ភ្នំពេញៈ ក្រុមយុវជនមួយឈ្មោះ The Perspectives បានផ្ដើមបង្កើតកម្មវិធី «The Perspectives Cambodia» លើកដំបូង ដើម្បីបណ្ដុះទស្សនៈវិស័យវិជ្ជមានដល់យុវជនកម្ពុជា ជំរុញយុវជនឲ្យក្លាហានក្នុងការសម្ដែងមតិ ចែករំលែកពត៌មាននានា ប្រកបដោយគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ តាមរយៈការបណ្ដុះបណ្ដាលជំនាញស្រាវជ្រាវ ការធ្វើការងារជាក្រុម និងទៅបោះជំរុំនៅខេត្ដព្រះវិហារ។
លោក ហួ តុលា សហស្ថាបនិក និងជាប្រធានក្រុមគ្រូបណ្តុះបណ្តាលនៃកម្មវិធី The Perspectives Cambodia បានថ្លែងប្រាប់ LIFT-យុវវ័យ ឲ្យដឹងថា The Perspectives Cambodia ក៏ជាវេទិការ យុវជន សម្រាប់ការសម្ដែងមតិ ស្ដីពីបញ្ហាសង្គម វប្បធម៌ អប់រំ សេដ្ឋកិច្ច សន្ដិសុខ នយោបាយ និងសុខាភិបាលដែលទទួលបានការគាំទ្រដោយ ក្រសួងអប់រំ យុវជន និង កីឡា ផងដែរ។
លោកបន្ដថា «សព្វថ្ងៃយុវជនមួយចំនួន មាននិន្នាការបញ្ចេញមតិយោបល់ នឹងចែកចាយព័ត៌មាន ដោយមិនមានមូលដ្ឋាន និងអំណះអំណាងច្បាស់លាស់ ជាហេតុនាំឲ្យមានការភ័ន្ដច្រឡំ និងបែកបាក់សាមគ្គីផ្ទៃក្នុង រហូតអាចឈានដល់ ការប៉ះពាល់ដល់កិត្យានុភាពជាតិថែមទៀត» ។
លោក តុលា បានឲ្យដឹងថា កម្មវិធីនេះ ក្រុម The Perspectives នឹងបណ្ដុះបណ្ដាលសមត្ថភាពយុវជន ស្វែងរកយុវជនមានសក្កដានុពល ក្នុងការសម្ដែងមតិសាធារណៈ និងការចូលរួមក្នុងការងារជួយអភិវឌ្ឍសង្គម តាមរយៈការបង្កើតជាទម្រង់ការងារសង្គមមួយដ៏ត្រឹមត្រូវ ដើម្បីឲ្យយុវជនអាចទាញយកចំណេះដឹងដែលទទួលបានពីកម្មវិធីទៅចែករំលែកបន្ដដល់យុវជនដ៏ទៃទៀត ។
បើតាម លោក តុលា The Perspectives បើកទូលាយដល់យុវជនទូទៅឲ្យចូលរួមក្នុងកម្មវិធីនេះ ដោយមិនគិតកម្រៃ នឹងជ្រើសរើសយុវជនចំនួន ៦៤នាក់ ដែលត្រូវបែងចែកជា ១៦ក្រុម ទៅបោះជំរុំនៅខេត្ដព្រះ វិហារ ចាប់ពីថ្ងៃទី ១៣-១៥ ខែឧសភា ឆ្នាំ២០១៧ ដើម្បីស្វែងរកក្រុមយុវជនឆ្នើម លើការសម្ដែងមតិ និងការចូលរួមការងារសង្គម ទុកជាយុវជនគំរូដល់យុវជនដទៃទៀត។
លោក តុលា បានឲ្យដឹងទៀតថា The Perspectives Cambodia នឹងមានក្រុមយុវជនឆ្នើមជាច្រើន មកពីបណ្ដាស្ថាប័ន និងសាកលវិទ្យាល័យនានា មកចូលរួមធ្វើជាគ្រូបង្វឹក ចែករំលែកបទពិសោធ លើជំនាញតស៊ូមតិ សម្ដែងមិត ដល់យុវជនផងដែរ ។
ក្រុមយុវជនជយលាភី នឹងទទួលបាន ថវិកា កំព្យូទ័រ មេដាយមាស និង រង្វាន់លើកទឹកចិត្ដផ្សេងៗជាច្រើនទៀត ។
ព័ត៌មានបន្ថែម ៖www.perspectivescambodia.org Email៖perspectives.kh@gmail.com ៕