ភ្នំពេញៈ ក្រុមហ៊ុន អនុស្សា គាំទ្រដោយក្រសួងពាណិជ្ជកម្ម និងឧបត្ថម្ភធំដោយក្រុមហ៊ុន ស្តារអូតូខេមបូឌា បានរៀបចំកម្មវិធី ពិព័រណ៍កុមារ និងគ្រួសារលើកទី ៤ ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៧-១៨ ខែមិថុនា នៅអគារពិព័រណ៍កោះពេជ្រ ខណៈពិព័រណ៌ឆ្នាំនេះ មានប្រកួតជ្រើសរើស «ជើងឯកអ្នកអក្សរសាស្ត្រវ័យក្មេង» និង កម្មវិធីប្រកួតជាច្រើនទៀត ដើម្បីស្វែងរកទេព្យកោសល្យពិតរបស់កុមារ ។
លោក សេង ពិសិដ្ឋ នាយកប្រតិបត្ដិក្រុមហ៊ុនអនុស្សា បានប្រាប់ LIFT-យុវវ័យ ឲ្យដឹងថា ការបង្កើតពិព័រណ៌នេះ ដើម្បីជំរុញភាពក្លាហាន និងជាថ្នាលសម្រាប់អភិវឌ្ឍចំណេះដឹង និងថែរក្សាអក្សរសាស្ត្រខ្មែរ ក៏ដូចជាបណ្ដុះស្មារតីប្រកួតប្រជែងរបស់កុមារកម្ពុជាឲ្យកាន់តែមានភាពខ្លាំងក្លា។
លោកបន្ដថា «ម៉ែឪឥឡូវគ្មានអ្នកណាគេសូវចេះខ្មែរទេ អញ្ចឹងពិព័រណ៌នេះ ក៏ដើម្បីចូលរួមរំលឹកដល់ពួកគាត់បន្តិចដែរ។ បើយើងមើលនៅលើបណ្ដាញសង្គមហ្វេសប៊ុកវិញ មាន ៩.៩៩ ភាគរយហើយដែលសរសេរខ្មែរខុស ហើយអ្នកណាជាអ្នកបន្ដវេន គឺកូនខ្មែរយើង»។
លោកបានឲ្យដឹងទៀតថា នៅក្នុងពិព័រណ៌នេះ ក្រៅពីការប្រកួតជ្រើសរើស ជើងឯកអ្នកអក្សរសាស្ត្រវ័យក្មេងក៏មានការប្រកួតជាច្រើនប្រភេទទៀត ដែលមាតាបិតាទាំងអស់ មានឱកាសឲ្យបុត្រធីតាដ៏ឆ្លាតៗ របស់ខ្លួនបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ពួកគេ តាមរយៈការប្រកួតសូត្រកំណាព្យ និយាយរឿងនិទានសរសេរតាមអាន ប្រកួតគិតលេខ និងបើកវចនានុក្រមខ្មែរជាដើម ។
កុមារដែលអាចចូលរួមប្រកួតបាន ត្រូវមានអាយុច្រើនបំផុតត្រឹម ១២ ឆ្នាំ និងដើម្បីចូលរួមប្រកួតនៅក្នុងកម្មវិធីនេះ អាណាព្យាបាលគ្រាន់តែទៅចូលរួមក្នុងពិព័រណ៍កុមារ និងគ្រួសារលើកទី ៤ ហើយចុះឈ្មោះបុត្រធីតារបស់លោកអ្នកដែលចង់ឲ្យចូលរួមប្រកួតប៉ុណ្ណោះ៕