ភ្នំពេញៈ យុវជន ហេង ឧត្ដម អ្នកនិពន្ធវ័យក្មេងកម្ពុជាម្នាក់ បានឈ្នះពានរង្វាន់ អ្នកនិពន្ធវ័យក្មេងអាស៊ាន ឆ្នាំ ២០១៥ (The ASEAN Young Writer Awards 2015) លើស្នាដៃនិពន្ធរឿងខ្លី ក្រោមចំណងជើងថា «ខ្ញុំរៀនត្រួតថ្នាក់» ដែលមានមូលន័យបង្ហាញអំពីជ្រុងមួយនៃអំពើពុករលួយក្នុងប្រព័ន្ធអប់រំកម្ពុជា ក្នុងចំណោមស្នាដៃនិពន្ធ ជាង ១៦០ បានចូលរួម កាលពីសប្តាហ៍មុន នៅទីក្រុងបាងកក។
និស្សិតសាលា ច្បាប់ ភាសាបារាំងរូបនេះ ប្រាប់គេហទំព័រយុវវ័យ LIFT នៃកាសែតភ្នំពេញប៉ុស្ដិ៍ថា «រឿងដែលខ្ញុំជាប់ពានរង្វាន់នេះ គឺនិយាយពីសិស្សក្រីក្រម្នាក់ នៅវិទ្យាល័យ ដែលប្រឈមនឹងការលំបាកក្នុងការសិក្សា។ គេអត់លុយបង់រៀនគួរ និងទិញក្រដាសមេរៀន... រឿងនេះបង្ហាញពីជ្រុងមួយនៃអំពើពុករលួយក្នុងប្រព័ន្ធអប់រំ។ ប៉ុន្តែតួអង្គរបស់ខ្ញុំមានឆន្ទៈវិជ្ជមានចំពោះអនាគតរបស់ប្រទេសកម្ពុជា»។
ឧត្តម បន្ថែមថា រឿង «ខ្ញុំរៀនត្រួតថ្នាក់» ក៍ធ្លាប់បានជាប់ជយលាភីលេខ ២ ក្នុងឆ្នាំ ២០១១ ក្នុងកម្មវិធីប្រកួតរបស់ សមូហកម្មអក្សរសិល្ប៍នូហាច ហើយត្រូវ សមូហកម្ម នេះ យកទៅបកប្រែជាភាសាអង់គ្លេស និងបោះពុម្ពផ្សាយនៅឆ្នាំ ២០១៣។ ឆ្នាំ ២០១៤ ស្នាដៃនេះ ក៏ត្រូវបានបោះពុម្ពជាលើកទី ២ រួមសាច់រឿង ជាមួយសៀវភៅ «គ្រប់យ៉ាងដើម្បីអ្នកណា?» ផងដែរ។
ចាប់តាំងពីឆ្នាំ ២០០៩ មក យុវជន ហេង ឧត្តម បាននិពន្ធរឿងផ្សេងៗគ្នា ចំនួន ៣០ ហើយ ខណៈនៅដើមឆ្នាំក្រោយ យុវជនរូបនេះគ្រោងនឹងបោះពុម្ពស្នាដៃរបស់ខ្លួនមួយជាសៀវភៅ ក្រោមចំណងជើងថា «សង្ឃឹមថ្ងៃមួយ» ដែលកំពុងស្វែងរកដៃគូសហការសម្រាប់គម្រោងបោះពុម្ពសៀវភៅនេះ។
អ្នកនិពន្ធវ័យក្មេងរូបនេះក៏បានចែករំលែកបទពិសោធ ដែរថា «បើចង់ក្លាយជាអ្នកនិពន្ធ ដំបូងគួរតែត្រូវចាប់ផ្តើមអានសៀវភៅឲ្យបានច្រើនបំផុតតាមដែលអាចធ្វើបានអានគ្រប់ប្រភេទស្នាដៃ និងចាប់ផ្តើមរៀនសរសេរ។ បើពុំទាន់ចេះរៀបចំសរសេរសាច់រឿងអ្វីទេ គឺត្រូវផ្តើមពីការសរសេរកំណត់ហេតុប្រចាំថ្ងៃ សរសេរពីអ្វីដែលខ្លួនជួបប្រទះ បានឃើញ និងគិត។ បន្ទាប់មក យើងនឹងពិសោធន៍ខ្លះ ហើយអាចប្រឌិតរឿង បូកផ្សំនឹងសិល្បៈរៀបចំសាច់រឿងបន្ថែមទៀតបាន តែត្រូវស្របតាមឧត្តមគតិរបស់ខ្លួន»៕