ភ្នំពេញៈ សហគ្រិនវ័យក្មេងកម្ពុជា៥រូបបានឈ្នះការប្រកួតប្រជែងក្នុងស្រុកកាលពីម្សិលមិញលើ GoSoccer ជាកម្មវិធីអនឡាញដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចកក់តារាងបាល់ទាត់នៅទីក្រុងភ្នំពេញ និងអាចផ្គូផ្គងគូប្រកួតផងដែរ។
និស្សិតមហាវិទ្យាល័យដែលមានគំនិតច្នៃប្រឌិតមួយក្រុមនេះបានជាប់ចំណាត់ទី១ក្នុងចំណោម៥ក្រុមនៅក្នុងការប្រកួតប្រជែង SmartStart ជាកម្មវិធីសហគ្រិនភាពមួយសម្រាប់យុវវ័យកម្ពុជាដែលបានផ្ដល់មូលនិធិដោយក្រុមហ៊ុន Smart Axiata ជាប្រតិបត្តិករទូរគមនាគមន៍ក្នុងស្រុក។
ក្រុមនេះនឹងធ្វើដំណើរទៅប្រទេសសិង្ហបុរីដើម្បីជួបតំណាងក្រុមហ៊ុន Facebook ក្រុមហ៊ុន Google និងក្រុមហ៊ុន Microsoft ខណៈក្រុមហ៊ុន Smart បានផ្ដល់ឲ្យក្រុមនេះនូវឱកាសក្នុងការរកប្រាក់បន្ថែមទៀត ដោយផ្ដល់មូលនិធិក្នុងការអភិវឌ្ឍដល់កម្មវិធីនេះ។
គំនិត GoSoccer នេះត្រូវបានជំរុញដោយនិស្សិត លឹម សេងឃុន ជាមិត្តរួមក្រុមដែលព្យាយាមក្នុងការស្វែងរកអ្នកចូលចិត្តលេងបាល់ទាត់នៅទីក្រុងភ្នំពេញ និងចង់ប្រកួតជាមួយនឹងរូបលោក និងមិត្តរបស់លោក។
លោក លឹម ថ្លែងថា៖ «យើងបានបង្កើតគំនិតនេះឡើងសម្រាប់ស្វែងរកការផ្គូផ្គងដើម្បីប្រកួត ហើយបន្ទាប់មកបានសម្រេចចិត្តដាក់ការកក់តារាងប្រកួតផងដែរ»។
លោកបន្ថែមថា ប្រាក់ចំណេញរបស់ GoSoccer បានពីប្រើប្រាស់កម្មវិធីកក់តារាង ដែលក្នុងនោះមិត្តរួមក្រុមគិតកម្រៃជើងសា៥ភាគរយលើការកក់នីមួយៗ និងលក់កញ្ចប់សមាជិកភាពដល់ប្រតិបត្តិករតារាងបាល់ទាត់ដើម្បីជំរុញឲ្យមានការប្រើប្រាស់តារាងបាល់ទាត់៕ LA