The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - យុវជន​បោះ​បង់​ការ​សិក្សា​ជាង ២០០០​នាក់ ទទួល​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ

យុវជន​បោះ​បង់​ការ​សិក្សា​ជាង ២០០០​នាក់ ទទួល​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ

Content image - Phnom Penh Post
សិក្ខា​សាលា​បញ្ចប់​គម្រោង​ដោយ​ជោគ​ជ័យ​ក្នុង​រយៈពេល ៤ ឆ្នាំ (២០១៣-២០១៧) «វគ្គ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈដល់​យុវជន យុវនារី​ងាយ​រងគ្រោះ​នៅ​កម្ពុជា »នា​ព្រឹក​ថ្ងៃទី ២៣ មិថុនា ក្នុងខេត្តសៀមរាប។

យុវជន​បោះ​បង់​ការ​សិក្សា​ជាង ២០០០​នាក់ ទទួល​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ

សៀមរាប៖ យុវជន​នៅ​តាម​បណ្ដា​ខេត្ដ​ចំនួន ៤​មាន​សៀមរាប កំពង់ចាម ត្បូងឃ្មុំ និង​រតនៈគីរី ចំនួន ២២០០ នាក់​រួម​ទាំង​យុវជន​ពិការ ប្រមាណ​ជិត ២០០​នាក់ បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​លើ​ជំនាញ​វិជ្ជា​ជីវៈ ពី​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា សហការ​ជាមួយ​វិទ្យាស្ថាន​តេជោសែន សៀមរាប មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជា្ជ​ជីវៈ ខេត្ត​កំពង់ចាម ត្បូងឃ្មុំ រតនគិរី និង​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេក​ទេស​នៃ​កម្ពុជា អង្គការ​គ្រួសារ​យើង អង្គកា​រអាយឡូ។

ជំនាញ​សំខាន់ៗ​ដែល​គម្រោង​បាន​ផ្តល់​ដល់​សិក្ខាកាម មាន​ដូចជា ជួសជុលម៉ូតូ ម៉ាស៊ីន​ធន់​តូច ជួស​ជុល​ទូរសព្ទ អគ្គិសនី សម្អាង​ការ កាត់សក់​អ៊ុត​សក់ និង​កាត់ដេរ​សំលៀក​បំពាក់។

នៅ​ក្នុង​សិក្ខា​សាលា​បញ្ចប់​គម្រោង​ដោយ​ជោគ​ជ័យ​ក្នុង​រយៈពេល ៤ ឆ្នាំ (២០១៣-២០១៧) «វគ្គ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈដល់​យុវជន យុវនារី​ងាយ​រងគ្រោះ​នៅ​កម្ពុជា »នា​ព្រឹក​ថ្ងៃទី ២៣ មិថុនា ក្នុងខេត្តសៀមរាប លោក យី គឹមថាន ប្រធាន​គ្រប់​គ្រង​កម្មវិធី​ថ្នាក់​ជាតិ​របស់​អង្គការ ភ្លែន​អន្តរជាតិ​កម្ពុជា បាន​លើក​ឡើង​ថា វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈគឺ​ធ្វើ​យ៉ាង​ណា​ផ្តល់​ជំនាញ​បច្ចេកទេស​ឲ្យ​ឆ្លើយ​តប​នឹង​ទីផ្សារ​សម្រាប់​យុវជន។

លោក​បន្ដ៖ «អ្វី​ដែល​យើង​ធ្វើ​គឺ​សិក្សា​លើ​ទីផ្សារ យើង​សិក្សា​ថា​តើ​ទីផ្សារ​ត្រូវ​ការ​ជំនាញ​អ្វី​ខ្លះ ហើយ​មួយ​ទៀត​យើង​ផ្តោត​លើ​ជំនាញ​ទន់ ព្រោះ​វា​ក៏​ជា​កត្តា​សំខាន់​មួយ​ដែរ​ដូចជា របៀប​ប្រាស្រ័យ​ទាក់ទ​ង​គ្នា ការ​ធ្វើ​ការ​ងារ​ក្រុម ការ​​ឱ្យ​តម្លៃ​ខ្លួន​ឯង ការ​ដោះ​ស្រាយ​បញ្ហា ការ​តាំង​ចិត្ត ភាព​ស្មោះ​ត្រង់ និង​ការងារ​ក្នុង​វប្បធម៌​ចម្រុះ»។

គោល​បំណង​ចម្បង​នៃ​កម្មវិធី​បិទ​បញ្ចប់​គម្រោង គឺ​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ការងារ និង​សមិទ្ធិផល​សំខាន់ៗ​របស់​គម្រោង​ដល់​អង្គការ​ដៃ​គូ និង​អ្នក​ពាក់​ព័ន្ធ​នានា។

មន្ត្រី​ជំនាញ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​នៃ​អង្គការ​ភ្លែន​អន្តរជាតិ​កម្ពុជា លោក សួស សុវណ្ណ ជំរុញ​យុវជន​ដែល​បាន​បោះបង់​ការ​សិក្សា ឱ្យ​ងាក​មក​ចាប់​យក​ជំនាញ​វិជ្ជា​ជីវៈ​វិញ។

លោកថា «យុវជន​ដែល​មិន​មាន​លទ្ធភាព​បន្ត​ការ​សិក្សា​ផ្នែក​ចំណេះ​ទូទៅ​បាន ពួកគាត់​នៅ​តែ​មាន​លទ្ធភាព​អាច​រៀន​ជំនាញ​វិជ្ជា​ជីវៈ ដែល​ជួយ​ឲ្យ​ពួក​គាត់​មាន​ជំនាញ​បច្ចេក​ទេស​ជាក់​លាក់ ដើម្បី​ស្វែក​រក​ការងារ​មាន​ប្រាក់​កំរៃ​សមរម្យ ហើយ​ពួក​គាត់​មាន​លទ្ធភាព​ប្រើ​ជំនាញ​នេះ អភិវឌ្ឍន៍​ខ្លួន​និង​គ្រួសារ​ទៅ​ថ្ងៃ​អនាគត»។

ក្នុង​វ័យ ១៨ ឆ្នាំ យុវតី ឃួន រដ្ឋា ដែល​កំពុង​ធ្វើ​ការងារ​នៅ​សណ្ឋាគារ​ល្បី​មួយ​ក្នុង​ខេត្ត​សៀមរាប បន្ទាប់​ពី​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​រយៈពេល​បួន​ខែ បាន​លើក​ឡើង​ថា «ខ្ញុំ​ចាប់​យក​ជំនាញ​អគ្គិសនី ខ្ញុំ​គិត​ថា​ជំនាញ​នេះ​មិន​សូវ​មាន​អ្នករៀន តែ​ខ្ញុំ​មើល​ឃើញ​ថា វា​មាន​ទីផ្សារ​ច្រើន។ បន្ទាប់​ពី​ខ្ញុំ​រៀន​រយៈពេល​បួន​ខែ ខ្ញុំ​ក៏​ទទួល​បាន​ការងារ​ធ្វើ»។

យុវជន លាំ ប្រិយ៌ ដែល​បាន​បញ្ចប់​ការ​សិក្សា​លើ​ជំនាញ​វិជ្ជា​ជីវៈ ផ្នែក​គ្រោះ​បំលាស់​ជួស​ជុល​គោយន្ដ បាន​លើក​ឡើង​ថា បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​ជំនាញ​រយៈពេល ៤ ខែ​ជាមួយ​អង្គការ ភ្លែន​អន្ដរជាតិ គេ​បាន​យក​ជំនាញ​នោះ​ទៅ​បើក​អាជីវកម្ម​លក្ខណៈ​គ្រួសារ​នៅ​ភូមិ​កំណើត​ដែល​កំពុង​តែ​មាន​តម្រូវ​ការ​ចាំ​បាច់៕

អត្ថបទគួរចាប់អារម្មណ៍