ភ្នំពេញៈ ស្ថាប័ន​អប់រំ ១៤ មកពី​ប្រទេស​ នូវែ​ល​ហ្សេ​ឡង់​​ នឹងធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ ដើម្បី​ចូលរួម​ពិ​ព័​ណ៍​ពី​ការសិក្សា​នៅ​​នូ​វែ​ល​សេ​ឡង់​ ​រៀបចំ​ជា​លើក​ទី៦ដោយ​ស្ថាប័ន ​IDP Education នៅ​ថ្ងៃទី ២៨ ខែ​មីនា ឆ្នាំ ២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ ខាងមុខនេះ​ចាប់ពី​ម៉ោង ៩ ព្រឹក​ដល់​ម៉ោង ៤ ល្ងាច។ការចូលរួម​ពិ​ព័​ណ៍​នេះ​មិនមាន​ការគិតថ្លៃ​ឡើយ។

ពិ​ព័​ណ៍​ពី​ការសិក្សា​នៅ​​នូ​វែ​ល​សេ​ឡង់​​នេះ ​ផ្តល់​ជា​វេទិកា​ដ៏​ល្អ​បំផុត​សម្រាប់ សិស្ស​និស្សិត និង អាណាព្យាបាល ធ្វើ​ការជួប​ផ្ទាល់​ជាមួយ សាលា សាកលវិទ្យាល័យ និង ស្ថាប័ន​អប់រំល្បីៗមកពី ទូទាំងប្រទេស​​នូ​វែ​ល​សេ​ឡង់​ ​ចាប់ពី​ថ្នាក់ វិទ្យាល័យ ថ្នាក់​ប​ចេ្ច​ក​ទេស ឧ​ត្ត​មសិ​ក្សា និង ថ្នាក់ ក្រោយ​ឧ​ត្តមសិ​ក្សា​ផងដែរ។

ស្ថាប័ន​អប់រំ របស់​ប្រទេស​​នូ​វែ​ល​សេ​ឡង់​ ទាំងនេះ​នឹង ធ្វើការ​ណែនាំ​អំពី​ជម្រើស​សិក្សា ​និង ​ស្វែងយល់​អំពី​លទ្ធផល​កម្មវិធី​ដែល​រួមបញ្ចូល​ទាំង​ជម្រើស​អាជីព ​បន្ទាប់ពី​បញ្ចប់​ការសិក្សា។ បន្ថែម​ពីនេះ​ទៀត​សិស្ស​និស្សិត​អាច​ស្វែងយល់​តម្រូវការ​ចុះឈ្មោះ​ចូលរៀន​ព័ត៌មាន​អំពី​អាហារូបករណ៍​និង ការដាក់​ពាក្យសុំ​ទិដ្ឋាការ​ទៅ​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់។

អគ្គនាយក​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ស្ថាប័ន ​IDP/ACE លោក ​ម៉ៅ​ ស្រេង​ បាន​មានប្រសាសន៍ថា៖ ‍«ពិ​ព័​ណ៍​ពី​ការសិក្សា​នៅ​ណូ​វែ​ល​ហ្សេ​ឡង់​នេះ​គឺជា​វេទិកា​ដ៏​ល្អ​មួយ​សម្រាប់​និស្សិត​កម្ពុជា​ពិចារណា​ការសិក្សា​នៅ​បរទេស។ សិស្ស​និស្សិត​កម្ពុជា​ កាន់តែច្រើនឡើងៗកំពុង​ទទួលស្គាល់​តម្លៃ​នៃ​ការសិក្សា​នៅ​បរទេស​ដើម្បី​ផ្តល់នូវ​អត្ថប្រយោជន៍​ប្រកួតប្រជែង​ក្នុង​អាជីព​ការងារ របស់​ពួកគេ​ហើយ​នៅពេល ដែល​ប្រទេស​កម្ពុជា បន្ត អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ធ្វើ​សមាហរណកម្ម​កាន់តែច្រើន​ជាមួយ​អាស៊ាន​ការទទួលបាន​ការអប់រំ​លំដាប់​ពិភពលោក​ពី​ប្រទេស​នូ​វែ​ល​សេ​ឡង់​អាចជា​ទ្រព្យ​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​សិស្ស​និស្សិត​កម្ពុជា​ក្នុងការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារការងា​រ»។

មន្ត្រី​មណ្ឌល​ប្រលង IELTS ប្រចាំ​ប្រទេស​កម្ពុជា ក៏​នឹង​ត្រៀមខ្លួន ផ្តល់ ប្រឹក្សា​ពី ការចុះឈ្មោះ​ប្រលង និង​ការ​ត្រៀមប្រលង​ ​IELTS។

ដោយឡែក មជ្ឈមណ្ឌល​អូ​ស្រា្ត​លី​សម្រាប់​ការបណ្តុះបណ្តាល (ACE) ក៏​នឹងមាន​វត្តមាន​ក្នុង​កម្មវិធី​នេះ ដើម្បី​ផ្តល់នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការសិក្សា​ភាសា​អង់គ្លេស​ដើម្បី​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ​តម្រូវ​របស់​ស្ថាប័ន​អប់រំ​​នូ​វែ​ល​សេ​ឡង់។

ប្រធាន​ផ្នែក​ទំនាក់ទំនង​សិស្ស​និស្សិត​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​លោក​ឈាង​វ៉ាន់​តាក់​បាន​មាន​ប្រសា​ស​ន៌​ថា៖ «យើង​ផ្តល់​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការផ្តល់​សេវាកម្ម​ដ៏​ល្អ​បំផុត​សម្រាប់​សិស្ស​និស្សិត​និង​អាណាព្យាបាល»។

លោក​បាន​មាន​ប្រសា​ស​ន៌​បន្ថែមថា៖ «គ្រឹះស្ថាន​អប់រំ​លំដាប់ថ្នាក់​ពិភពលោក​របស់​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​ដែល​ត្រូវបាន គេទទួលស្គាល់​ជា​អន្តរជាតិ ហើយ​មានកេរ្តិ៍ឈ្មោះ​ថា​ជា​ប្រទេស​ដែល​សុវត្ថិភាព​ក្នុងកា​រស់នៅ​និង​មាន​បរិយាកាស​សិក្សា​ល្អ​ជាមួយ​វប្បធម៌​ចំរុះ​ជា​ជម្រើស​ដ៏​ល្អ​ក្នុង​ការសិក្សា​សម្រាប់​សិស្ស​និស្សិត។ សិស្ស និស្សិត​អាចធ្វើ​ការ​ក្រៅ​ម៉ោង​ខណៈពេលដែល​សិក្សា​នៅ​ប្រទេស​​​នូ​វែ​ល​សេ​ឡង់»។

​នូ​វែ​ល​សេ​ឡង់ ​ត្រូវបាន​ក្លាយជា​គោលដៅ​ដ៏​ពេញនិយម​មួយ​សម្រាប់​សិស្ស​និស្សិត​កម្ពុជា ​ដើម្បី​បន្ត​ការសិក្សា​ជា​រៀងរាល់ឆ្នាំ៕