The Phnom Penh Post Search

Search form

និស្សិត ៨០ នាក់​នឹង​ត្រូវ​ជ្រើស​រើស​ចូល​រៀន​ជំនាញ​បច្ចេក​ទេស​ ​អេឡិចត្រូនិច

Content image - Phnom Penh Post

និស្សិត ៨០ នាក់​នឹង​ត្រូវ​ជ្រើស​រើស​ចូល​រៀន​ជំនាញ​បច្ចេក​ទេស​ ​អេឡិចត្រូនិច

ភ្នំពេញៈ សិស្ស​-និស្សិត​ចំនួន ៨០ នាក់​នឹង​ត្រូវ​ជ្រើស​រើស​ឲ្យ​ចូល​រៀន វគ្គ​បណ្តុះ​បណ្តាល លើ​ជំនាញ​បច្ចេក​ទេស​អេឡិចត្រូនិច​ជំនាន់​ទី ៣ ចំនួន ៤ ខែ​ នៅ​ Samsung Tech Institute ស្ថិត​ក្នុង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេក​ទេស​កម្ពុជា ដែល​គាំាទ្រ និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Samsung។

វគ្គ​​សិក្សា​លើ​ជំនាញ​បច្ចេក​ទេស​ទាំង​នោះ រួមមាន ជំនាញ​ជួស​ជុល​ទូរស័ព្ទដៃទំនើបៗ ​ម៉ាស៊ីន​ត្រជាក់​ ទូទឹក​កក​ និង​ម៉ាស៊ីន​បោក​សម្លៀក​បំពាក់ ​​ជា​ដើម។

ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​ជំនាន់​ទី២ និង​ប្រកាស​បើក​វគ្គ​បណ្តុះ​បណ្តាល​ជំនាន់​ទី ៣ កាល​ពី​ម្សិលមិញ លោក Warren Yue Choon Chew តំណាង​ក្រុមហ៊ុន Samsung ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា «ក្រុម​ហ៊ុន​ Samsung ​ឲ្យ​តម្លៃ​ខ្ពស់​ ចំពោះ​ការ​រួម​ចំណែក​អភិវឌ្ឍន៍​សង្គម ជាពិសេស​ការ​ចូល​រួម ​អភិវឌ្ឍន៍​​វិស័យ​អប់រំ​បច្ចេក​ទេស​ដល់​និស្សិត​ខ្មែរ តាំង​ពី​ឆ្នាំ ​២០១៤​​ តាម​រយៈ​វិទ្យា​ស្ថាន​ជាតិ​បច្ចេក​ទេស​កម្ពុជា​»។

លោក​បន្ត​ថា ក្នុង​រយៈ​ពេល ​២ ឆ្នាំ​មក​នេះ​ មាន​​និស្សិត​សិក្សា​លើ​ជំនាញ​បច្ចេក​ទេស​ទាំងនេះ​ជាង ​១០០ នាក់​ ហើយ​ក្នុង​ចំណោម​នោះ​ ក៏​មាន​និស្សិត​ជាង ​១០ ​នាក់​ បាន​ទទួល​ការ​ងារ​​នៅ​ក្រុម​ហ៊ុន​ Samsung​ ភ្នំ​ពេញ​។ ហើយ ​​និស្សិត​​ជាច្រើន​នាក់​ផ្សេង​ទៀត ទទួល​ការងារ​​ពី​​ស្ថាប័ន​ផ្សេងៗ​​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​​ផង​ដែរ​។

លោក​ ប៉ុក ប៉ាន់ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​​សម្ដែង​ការ​​សាទរ​​ ចំពោះ​ក្រុម​ហ៊ុន​ Samsung ​ដែល​តែង​​ខិត​ខំ​ប្រឹង​ប្រែង​ចូលរួម​ចំណែក​ធ្វើ​កិច្ច​ការ​សង្គម​ជា​ច្រើន​​មក​នេះ​។

លោក​​ថ្លែង​ក្នុង​កម្ម​វិធី​នោះ​ដែរ​ថា៖ «​ពេល​បាន​ឃើញ​កំណើន និង​ចំណាប់​អារម្មណ៌​របស់​ក្មួយ​ៗជាយុវជន និង​យុវ​នារី​កម្ពុជា​ ក្នុង​វិស័យ​បណ្ដុះ​បណ្ដាល​បច្ចេក​ទេស​ និង​វិជ្ជា​ជីវៈ ក្នុង​នាម​ខ្ញុំ​ផ្ទាល់​ដែល​បាន​ដឹក​នាំ​វិស័យ​នេះ​ជា​យូរ​ឆ្នាំ​មក​ហើយ​ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ និង​ក្ដី​សង្ឃឹម​ជា​ខ្លាំង​ចំពោះ​ការ​អភិវឌ្ឍ និង​វឌ្ឍនភាព​​នៃ​ប្រទេស​កម្ពុជា​នាពេល​ខាង​មុខ​»។

យោង​តាម​របាយការណ៌​សង្ខេប​ដោយ​គណៈ​គ្រប់​គ្រង​វគ្គ​​​​បណ្ដុះ​បណ្ដាល​​នេះ និស្សិត​ក៏​​​នឹង​​​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រ​ចាំ​ខែ​ (៣០ ​ដុល្លារ​ក្នុង ​១ ខែ សម្រាប់​ការ​សិក្សា​រយៈពេល​ ៤ ​ខែ)​ ព្រម​ទាំង​សម្ភារៈ​សិក្សា​មួយ​ចំនួន​ និង​ឱ​កាស​ទទួល​បាន​ការ​ងារ​នៅ​ក្រុម​ហ៊ុន​ Samsung​ អេឡិច​ត្រូនិច​ បន្ទាប់​ពី​បញ្ចប់​វគ្គ។

​បើ​តាម​ប្រសាសន៍​របស់​ លោក​ ប៊ុន ភារិន នាយក​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេក​ទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ដែរ​ថា​ ដោយ​សា​រ​ទទួល​បាន​ការ​គាំ​ទ្រ និង​ជោគ​ជ័យ​ជា​ខ្លាំង​ពី​វគ្គ​បណ្ដុះ​បណ្ដាល​នេះ​ ក្រុម​ហ៊ុន​ Samsung​ ​គ្រោង​នឹង​ពង្រីក​ការ​បណ្ដុះ​បណ្ដាល​​នៅ​តាម​បណ្ដា​ខេត្ដ​នានា​ផង​ដែរ​៕

អត្ថបទគួរចាប់អារម្មណ៍

  • គម្រោង​ធំៗ​ជាច្រើន​អាច​នឹង​លេច​ឡើង​នៅ​តាម​មាត់ទន្លេ

    ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏ធំ​មួយ​របស់​ចិន​មាន​ប្លង់​រចនា​ក្នុង​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ឆ្នេរ​ទន្លេ​ដែល​គម្រោង​នោះ​រួម​មាន​ខុនដូ​ប្រណីត អគារ​ការិយាល័យ ខណៈ​បច្ចុប្បន្ន​ទីតាំង​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ​។

  • ស្ថាបត្យកម្ម និង​វិចិត្រសិល្បៈ គឺ​មិន​អាច​ញែក​ដាច់​ពី​គ្នា​បាន​ឡើយ

    នៅក្នុង​បន្ទប់​សិក្សា​ក្នុង​ផ្ទះ​ធំ​មួយ​នៅ​តាម​មាត់ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ លោក ថាង សុធា វ័យ​ ៣៥ ​ឆ្នាំ​កំពុង​ពិនិត្យ​មើល​ប្លង់​រចនា 3D របស់​បន្ទប់​គេង​នៃ​អាផាតមិន​មួយ​ដែល​ជា​ផ្នែក​នៃ​គម្រោង​កែលម្អ​ចុងក្រោយ​បំផុត​ដែល​លោក​បាន​ចូលរួម​ធ្វើ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន នៅ​លើ MacBook ដើម្បី​បំផុស​គំនិត​សម្រាប់​ការងារ​នាពេល​អនាគត​។

  • ត្រី​ចិញ្ចឹម​ប្រមាណ​ ១២ ​តោន​ងាប់​ដោយ​កម្ដៅ​ពេល​ទឹក​ស្រក

    កំពង់ឆ្នាំងៈ យ៉ាង​ហោចណាស់​ត្រី​ចិញ្ចឹម​តាម​ដង​ទន្លេ​ស្ថិត​ក្នុង​សង្កាត់​ខ្សាម និង​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង​ប្រមាណ​ជា​ ១២ ​ពាន់​គីឡួ​បាន​ងាប់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ ព្រោះ​តែ​ទឹក​បាន​ស្រក​ចុះ​ជា​គំហុក និង​ក្ដៅ​ខ្លាំង​។ នេះ​បើ​យោង​តាម​ការរៀបរាប់​របស់​ប្រជានេសាទ​ក្នុង​តំបន់​នោះ​ដែល​មាន​ប្រមាណ​ជា​ ៧០ ​គ្រួសារ​។

  • ព្រះរាជអាជ្ញា​ភ្ជាប់​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​ជា​ចលនា​បដិវត្តន៍​ពណ៌

    ភ្នំពេញៈ សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ​បាន​បញ្ចប់​សវនការ​ជំនុំជម្រះ​សំណុំ​រឿង​ហិង្សា​នៅ​ស្ពាន​នាគ​កាលពី​ខែ​កក្កដា ឆ្នាំ ២០១៤ ដោយ​ព្រះរាជអាជ្ញា និង​មេធាវី​ការពារ​ដើមបណ្ដឹង​សម្រេច​ភា្ជប់​ករណី​ហិង្សា​នោះ​ទៅ​នឹង​បដិវត្តន៍​ពណ៌ បន្ទាប់ពី​សវនការ​រយៈពេល​ ៣ ​ថ្ងៃ​ជាប់ៗ​គ្នា​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ភាគី​ជនរងគ្រោះ​ថា​គ្មាន​អំពើ​កុបកម្ម​កើតឡើង​ទេ​ និង​ស្នើ​ដល់​តុលាការ​ឲ្យ​ដោះលែង​ពួកគេ​។