ក្រុងអូតាវ៉ា: បណ្ណាល័យឥតគិតថ្លៃហាស្គេល (Haskell Free Library) និងរោងមហោស្រព (Opera House) មានអាសយដ្ឋាន ២ ផ្សេងគ្នា។ យ៉ាងណាអាសយដ្ឋានទាំង ២ ពិតជាត្រឹមត្រូវដូចគ្នា ហើយអ្នកផ្ដល់សេវាកម្មដឹកជញ្ជូននឹងជូនអ្នកទៅដល់អគារនោះដូចគ្នា។
អ្វីដែលជាបញ្ហាចោទនោះគឺថា អ្នកមកពីប្រទេសណា? ឃើញទេ! បណ្ណាល័យឥតគិតថ្លៃហាស្គេល និងរោងមហាស្រព ស្ថិតនៅលើខ្សែបន្ទាត់ព្រំដែនទឹកដីកាណាដា និងសហរដ្ឋអាមេរិក។
ជាទីក្រុងព្រំដែន Derby Line និង Stanstead ចែករំលែកនូវលក្ខណពិសេសដូចគ្នា ដែលយើងនឹងបានដឹង។
បណ្ណាល័យ និងរោងមហោស្រពត្រូវបានកសាងឡើងដោយជនជាតិអាមេរិកឈ្មោះ កាឡូស ហាស្គេល និងភរិយាកាណាដានាម ម៉ារថា ស្ដេវើដ ហាស្គេល និងបានបរិច្ចាគឲ្យពលរដ្ឋទាំង ២ ប្រទេសប្រើប្រាស់ជាប្រយោជន៍។
វាត្រូវបានសាងសង់លើព្រំដែន ដែលងាយស្រួលដល់ទាំងជនជាតិអាមេរិក និងកាណាដាមានលទ្ធភាពចូលបណ្ណាល័យដូចគ្នា។
រយៈពេលជាច្រើនទសវត្សរ៍ បណ្ណាល័យបានក្លាយជាមជ្ឈមណ្ឌលដែលពលរដ្ឋមកពីប្រទេសទាំង ២ ជួបប្រាស្រ័យទាក់ទងគ្នា។ បណ្ណាល័យហាស្គេល អាចជាកន្លែងតែមួយគត់ដែលសមាជិកត្រូវបានបែងចែកដោយព្រំដែនទឹកដីកាណាដា-អាមេរិក អាចជួបមុខគ្នាដោយមិនចាំបាច់បំពេញបែបបទឆ្លងប្រទេស។
ពីដើមឡើយស្ដ្រីក្រុង Stanstead ប្រទេសកាណាដា បានបើកបររថយន្ដទៅកាន់ រដ្ឋ Vermon របស់អាមេរិក ដើម្បីសម្រាលកូនដោយសារខ្វះមណ្ឌលសុខភាពរដ្ឋ និងវិថីល្អស្អាតទៅកាន់មន្ទីរពេទ្យនៅកាណាដា។ ដូច្នេះពលរដ្ឋវ័យកណ្ដាល និងជ្រេជាច្រើនក្នុងក្រុងនេះ ម្នាក់ៗសុទ្ធតែមានសញ្ជាតិ។
ថ្វីដ្បិតតែ Derby Line និងStanstead ប្រើកូដទូរស័ព្ទ ២ ផ្សេងគ្នា ការខលទូរស័ព្ទរវាងក្រុងទាំង ២ មិនខុសពីការខលក្នុងស្រុកឡើយ។
បណ្ណាល័យហាស្គេល និងរោងមហាស្រព ត្រូវបានទទួលស្គាល់ជាតំបន់ប្រវត្ដិសាស្ដ្រសម្រាប់ទាំង ២ ប្រទេសដោយសារតម្លៃបេតិកភណ្ឌដ៏ចម្លែកស្ថិតលើព្រំដែននេះ៕HR