ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ​(ISI STEEL) បាន សហការ ជាមួយ វិទ្យាស្ថាន​ជាតិ បណ្តុះ​បណ្តាល​បច្ចេកទេស (NTTI) ក្នុង​ការ​អនុញ្ញាត​ឲ្យ​និស្សិត​ឆ្នាំ​ទី ៤ ដេប៉ាតឺម៉ង់​អគ្គិសនី​ចំនួន ៣៥ នាក់​ចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា​រោងចក្រ​កែច្នៃ​ដែក​របស់​ខ្លួន​ កាល​ពី​សប្តាហ៍​មុន ដើម្បី​​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​និង​ពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា។

ទស្សនកិច្ច​សិក្សា​នេះ​ ជា​ការ​ផ្តល់ឱកាសដ៏​សំខាន់​ដល់​សិស្ស​និស្សិត​ដែល​ត្រៀម​​​បញ្ចប់​ការ​សិក្សា​ធ្វើ​ការ​​​ស្វែង​យល់​ដោយ​ផ្ទាល់​​នូវ​ស្ថានភាព និង​បរិយាកាស​ការងារ​ជាក់ស្តែង ក្នុង​ក្រុមហ៊ុន ដើម្បី​ទទួល​បាន​បទពិសោធន៍​បន្ថែម​លើ​ចំណេះដឹង និង​ជំនាញ​របស់​​ខ្លួន។ ​

លើស​ពី​នេះ​ទៅ​ទៀត សិស្សនិស្សិត​បាន​​សិក្សា​ស្វែង​យល់​ដោយ​ផ្ទាល់​លើ​វិស័យ​ឧស្សាហកម្ម​ដែក​ដោយ​ទទួល​បាន​នូវ​បទ​ពិសោធន៍​​​ការងារ​ជាក់ស្តែង​ដែលជា​​គ្រឹះ​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​សមត្ថភាព ដើម្បី​ត្រៀម​ខ្លួន​ទុក​ជាមុន​​​សម្រាប់​ការ​ស្វែង​រក​ការងារ​ធ្វើ​​ក្រោយ​បញ្ចប់​ការសិក្សា។​

ទស្សនកិច្ច​សិក្សា​នេះ​​ក៏​បាន​បង្កើន​​ទំនាក់ទំនង​កាន់​តែ​​ល្អ​ផង​ដែរ​រវាង​និស្សិត​​ ថ្នាក់ដឹកនាំ ​និង​បុគ្គលិក​របស់​ក្រុមហ៊ុន ISI STEELថែម​ទាំង​ផ្តល់​លទ្ធភាព​ឱ្យ​ពួក​គេ​បាន​ស្វែង​យល់​លម្អិត​អំពី​ស្ថានភាព និង​លក្ខខណ្ឌ​ការងារ​ជាក់​ស្តែង​ មុន​ពេល​ចេញ​បម្រើ​ការងារ​នៅ​តាម​បណ្តា​ក្រុមហ៊ុន និង​រោងចក្រ​ឧស្សាហកម្ម​ផ្សេងៗ។

កម្មវិធី​ទស្សនកិច្ច​សិក្សា​នេះ បាន​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាងកក់​ក្តៅ​ពី​សំណាក់​លោក កៅ ម៉េងឆួន នាយក​ប្រតិបត្តិ ក្រុមហ៊ុន ISI STEEL ដោយ​ផ្ទាល់​រួម​ជាមួយ​បុគ្គលិក​ក្រុមហ៊ុន​ផងដែរ ហើយ​ក៏​មាន​ការ​ធ្វើ​បទ​បង្ហាញ​អំពី​លក្ខខណ្ឌ​ការងារ និង​ផលិតផល​ដែក​របស់​ក្រុមហ៊ុន ការ​ណែនាំ​អំពី​ខ្សែ​សង្វាក់​ផលិតកម្ម​ដែក​ និង​ប្រព័ន្ធ​ស្តង់ដារ​សុវត្ថិភាព ៥ស (5S) សម្រាប់​បុគ្គលិក​បម្រើ​ការងារ​ក្នុង​រោងចក្រ ISI STEEL ផងដែរ៕