ភ្នំពេញៈ លោក គីម វូ ថេក (Kin Woo Taek) បានចំណាយពេលវេលាផ្ទាល់ខ្លួនជាង ៤ ឆ្នាំ ដើម្បីបង្កើតវចនានុក្រមភាសាខ្មែរ-កូរ៉េ-អង់គ្លេស ឈ្មោះ «Phum Korean Dictionary» ជាសៀវភៅមានកម្រាស់ជាង ១ ពាន់ទំព័រនិងបានកែសម្រួលជា App ស្មាតហ្វូន ឲ្យសាធារណជនអាចទាញយកទៅប្រើប្រាស់ដោយសេរី។
លោក គីម វូ ថេក ថ្លែងប្រាប់ LIFT ម្សិលមិញថា វចនានុក្រមនេះលោកបង្កើតឡើងដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងនិយមសិក្សាភាសា កូរ៉េ ពិសេសពលករដែលត្រូវចេញទៅធ្វើការនៅកូរ៉េ។
លោកថ្លែងថា «វចនានុក្រមនេះ អាចជួយសម្រួលដល់ប្រជាជនកម្ពុជា ដែលចង់សិក្សាភាសាកូរ៉េ ហើយ ប្រជាជនកូរ៉េ ក៏អាចប្រើប្រាស់ក្នុងការបកប្រែភាសាខ្មែរបានដែរ»។
ស្ថាបនិកវចនានុក្រម ៣ ភាសារូបនេះ បន្តថា ដំបូងលោកគ្រាន់តែចង់បង្កើតវចនានុក្រមភាសាខ្មែរ-កូរ៉េ-អង់គ្លេស ជាសៀវភៅប៉ុណ្ណោះ ប៉ុន្ដែក្រោយមកលោកចង់ឲ្យប្រជាពលរដ្ឋបានប្រើប្រាស់កាន់តែទូលំទូលាយ ដូច្នេះក៏បានសហការជាមួយក្រុមហ៊ុន Biz Solution ដែលមានជំនាញលើផ្នែកអភិវឌ្ឍន៍កម្មវិធីប្រព័ន្ធទូរស័ព្ទ និងកុំព្យូទ័រ និងទស្សនៈវិស័យជួយសង្គមដូចគ្នា ក៏បានឲ្យក្រុមពួកគាត់ជួយបង្កើត App ស្មាតហ្វូនតែម្ដង ។

លោកនិយាយថា «ពួកយើងមានគំនិតគោល ចង់បង្កើតវាទៅជាកម្មវិធីឌីជីថល ដែលអាចទាញយកទៅប្រើប្រាស់បានដោយឥតគិតថ្លៃ នៅលើទូរស័ព្ទស្មាតហ្វូន និងកុំព្យូទ័រផងដែរ» ។
លោកស្រី សោម សុភាព ភរិយាលោក គីម វូ ថេក បានបង្ហាញអារម្មណ៍រីករាយ និងមោទនភាពយ៉ាងខ្លាំង ដែលស្វាមីខ្លួនជាបរទេស តែអាចមកបង្កើតវចនានុក្រមជាភាសាខ្មែរ សម្រាប់ប្រជាជនខ្មែរ ។
លោកស្រីថ្លែងថា «ខ្ញុំពិតជាសប្បាយចិត្ដណាស់ ដែលឃើញគាត់បានបង្កើតសៀវភៅមួយក្បាលដែលមានតម្លៃបែបនេះ ព្រោះគាត់ម្នាក់ឯង គាត់ចង់ឲ្យមនុស្សជាច្រើនទៀតរៀនពីគាត់ ហើយអ្នកផ្សេងជាច្រើនទៀតគេអាចទទួលបានផលប្រយោជន៍ពីវចនានុក្រមនេះ» ។
លោកស្រីបន្ថែមថា មុនពេលស្វាមីលោកស្រីបង្កើត អេហ្វស្មាតហ្វូន វចនានុក្រមនេះ គាត់បានបង្កើត វចនានុក្រមជាសៀវភៅមុន ហើយតាមរយៈការឆ្លងកាត់បទពិសោធន៍ជាច្រើននៃការស្រាវជ្រាវចងក្រងសៀវភៅ ដែលបានចំណាយពេលជាង ៤ ឆ្នាំ លោកស្រីជឿជាក់ថា វចនានុក្រមនេះ ពិតជាអាចផ្ដល់ភាពត្រឹមត្រូវជូនអ្នកប្រើប្រាស់ទាំងអស់យ៉ាងមានប្រសិទ្ធិភាព ។
លោក រិន សុជា ប្រធានផ្នែកលក់នៃ Biz Solution បានប្រាប់ឲ្យដឹងដែរថា ដំបូងលោក លោក គីម វូ ថេក គាត់មានសៀវភៅ និង ឯកសារ (Soft)អស់ទៅហើយ ខាងលោកគ្រាន់តែជួយក្នុងការបង្កើតកម្មវិធីដើម្បីយកមកដាក់នៅលើកម្មវិធីស្មាតហ្វូនប៉ុណ្ណោះ ។
លោកបញ្ជាក់ថា «តាមពិតទៅគោលបំណងដែលគាត់ចង់បង្កើតវចនានុក្រមនេះ ព្រោះគាត់ចង់ទាញប្រជាជនខ្មែរដែលចង់រៀនភាសាកូរ៉េ និងប្រជាជនកូរ៉េដែលចង់រៀនខ្មែរ ឲ្យកាន់តែមានភាពងាយស្រួល» ៕