ភ្នំពេញៈ ខណៈ​ដែល​សម័យ​ប្រឡង​សញ្ញាបត្រ​បឋមភូមិ និង​សញ្ញាបត្រ​ទុតិយភូមិ​ខិត​ជិត​មក​ដល់ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​អប់រំ ​បាន​ក្រើន​រំឭក​ថា សិស្សានុសិស្ស​ទាំង​អស់​ត្រូវ​ប្រឹង​សិក្សា ពីព្រោះ​ «ក្រសួង​នៅ​តែ​បន្ត​ការ​រឹត​បន្តឹង​កម្មវិធី​ប្រឡង​ដូច​ឆ្នាំ​មុនៗ​ដដែល ដើម្បី​ឲ្យ​ប្រាកដ​ថា អ្នក​ចេះ​ប្រឡង​ជាប់»។

វិធាន​ការ​បែប​នេះ ក៏បាន​ធ្វើ​ឲ្យមាន​ការ​ភ្ញាក់​រឭក​ច្រើន នៅ​ក្នុង​ចំណោម​សិស្សានុសិស្ស និង​អាណា​ព្យាបាល​របស់​សិស្ស​ងាក​មក​យក​ចិត្ត​ទុក​ដាក់​ឲ្យ​តម្លៃ​ក្នុង​ការ​សិក្សា​​រៀន​សូត្រ​របស់​សិស្ស​បាន​ប្រសើរ​ថែម​មួយ​កម្រិត​ទៀត។

លោក រស់ សាលីន អ្នក​នាំពាក្យ​ក្រសួង​ អប់រំ យុវជន និង​ កីឡា បាន​មាន​ប្រសាសន៍ តាម​សារ​អេឡិច​ត្រូនិក​ថា កាល​បរិច្ឆេទ​នៃ​សម័យ​ប្រឡង​សញ្ញាបត្រ​បឋមភូមិ (ឌីប្លូម) និង​សញ្ញាបត្រ​ទុតិយ​ភូមិ (បាក់ឌុប) កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ​ដោយ​ក្រសួង​បាន​សម្រេច​យក «សម័យ​ប្រឡង​មធ្យម​សិក្សា​បឋម​ភូមិ នៅ​ថ្ងៃ​ចន្ទ​ ទី ៦ ខែ​សីហា ឆ្នាំ ២០១៨ និង​សម័យ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ រយៈពេល ២ ថ្ងៃ គឺនៅ​ថ្ងៃចន្ទ ​ទី​ ២០ ដល់​ថ្ងៃ​អង្គារ ទី​ ២១ ខែ​ សីហា ឆ្នាំ​ ២០១៨ ​នេះ»។ រីឯ​មណ្ឌល​ប្រឡង​នីមួយៗ​ រួម​ទាំង​គណៈ​មេ​ប្រយោគ​និង​មេ​ប្រយោគ ក្រសួង​នឹង​ធ្វើ​ការ​​សម្រេច​ជាក់ស្តែង​ជាមួយ​ថ្នាក់​ ខេត្ត-ក្រុង និង​ស្រុក​នីមួយៗ​ ដែល​មាន​ចំនួន​បេក្ខជន​បេក្ខនារី​ ត្រូវ​ប្រឡង​ជាក់​ស្តែង​នៅ​ទីនោះ។

លោក សាលីន ​បន្ត​ថា ចំនួន​បេក្ខជន ​និង​បេក្ខនារី​ «ជាសិស្ស​រៀន​ថ្នាក់​ទី ១២ នៅ​ឆ្នាំ​សិក្សា​ ២០១៧-២០១៨ ​នេះ មាន​ចំនួន​ ៨៨ ៦៨៤ នាក់​» ពួក​គាត់​គឺ​ជា​បេក្ខជន​ត្រៀម​ខ្លួន​ សម្រាប់​​សម័យ​ប្រឡង​បាក់ឌុប​នៅ​ឆ្នាំ​ ២០១៨ នេះ។ ចំណែក​​សិស្ស​រៀន​ថ្នាក់​ទី ៩​ មាន​១៧៩ ៥៨១ នាក់ ដែល​ពួក​គាត់​កំពុង​ត្រៀម​ខ្លួន​ប្រឡង​បញ្ចប់​ការ​សិក្សា​នៅ​កម្រិត​​អនុវិទ្យាល័យ នឹង​ឡើង​ទៅ​កម្រិត​វិទ្យាល័យ។

លោក ឌី ខាំបូលី ​អ្នក​នាំ​ពាក្យ​ក្រសួង​ អប់រំ​ ម្នាក់​ទៀត​បាន​ថ្លែង​ថា សម័យ​ប្រឡង​បឋម​ភូមិ និង​ទុតិយ​ភូមិនាខែ​សីហា ឆ្នាំ ២០១៨ ខាង​មុខ​នេះ។

លោក​បញ្ជាក់​ថា៖ «ក្រសួង​បន្ត​ពង្រឹង​ការ​រឹត​បន្តឹង​វិធាន​ការ​ប្រឡង​ដូច​ឆ្នាំ​មុនៗ ដោយ​មាន​មន្រ្តី ACU ចូល​រួម​សង្កេត​ការណ៍​ គោរព​គោល​ការណ៍ អ្នក​ចេះ​គឺ​ជាប់។ លោក​បាន​រំឭក​ថា ចាប់​ពី​ពេល​នេះ​តទៅ ​នៅមាន​ពេល​វេលា​សមល្មម​សម្រាប់​ឲ្យ​សិស្សានុសិស្ស​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រៀន​សូត្រ​បន្ថែម រៀន​បំប៉ន ឬរៀន​គួរ សម្រាប់​ត្រៀម​ប្រឡង។ ចំពោះ​សិស្ស​ដែល​បាន​ខិត​ខំរៀនសូត្រ​ក្រសួង​ជឿ​ជាក់​ថា​ ពួក​គាត់​ពិត​ជា​មាន​ចំណេះ​ដឹង​គ្រប់​គ្រាន់​ និង​មាន​សមត្ថភាព​ប្រឡង​ជាប់​ជា​ស្ថាពរ។

លោក​បន្ត​ថា ការ​រៀន​បំប៉ន​បន្ថែម​ថ្ងៃ​ សៅរ៍ អាទិត្យ ដោយ​អ្នក​ស្ម័គ្រ​ចិត្ត​ទន្ទឹម​នឹង​នោះ ក្រសួង​អប់រំ ផ្សព្វ​ផ្សាយ​ឯកសារ​សង្ខេប​មេរៀន គណិតវិទ្យា វិទ្យាសាស្រ្ត ប្រវត្តិ​វិទ្យា និង​តែងសេច​ក្តី​ខ្មែរ នៅ​លើ​គេហទំព័រ Facebook ផ្លូវ​ការ​របស់​ក្រសួង។ លើស​ពី​នេះ ក្រសួង​បាន​ពង្រឹង​ការ​រៀន និង​ការ​បង្រៀន នៅ​តាម​សាលា​តាំង​ពី​ដើម​ឆ្នាំ​រៀង​មក​ដើម្បី​ធានា​គុណ​ភាព​នៃ​ការ​អប់រំ។

លោក ខាំ​បូលី បញ្ជាក់​ទៀត​ថា៖ «ការ​ប្រឡង​ទាំង​ ២​ កម្រិត​ ត្រូវ​គោរព​គោល​ការណ៍​ ៤​ ៖ ច្បាប់​ យុត្តិធម៌ តម្លាភាព លទ្ធផល​ទទួល​យក​បាន»។

បុគ្គលិក​អ្នក​គ្រប់​គ្រង​គេហទំព័រ Facebook របស់​សាលា​ជ័យ​ថាវី ដែល​ជា​សាលា​បង្រៀ​ន​គួរ​ក្រៅ​ម៉ោង​សិក្សា​សម្រាប់​សិស្ស​គ្រប់​ភូមិ​សិក្សា នៅម្តុំ​វិទ្យាល័យ​បាក់​ទូក រាជធានី​ភ្នំពេញ​បាន​ឆ្លើយ​តាម​សារអេឡិច​ត្រូនិក​ក្នុង​លក្ខខណ្ឌ​មិន​បង្ហាញ​អត្តសញ្ញាណ​ថា៖ «សម្រាប់​ថ្នាក់​ឌីប្លូម​ (សិស្ស​ថ្នាក់​ទី ៩) ចំនួន​សិស្ស​ (ចូល​រៀន)​ មិន​មាន​ការ​ប្រែ​ប្រួល​ច្រើន​ទេ បាន​ន័យ​ថា មិន​មាន​សិស្ស​មក​សិក្សា​នៅ​សាលា​យើង​ខ្ញុំ​ច្រើន​ទេ»។

បុគ្គ​លិករូប​នេះ​បាន​បន្ត​ថា៖ «ចំពោះ​តម្លៃ​សិក្សា សាលា​យើង​ខ្ញុំ​ មិន​មាន​ការ​គិត​គូរយក​ថ្លៃ​ខ្ពស់​ពេក​ទេពីព្រោះ​ថា សាលា​យល់​ថា​ សម្រាប់​សិស្ស​មួយ​ចំនួន​ធំ​ ពួក​គាត់​នឹង​ពិបាក​លើ​ថ្លៃ​ចំណាយ​របស់​ពួក​គាត់»។

មន្រ្តី​អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ លោក សាលីន ​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​សិក្សា​ ២០១៧-២០១៨ នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​ «សិស្ស​សរុប​នៅ​គ្រប់​ភូមិ​សិក្សា​សាធា​រណៈ និង​ឯកជន គិត​ពី​កម្រិត​មត្តេយ្យ​សិក្សា​ រហូត​ដល់​មធ្យម​សិក្សា មាន​ចំនួន​ ៣ ៣៤៦ ៣៣៦ នាក់ ក្នុង​នោះ សិស្ស​ស្រី​ចំនួន​ ១ ៦៥២ ០២១ នាក់ ស្មើនឹង ៤៩,៣៧ ភាគរយ»។

នៅ​ទូទាំង​ប្រទេស​ កម្ពុជា ​មាន «គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ចំនួន ១២១ ទីតាំង​ ក្នុង​នោះ​ គ្រឹះស្ថាន​ឧត្តម​សិក្សា​រដ្ឋ ៤៨ និង​ឯកជន ៧៣ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​រាជធានី-ខេត្ត-ក្រុង​ ចំនួន ២០។ គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​ទាំង​នោះ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ ក្រសួង-ស្ថាប័ន ​ចំនួន ១៦។ ចំណែក​គ្រឹះស្ថាន​ឧត្តម​សិក្សា ដែល​ស្ថិត​ក្រោម​ការគ្រប់​គ្រង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​មាន​ចំនួន ៧៣ ក្នុង​នោះ​រដ្ឋ ១៣ និង​ឯកជន ៦០»។

លើស​ពី​នេះ ចំនួន «និស្សិត ​ចាប់​ពី​ថ្នាក់​បរិញ្ញា​បត្រ​រង ដល់​បណ្ឌិត​មាន​ចំនួន ២០៧ ៤២៣ នាក់ ​ក្នុង​នោះ​សិស្ស​ស្រីចំនួន​ ៩៤ ២៤២ នាក់ ស្មើ​នឹង ៤៥,៤៣ ភាគរយ»។ នេះ​បើតាម​សំណេរ​ក្នុង​សារ​អេឡិចត្រូនិក​របស់​លោក សាលីន៕