោះ៕