The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - យុវជន​កម្ពុជា​ពីរ​នាក់​ជាប់​លេខ ២ ក្នុង​ការ​​ប្រកួត​កម្មវិធី​ប្រឡង​ជួញដូរ​មូលបត្រ

យុវជន​កម្ពុជា​ពីរ​នាក់​ជាប់​លេខ ២ ក្នុង​ការ​​ប្រកួត​កម្មវិធី​ប្រឡង​ជួញដូរ​មូលបត្រ

Content image - Phnom Penh Post
(ពីឆ្វេងមកស្តាំ)៖ លោកស្រី Hamidah Naziadin អគ្គនាយិកា​ធនធាន​មនុស្ស ស៊ីអាយអិមប៊ីគ្រុប​, ឯកឧត្តម YB Khairy Jamaluddin រដ្ឋ​មន្ត្រី​ក្រសួង​យុវជន និង​កីឡា​ម៉ាឡេស៊ី, អ្នក​អង្គម្ចាស់ Tengku Dato’ Sri Zafrul Aziz អគ្គនាយក ស៊ីអាយអិមប៊ី​គ្រុប ,កញ្ញា ខន ស៊ីថា សមាជិក​ក្រុម Flexie, លោក​បាញ់ ឈូឡុង សមាជិក​ក្រុម Flexie, លោក Capt Izham Ismail នាយក​ផ្នែក​ប្រតិបត្តិការ Malaysia Airlines Berhad។

យុវជន​កម្ពុជា​ពីរ​នាក់​ជាប់​លេខ ២ ក្នុង​ការ​​ប្រកួត​កម្មវិធី​ប្រឡង​ជួញដូរ​មូលបត្រ

ភ្នំពេញៈ យុវជន​កូន​ខ្មែរ​ពីរ​នាក់​ជាប់​ជយលាភី​លេខ ២ ​រួម​ជាមួយ​រង្វាន់​ ៨០០០ ដុល្លារ​ ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​​នៅ​ក្នុង​តំបន់​អាស៊ាន ៥ ផ្សេង​ទៀត​ លើ​​​កម្មវិធី​ប្រឡង​ជួញដូរ​មូលបត្រ ស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ឆ្នាំ ២០១៥ (CIMB ASEAN Stock Challenge​ 2015) កាល​ពី​ដើម​សប្តាហ៍​នេះ នៅ​ទីក្រុង​ កូឡាឡាំពួរ ​ប្រទេស​ម៉ាឡេស៊ី ខណៈ​យុវជន​​​សិង្ហបុរី ​​បាន​​លេខ ១​ និង​​រង្វាន់​ ១២ ០០០ ដុល្លារ​អាមេរិក និង​ដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង ឡុងដ៍។

យុវតី ខន ស៊ីថា ប្រធាន​ក្រុម Flexie​ ​តំណាង​ឲ្យ​និស្សិត​កម្ពុជា​ក្នុង​ការ​ប្រកួត​នេះ​ បាន​ប្រាប់​គេហទំព័រ យុវវ័យ LIFT នា​ព្រឹក​ថ្ងៃ​នេះ​ថា៖ «​ក្នុង​ការ​ប្រកួត​នេះ​ គេ​គាំទ្រ​សមត្ថភាព​ប្រទេស​យើង​ច្រើន​ ដោយ​យើង​បាន​លើក​យក​ចំណេះ​ដឹង​លើ​វិស័យ​ទីផ្សារ​មូលប័ត្រ រួម​គ្នា​​ជាមួយ​បច្ចេក​វិទ្យា​ ដែល​ប្រទេស​គេ​ដ៏ទៃ​នៅ​មិន​ទាន់​ធ្វើ​ដូច​យើង»។

យុវតី​កំពុង​រៀន​ជំនាញ​ធនាគារ​ និង​ហិរញ្ញវត្ថុ នៃ​សាកល​វិទ្យាល័យ ហ្សាម៉ាន់​​ រូប​នេះ​បន្ដថា ក្នុង​ការ​ប្រកួត​​ ​ក្រុម​យើង​បាន​ជ្រើស​រើស​យក​​ទីផ្សារ​មូលប័ត្រ​ប្រទេស​ ហុងកុង​ មក​ដោះស្រាយ ព្រោះ​យើង​សម្លឹង​ឃើញ​ពី​ការ​ការ​ប្រែប្រួល និង​ការ​ធ្លាក់​ចុះ​កាល​ពី​ប៉ុន្មាន​ខែ​កន្លង​មក​នេះ​ ហើយ​យើង​អាច​ប៉ាន់​ស្មាន​ដឹង​ថា វា​នឹង​ឡើង​វិញ​ប៉ុន្មាន​ខែ​ខាងមុខ​​ទៀត​​។

បន្ទាប់​ពី​ជាប់​លេខ​ ១ ​ក្នុង​ការ​ប្រកួត​ជាមួយ​សាកល​វិទ្យាល័យ​​ក្នុង​ស្រុក​ យុវជន បាញ់ ឈូឡុង ជា​និស្សិត​​សាកល​វិទ្យាល័យ ហ្សាម៉ាន់​​ និង​ជាសមាជិក​ក្នុង​ក្រុម​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា៖ «ដើម្បី​ទទួល​បាន​ជយលាភី​នេះ​ គឺ​យើង​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រកួត​លើ​ទីផ្សារ​មូលប័ត្រ​នេះ​ ដោយ​យើង​ត្រូវ​ប្រើ​យុទ្ធ សាស្រ្ដ​យ៉ាង​ណា​​ ដើម្បី​ឲ្យ​ចំណូល​របស់​យើង​ឡើង​ខ្ពស់​ជាង​គូរ​ប្រកួត»។

កំពុង​សិក្សា​ឆ្នាំ​ទី​៣ លើ​ជំនាញ​គ្រប់​គ្រង​ពត៌មានវិទ្យា ឈូឡុង​ បន្ដ​ថា «ដើម្បី​​បង្កើន​ចំណេះដឹង​នៃ​ទីផ្សារ​មូល​ប័ត្រ​នេះ​ ដំបូង​យើង​ត្រូវ​យក​ទ្រឹស្ដី​ដែល​បាន​រៀន​នៅ​សាលា​យក​មក​អនុវត្ដន៍ និង​ត្រូវ​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន​អំពី​ទីផ្សារ​មូលប័ត្រ​»។

Content image - Phnom Penh Post
និស្សិតឈ្នះក្នុងការប្រកួតថតរូបរួមគ្នា។ រូបថត សហការី

គួររំលឹកថា នេះ​ជាលើក​ទី​ពីរ​ហើយ​​ក្នុង​ប្រវត្ដិ នៃ​ការ​ប្រកួត​ប្រជែង​កម្មវិធី​ប្រឡង​ជួញដូរ​មូលបត្រ ស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ​​ដែល​ប្រទេស​កម្ពុជា​ បាន​ប្រកួត​​ជ្រើស​​រើស​និស្សិត​ខ្លាំង ​លេខ ១ ក្នុង​ស្រុក​ ទៅ​ប្រកួត​ជា​លក្ខណៈ​អាស៊ាន​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ជា​លើក​ទីពីរផងដែរ​ ដែល​​និស្សិត​តំណាង​ប្រទេស​កម្ពុជា​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​ ២ ​ទាំង​ពីរ​​លើក​ជាប់​គ្នា​​ ខណៈ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ៥​​ ទៀត​បាន​​ចូល​រួម​ ក្នុង​នោះ​មាន ម៉ាឡេស៊ី​ ឥណ្ឌូនេស៊ី​ សិង្ហបុរី​ ថៃ​ និង​កម្ពុជា។

កម្មវិធី​ប្រឡង​ជួញដូរ​មូលបត្រ ស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន​នេះ ត្រូវ​បាន​ផ្ដួច​ផ្ដើមឡើង​​ដោយ​ធនាគារ​ ​ស៊ីអាយអិមប៊ី (CIMB) និង​ដៃ​គូរ​សហការ​មួយ​ចំនួន​ទៀត​ ក្នុង​គោល​បំណង​ឲ្យ​និស្សិត​ក្នុង​តំបន់​ដែល​មាន​សមត្ថភាព​ ក្នុង​ការ​ប្រកួត​ប្រជែង​ មក​ចូល​រួម​ផ្ដល់​បទ​ពិសោធន៍ អំពី​ការ​ជួញដូរ​ និង​ការ​ផ្លាល់​ប្ដូរ​ លើ​វិស័យ​ទីផ្សារ​មូលប័ត្រ ជាមួយ​ដៃគូរ​មួយ​​ចំនួន​ដូចជា Bursa ប្រទេស​ម៉ាឡេស៊ី​ ឥណ្ឌូ​នេ​ស៊ី​ ផ្សារភាគហ៊ុន (IDX​)​ ​​ផ្សារ​ហ៊ុន​សិង្ហបុរី (SGX​) ផ្សារ​ហ៊ុន​ថៃ (SET​) និង ផ្សារ​ភាគហ៊ុន​ហុងកុង (HKEx) ជាដើម៕

អត្ថបទគួរចាប់អារម្មណ៍