ភ្នំពេញៈ យុវជនក្លឹបរួបរួមនៃយុវជនកម្ពុជា បានបង្កើតកម្មវិធីប្រកួតសរសេររឿងខ្លី ដែលទាក់ទងនឹង «សម្លេងក្នុងចិត្ដស្រ្ដី» ដើម្បីឲ្យយុវជន ក៏ដូចជា សាធារណៈជនទូទៅពិសេសស្រ្ដី ហ៊ាននិយាយពី ជីវិតរបស់ស្រ្ដី ឬ អ្វីដែលស្រ្ដីចង់និយាយទៅកាន់សង្គម។
យុវជន យាង ប្រាថ្នា អនុប្រធាន និងជាអ្នកសម្របសម្រួល ក្លឹបរួបរួមនៃយុវជនកម្ពុជា បានថ្លែងប្រាប់ LIFT ឲ្យដឹងថា ការប្រកួតសរសេរអត្ថបទរឿងខ្លី ពីសម្លេងនៅក្នុងចិត្ដស្រ្ដីនេះ ចង់ឲ្យសាធារណៈជនហ៊ានបង្ហាញពីបទពិសោធន៍ជីវិតពិតរបស់ស្រ្ដី ដែលទាក់ទងទៅនឹងការតស៊ូ និងរឿងរ៉ាវដែលស្រ្ដីធ្លាប់ជួបប្រទះនៅក្នុងសង្គម។
យុវជនរូបនេះបន្ដថា «ការបង្កើតកម្មវិធីប្រកួតនេះ ព្រោះយើងកំពុងតែធ្វើគម្រោងមួយដែលទាក់ទងទៅនឹងសម្លេងក្នុងចិត្ដស្រ្ដីហើយយើងមានកម្មវិធីជាច្រើនទៀតដែលពាក់ព័ន្ធទៅនឹងសម្លេងក្នុងចិត្ដស្រ្ដី ដូចជាការធ្វើវិឌីអូអប់រំ ដែលភាគច្រើនយើងធ្វើពី អ្វីដែលយើងបានឃើញនៃការកំណត់ចំពោះស្រ្ដី នៅក្នុងសង្គមដែលឲ្យពួកគាត់ធ្វើយ៉ាងនេះ ធ្វើយ៉ាងនោះ ដែលមិនសមស្របតាមសិទ្ធិរបស់ពួកគាត់» ។
ប្រាថ្នា បានបន្ដលើកឡើងថា «ជាក់ស្ដែងដូចស្រ្ដីរកស៊ីផ្លូវភេទម្នាក់ គាត់មានការតស៊ូនៅក្នុងជីវិតច្រើន ដើម្បីជួយរកថវិកា ផ្គត់ផ្គង់គ្រួសារគាត់ ប៉ុន្ដែសង្គមបែរជាមិនបានផ្ដល់អ្វីដែលគាត់គួរទទួលបាន ទៅតាមសិទ្ធិសេរីភាពរបស់គាត់ទៅវិញ ។ អញ្ចឹងហើយបានជាយើងធ្វើរឿងនេះ ដែលបង្ហាញពីសម្លេងនៅក្នុងចិត្ដរបស់ពួកគាត់ ដើម្បីឲ្យសង្គមបានដឹង និងទទួលស្គាល់» ។
តាមរយៈការប្រកួតសរសេរអត្ថបទនេះ ប្រាថ្នា សង្ឃឹម និងជឿជាក់ថា រឿងរបស់ពួកគាត់នឹងបង្ហាញទៅដល់សង្គម ដែលបានគិតថាវាជារឿងធម្មតា ប៉ុន្ដែរឿងនេះជាតម្រូវការរបស់ពួកគាត់យ៉ាងចាំបាច់ ដែលអាចឲ្យសង្គមមើលឃើញថា រឿងនេះសង្គមត្រូវយកចិត្ដទុកដាក់ និងងាកមករកពួកគាត់វិញ ។
បើតាម ប្រាថ្នា រឿងខ្លីដែលនិយាយពីសម្លេងក្នុងចិត្ដស្រ្ដីនេះ ជាប្រភេទរឿង ជីវិតរបស់ស្ត្រី ឬអ្វីដែលស្ត្រីចង់និយាយទៅកាន់សង្គម និងបើកទូលាយដល់បេក្ខជនគ្រប់គ្នាដែលមានសញ្ជាតិខ្មែរអាចចូលរួមប្រកួតបាន។
សូមបញ្ជាក់ថា រឿងខ្លីត្រូវសរសេរជាភាសាខ្មែរ ពុម្ពអក្សរយូនីកូដ ទំហំ១២ សរសេរចាប់ពី ២ ទៅ ៤ទំព័រ មានបញ្ជាក់ឈ្មោះ សាលា/ស្ថាប័នរួចទៅកាន់ សារអេឡិចត្រូនិច joycambodia.youthorg@gmail.com ។ ផុតកំណត់ថ្ងៃទី ៥ ខែមិនា ឆ្នាំ២០១៧ ម៉ោង ៦ល្ងាច ៕