The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - និស្សិត IT ម្នាក់​បង្កើត​ក្ដាចុច​ភាសាខ្មែរ​​លើ​ស្មាតហ្វូន​ថ្មី​ ងាយ​ស្រួល​ប្រើ ល្បឿន​លឿន​

និស្សិត IT ម្នាក់​បង្កើត​ក្ដាចុច​ភាសាខ្មែរ​​លើ​ស្មាតហ្វូន​ថ្មី​ ងាយ​ស្រួល​ប្រើ ល្បឿន​លឿន​

Content image - Phnom Penh Post

និស្សិត IT ម្នាក់​បង្កើត​ក្ដាចុច​ភាសាខ្មែរ​​លើ​ស្មាតហ្វូន​ថ្មី​ ងាយ​ស្រួល​ប្រើ ល្បឿន​លឿន​

ភ្នំពេញៈ យុវជន​កូន​ខ្មែរ​មួយ​រូប ក្រោយ​​ទទួលរង​សម្ពាធ និង​​ការ​ឈឺ​ចាប់​ពី​បរទេស​ ជាមួយ​សំណួរ​ជាច្រើន​អំពី​ការ​ប្រើ​ប្រាស់​ភាសា​កំណើត​ សម្រាប់​សរសេរ និង​ទំនាក់​ទំនង បាន​សម្រេច​ចិត្ដ​​បង្កើត​ក្ដាចុច​ភាសាខ្មែរ (Khnhom Khmer Keyboard) ដែល​អាច​បង្កើន​ល្បឿន ​ក្នុង​ការ​សរសេរ​​បាន​លឿន ងាយ​ស្រួល​ប្រើ ឆាប់​ចាំ​ ស្អាត​សមទៅ​នឹង​ស្មាត​ហ្វូន​ ដំបូង​គេ​ ជាមួយ​ទូរស័ព្ទ​ដំណើរ​ការ​ប្រព័ន្ធ iOS ។

លោក វ៉ា ពុធនិត្យ យុវជន​អ្នក​បង្កើត​កម្មវិធី​ក្ដា​ចុច​ខ្មែរ​នេះ បាន​ប្រាប់​គេហទំព័រ​យុវវ័យ​ LIFT ​ថា៖ «ពេល​ដែល​ខ្ញុំ​បាន​ចេញ​ទៅ​សិក្សា​នៅ​បរទេស​​ ខ្ញុំ​មាន​អារម្មណ៍​អាម៉ាស់​​ខ្លាំងណាស់​ ​ពេល​​មិត្ត​ភក្តិ​បរទេស​ជាច្រើន​សួរ​សំណួរ​មួយ​មក​ខ្ញុំ​ថា ហេតុអ្វី​បាន​ជា​អ្នក​ប្រើប្រាស់​ភាសា​អង់គ្លេស​សម្រាប់​ការ​សន្ទនា និង​សរសេរសារ?»។

លោក​បន្ដ​ថា «ស្តាប់​ពី​ដំបូង​ទៅ យើង​គិត​ថា​ វា​គ្រាន់​តែ​ជា​រឿង​កំប្លែង​ដែល​ធ្វើ​ឲ្យ​យើង​សើច​សប្បាយ ក៏​ប៉ុន្តែ ប្រសិន​ជា​យើង​គិត​ឲ្យ​កាន់​តែ​ជ្រៅ​ យើង​កំពុង​តែ​ស្ថិត​នៅ​លើ​ផ្លូវ​ដែល​ឈាន​ទៅ​ដល់​ការ​បាត់​បង​អក្សរ​កំណើត​​របស់​យើង​ហើយ»។

Content image - Phnom Penh Post

លោក​ វ៉ា ពុធនិត្យ យល់​ឃើញ​កត្ដា​ពីរ​សំខាន់​ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​យុវជន​មិន​និយម​ប្រើប្រាស់​អក្សរ​កំណើត។

លោក​ថា «ទី ១ បណ្ដាល​មក​ពី ភាសា​ខ្មែរ​មាន​ភាព​យឺត​យ៉ាវ​ពេក​ក្នុង​ដាក់​ដំណើរ​ការ​​តាម​ប្រព័ន្ធ ​ដូច​ជា​ កុំ​ព្យូទ័រ​​ និង ទូរស័ព្ទ​ស្មាតហ្វូន និង​ទី ២ ក្តារ​ចុច​ភាសាខ្មែរ​ពិបាក​ក្នុង​ការ​រៀន ដោយ​សារ​តែ​វា​មាន​សភាព​យឺត​យ៉ាវ​ និង​ស៊ាំញាំ សូម្បី​តែ​ក្នុង​ការ​សរសេរ​ប្រយោគ​ធម្មតា ​ឬ ន័យ​សាមញ្ញ​ក៏​ដោយ»។

កម្មវិធី ក្ដាចុច​ខ្ញុំ​ខ្មែរ​ នេះ​បាន​ដាក់​ដំណើរ​ការ​ដំបូង​តាំង​ពី ខែធ្នូ ​ឆ្នាំ ២០១៤ នៅ​លើ App Store ដែល​អាច​ទាញយក​មក​ប្រើ​ប្រាស់​បាន​ជាមួយ​នឹង​ប្រភេទ​ទូរស័ព្ទ​ស្មាត​ហ្វូន​ដែល​បាន​ដំឡើង​ដល់​កម្រិត​ ១.២ (version 1.2)។

អតីត​និស្សិត​ផ្នែក​ ព័ត៌មាន​វិទ្យា​នៅ​សកលវិទ្យាល័យ​ ភូមិន្ទ​ភ្នំពេញ បាន​អាហារ​ករណ៍​ផ្នែក​វិស្វកម្ម​ ទៅរៀន​នៅ ​កូរ៉េ​ខាង​ត្បូង ​​ក្នុង​ឆ្នាំ​ ២០១០ និង​កំពុង​បន្ដការ​សិក្សា​អាហារូបករណ៍ ថ្នាក់​បណ្ឌិត​ ​​នៃ​សកលវិទ្យាល័យ EVora ក្នុង​ប្រទេស​ ព័រទុហ្កាល បាន​បន្ត​​ថា «ខ្ញុំ​ចង់​ឲ្យ​មនុស្ស អាច​រៀន វា​បាន​លឿន​និង​ប្រើ​វា​បាន​ល្អ។ ដូច្នេះ​ ខ្ញុំ​ចាប់​ផ្តើម​ ជា​មួយ​នឹង​អ្វី​ដែល​ សាមញ្ញ ​អ្វី​ដែល​ងាយ​ស្រួល​យល់ ​និង​ឆាប់​ចាំ​។ អញ្ចឹង​ក្ដាចុច​នេះ​ បាន​ផ្តោត​សំខាន់​លើ​អ្នក​ប្រើ​ថ្មី ​និង​មនុស្ស​ចាស់​ ដែល​មិន​ធ្លាប់​ប្រើ​ ឬ​មាន​ការ​លំបាក​ ក្នុង​ការ​ចងចាំ»។

លោក​សង្ឃឹម​ថា «ក្ដាចុច​ខ្មែរ​មួយ​នេះ​នឹង​អាច​ជួយ​ជំរុញ​ឲ្យ​យើងបែរមក​សរសេរ​អក្សរ​ខ្មែរ​បាន​កាន់​តែ​ច្រើន​ជាង​មុន និង​​ផ្ដល់​អត្ថប្រយោជន៍​ថ្មី​មួយ​ទៀត​ដល់​សង្គម​ជាតិ»៕

អត្ថបទគួរចាប់អារម្មណ៍