The Phnom Penh Post Search

Search form

យុវជន​ខ្មែរ ​ឈ្នះ​ពាន​ច្នៃ​អលង្ការ ​ស្អាត​បំផុត​នៅ​នូវែលសេឡង់

Content image - Phnom Penh Post
ទិដ្ឋភាព​នៃការ​ប្រកួត​វគ្គ​​ផ្ដាច់ព្រ័ត្រ​ Edible Fashion Awards 2017​ នៅ​ប្រទេស​នូវែលសេឡង់។ រូប សហការី

យុវជន​ខ្មែរ ​ឈ្នះ​ពាន​ច្នៃ​អលង្ការ ​ស្អាត​បំផុត​នៅ​នូវែលសេឡង់

ភ្នំពេញ: មកុដ និង​អលង្ការ​ពណ៌មាស​រំលេច​នូវ​ក្បាច់រចនា​ស្រស់​ស្អាត​គួប​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​សុទ្ធសឹង​ផលិត​ពីគ្រឿង​ឧបភោគ​បរិភោគ​ច្នៃពី​ស្នាដៃ​យុវជន​កម្ពុជា បាន​ឈ្នះ​ពាន​ផ្នែក «គ្រឿង​អលង្ការ និង​គ្រឿង​តុបតែង​កាយ» ស្អាត​បំផុត​នៅ​ក្នុង​ការប្រកួត​សិល្បៈ​សម្លៀក​បំពាក់​ប្រើ​គ្រឿង​បរិភោគ​ឆ្នាំ ២០១៧ (Edible Fashion Awards 2017) ដែល​ប្រារឰ​ឡើង​នៅ​ប្រទេស​នូវែលសេឡង់​ពីថ្ងៃ​ទី ៧ ដល់​ថ្ងៃទី ៨ ខែ​កក្កដា​កន្លង​ទៅ។

ប្រអប់​នំភីហ្សា នំ​ចាហួយ​តូចៗ ចាន និង​សម​ប្លាស្ទីក ក្រដាស​អាលុយ​មីញ៉ូម កំប៉ុង​អាហារ ដប​ទឹក ថាស​សំណ​ដាក់​សាច់​អាំង​បាប៊ីឃ្យូ នំប៉ាស្ដា និង​បាវ​អង្ករ​ជាដើម ដែល​បាន​ប្រែក្លាយ​ជាគ្រឿង​អលង្ការ និង​សម្លៀក​បំពាក់​លើ​រាងកាយ​ម៉ូដែល​ជាអង្គ​អប្សរា​ស្រស់​ស្អាត បាន​ទាក់ទាញ​ចិត្ដ​គណៈកម្មាធិការ​ផ្ដល់​ពិន្ទុ​ខ្ពស់​លើ​បែបផែន «គ្រឿង​អលង្ការ និង​គ្រឿង​តុបតែង​កាយ» ស្អាត​បំផុត​ក្នុង​ចំណោម​បេក្ខជន​ជាច្រើន​នាក់។

ដោយ​ប្រើពេល ៥ ខែ​ក្នុងការ​ច្នៃ​គ្រឿង​អលង្ការ​អប្សរា លោក លី តារា​ពន្លឺ ឬ តារា លី ជាអ្នក​ច្នៃ​ឈុត​អប្សរា បាន​និយាយ​ថា៖ «ខ្ញុំមិន​ច្បាស់​ថា មាន​បេក្ខជន​ប៉ុន្មាន​នាក់​ចូលរួម​ទេ។ ម្នាក់ៗ​សុទ្ធ​តែមាន​ប្រវត្ដិ​មកពី​ប្រទេស​ខុសគ្នា ហើយ​ពួកគេ​បាន​បង្ហាញ​នូវ​វប្បធម៌​រៀងៗ​ខ្លួន»។

លោក តារា បន្ដថា៖ «ប្រធានបទ​ឆ្នាំនេះ គឺ ទេវកថា និង​ព្រេង​កថា (Myth and Legend) ហើយ​ខ្ញុំចង់​បង្ហាញពី​ប្រទេស​ខ្ញុំ ដោយ​លើក​យក​នូវអ្វី​តំណាង​ឲ្យ​វប្បធម៌​ខ្មែរ នោះ​គឺ អប្សរា ឬ (Apsara Mera)»។

ស្ថិត​ក្នុង​ចំណោម​បេក្ខជន​ឈ្នះ​ពាន​ជាមួយ​លិខិត​សរសើរ និង​ប្រាក់ ៤០០០ ដុល្លារ យុវជន​កម្ពុជា​ដែល​រស់នៅ​លើ​ទឹកដី​ប្រទេស​នូវែលសេឡង់​តាំងពី​កុមារភាព​រូបនេះ​ធ្លាប់​ចូលរួម​ប្រកួត​ផ្នែក​ឌីហ្សាញ​នានា​ពីរដង​រួច​មក​ហើយ ដោយ​លើក​ទីមួយ​ក្រុម​លោក​ឈ្នះ​ពាន​លេខ ២ ឆ្នាំ​បន្ទាប់​ពួកគេ​បាន​ឈ្នះ​លេខ ១ កាលពី ៣ ឆ្នាំមុន។

Content image - Phnom Penh Post
តួអង្គ​អប្សរា​គ្រង​មកុដ​ច្នៃ​ពី​ម្ហូបម្ហា​ និង​ម៉ូដែល​ប្រកួត​ប្រជែង។ រូប សហការី

លោក តារា បាន​បន្ថែម​ថា៖ «ឆ្នាំនេះ ការប្រកួត​ប្រជែង​នេះ វាជា​លើក​ដំបូង​ដែល​ខ្ញុំធ្វើ​ឡើង​តែឯង»។

ដោយមាន​ឈាមជ័រ​ជាខ្មែរ និង​តែងតែ​ស្រឡាញ់​វប្បធម៌​ជាតិ​ពីតូច​ក្រូចឆ្មារ លោក​បាន​ចំណាយ​ពេល​ស្វែងយល់​ពីតួអង្គ​អប្សរា និង​ចង់បង្ហាញ​ឲ្យ​ពិភពលោក​ស្គាល់​ច្បាស់។ កញ្ញា Suitte Presbitero ជា​ប្អូនស្រី​មិត្ដភក្ដិ​របស់​លោក តារា គ្រង​ឈុត​អប្សរា​ស្រស់​ស្អាត ខណៈ​រូបនាង​អត់​ធ្លាប់​ស្គាល់​អ្វី​សោះ​ជា​វប្បធម៌​ខ្មែរ។

Content image - Phnom Penh Post
កញ្ញា Suitte Presbitero និងលោក តារា លី​។ រូប សហការី

កញ្ញា​បាន​ថ្លែង​ពី​អារម្មណ៍​ដែល​ខ្លួនបាន​តំណាង​ឲ្យ​តួអង្គ​ឯក​ក្នុង​ដួងចិត្ដ​ខ្មែរ​គ្រប់រូប​តាម​អ៊ីមែល​ថា៖ «ខ្ញុំមាន​កិត្ដិយស​ណាស់​ដែល​មាន​ឱកាស​បាន​បង្ហាញ​វប្បធម៌​ខ្មែរ​ដល់​ពិភពលោក​តាមរយៈ​សិល្បៈ​លោក តារា ហើយ​ការ​ឈ្នះពាន​នេះ​ពិតជា​អស្ចារ្យ​ណាស់»។

តួអង្គ​អប្សរា​មាន​កំណើត​នៅ​អាមេរិក​រូបនេះ បន្ដថា៖ «ខ្ញុំនឹង​មិនមាន​ឱកាស​បាន​យល់​ដឹងពី​អប្សរា​ទេ បើ​គ្មាន​គាត់ [តារា លី] ហើយ​ពេលនេះ ខ្ញុំហាក់​មាន​ទំនាក់​ទំនង​យ៉ាង​ពិសេស​ជាមួយ​ឈុត​វប្បធម៌​នេះ ដោយសារ​យើង​បាន​ឆ្លងកាត់​មួយរយៈ​នៃការ​ប្រកួត។ ចាប់ពី​ការ​ស្លៀក​សាកល្បង រួច​ឈរ​ប្រកួត ៧ ម៉ោង​រហូតដល់​ឈ្នះ​ពាន ឌីហ្សាញ​គ្រឿង​អលង្ការ​ឆ្នើម​ប្រចាំ​ឆ្នាំ ២០១៧។ វាធ្វើ​ឲ្យ​ខ្ញុំមាន​មោទនភាព​ដែល​បាន​ចូលរួម​ក្នុង​ភាពជោគជ័យ​នេះ»។

លោក តារា ដែល​សិក្សា​ផ្នែក​គំនូរ​ជីវចល 3D ៣ ឆ្នាំ និង​កំពុង​បំពេញ​ការងារ​លើ​ជំនាញ បាន​ថ្លែង​អំណរគុណ​ចំពោះ​អ្នកគាំទ្រ​ស្នាដៃ​របស់ខ្លួន​ថា៖ «ខ្ញុំសូម​អរគុណ​ដល់​អ្នក​គ្រប់គ្នា​ដែល​តែងតែ​ជឿជាក់​លើខ្ញុំ ហើយ​ជូនពរ​ខ្ញុំ​ឲ្យ​ទទួល​ជោគជ័យ។ អរគុណ​ណាស់»។

Edible Fashion Awards ប្រារឰ​ឡើង​តាំងពី​ឆ្នាំ ២០០៦ នៅ​នូវែលសេឡង់ បាន​បង្ហាញ​ស្នាដៃ​អ្នកមាន​ទេពកោសល្យ​ច្នៃ​ម៉ូដ​សម្លៀក​បំពាក់ និង​គ្រឿង​អលង្ការ​ចេញពី​ផលិតផល​ម្ហូបម្ហា៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។