ភ្នំពេញៈ មូនិធិហុងដា បានរកឃើញបេក្ខជនជយលាភី ៤ រូប នៃការប្រកួតពានរង្វាន់ហុងដា សម្រាប់អ្នកវិទ្យាសាស្រ្ដ និងវិស្វករវ័យក្មេងក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ ២០១៦។
ថវិកាចំនួន ៣០០០ ដុល្លាអាមេរិក មេដាយមាស និងវិញ្ញាបនប័ត្រ ពីមូនិធិហុងដា បានប្រគល់ឲ្យជយលាភីយុវតី សុង ប៊ុនទៀត យុវជន រ៉ូ ច័ន្ទណារិទ្ធ យុវជន គួច គាងអាង និង យុវជន ថៃ សេរីវុឌ្ឍ កាលពីថ្ងៃសុក្រ សប្ដាហ៍មុននៅ CJCC ។
យុវតី សុង ប៊ុន ទៀង និស្សិតអាហារូបករណ៍នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងជាតំណាងក្រុមបេក្ខជនជយលាភីបានថ្លែងឲ្យដឹងថា ការចូលរួមប្រកួតប្រជែងពាន រង្វាន់ហុងដាសម្រាប់វិស្វករ និងអ្នកវិទ្យាសាស្ត្រវ័យក្មេងបានបង្កើនចំណេះដឹងទាក់ទងនឹងអេកូតិចណូឡូជីកាន់តែទូលំទូលាយជាងមុន។
យុវតីតំណាងក្រុមជយលាភីរូបនេះបន្ដថា «ខ្ញុំបានទទួលនូវសមិទ្ធផលថ្ងៃនេះ ដោយសារតែការខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ ការអានឯកសារបន្ថែម ការអនុវត្ត និងការព្យាយាមពង្រឹងសមត្ថភាពទាំងជំនាញ និងភាសា ហើយអ្វីដែលពួកខ្ញុំបានតស៊ូប្រឹងប្រែងកន្លងមកនេះ ពិតជាបានធ្វើឲ្យ ពួកខ្ញុំទាំង ៤ នាក់បានទទួលជយលាភីរង្វាន់ហុងដានេះមែន»។
ប៊ុន ទៀង បន្ថែមថា «កម្មវិធីប្រកួតនេះជាឱកាសសម្រាប់ឲ្យខ្ញុំ ក៏ដូចជាយុវជនអាចបង្ហាញពីសមត្ថភាព និងគំនិតរបស់ខ្លួនអំពីអេកូតិចណូឡូជីដែលជាទុនយ៉ាងសំខាន់សម្រាប់ពិចារណា និងស្វែងរកដំណោះស្រាយដោយមានទំនួលខុសត្រូវខ្ពស់ក្នុងនាមជាអ្នកវិទ្យាសាស្រ្ត និងអ្នកអភិវឌ្ឍន៍ដ៏ពិតប្រាកដ»។
យុវតីកំពុងសិក្សាឆ្នាំទី ៤ នៃមហាវិទ្យាល័យ កសិ-ឧស្សហកម្ម រូបនេះបានឲ្យដឹងថា ការយល់ដឹងពី អេកូតិចណូឡូជីពិតជាមានសារៈសំខាន់ក្នុងការអភិវឌ្ឍប្រទេសដោយការយកចិត្តទុកដាក់ទាំងសង្គម សេដ្ឋកិច្ច និងយកចិត្តទុកដាក់ខ្ពស់ចំពោះមនុស្សជាតិ និងគុណភាពបរិស្ថាន ដោយសារតែរាល់ការអភិវឌ្ឍទាំងឡាយនឹងត្រូវបានសិក្សាវិភាគល្អិតល្អន់ដោយមានការចូលរួមពីអ្នកជំនាញឯកទេស និងអ្នកបច្ចេកទេសដើម្បីកាត់បន្ថយរាល់ផលប៉ះពាល់ដែលអាចកើតមានឡើង ។
កញ្ញា នួន កូហ្សូម៉ា លេខាកម្មវិធីពានរង្វាន់ហុងដាសម្រាប់អ្នកវិទ្យាសាស្រ្ដ និងវិស្វករវ័យក្មេងកម្ពុជា បានឲ្យដឹងដែរថា កម្មវីធីប្រកួតនេះបានប្រមូលផ្តុំយុវជនជំនាន់ក្រោយចូលរួមក្នុងការផ្តល់មតិយោបល់ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តភាព។
កញ្ញាបន្ដថា «ដោយសារតែយុវជន គឺជាសរសរទ្រូងនៃប្រទេសជាតិ ហើយអនាគតរបស់ប្រទេសជាតិយើងក៏ស្ថិតនៅក្នងកណ្តាប់ដៃរបស់យុវជនដែរ ដូចនេះហើយទើបការចូលរួមរបស់យុវជនពិតមានសារៈសំខាន់ណាស់ ម្យ៉ាងវិញទៀតវាគឺជាឱកាសមួយដែលអាចឲ្យពួកគាត់កសាងខ្លួនឲ្យក្លាយទៅជាអ្នកវិទ្យាសាស្រ្តវិស្វករអ្នកបចេ្ចកទេសដែលមានជំនាញពិតប្រាកដ ក្នុងការអភិវឌ្ឍប្រទេសជាតិដោយឈរលើគោលជំហរមួយដ៏ត្រឹមត្រូវរឹងមាំ ប្រកបដោយសីលធម៌វិជ្ជាជីវៈដើម្បីបម្រើដល់ប្រយោជន៍មនុស្សជាតិភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសុវត្ថិភាព បរិស្ថាន»។
លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកឡា បានថ្លែងក្នុងពិធីប្រគល់រង្វាន់ដល់យុវជនជយលាភីថា លោកចង់ឲ្យអ្នកវិទ្យាសាស្រ្ដវ័យក្មេង ធ្វើការជួបជុំគ្នាឲ្យបានញឹកញាប់ និងប្រចាំឆ្នាំជាមួយអ្នកស្រាវជ្រាវ និងអ្នកវិទ្យាសាស្រ្ដ ដើម្បីចែករំលែកព័ត៌មានពីការវិវឌ្ឍ នៃបច្ចេកវិទ្យានៅកម្ពុជា។
លោកបន្ដថា «ខ្ញុំចង់ឲ្យពលរដ្ឋមានកម្មវិធីជួបជុំគ្នាកាន់តែច្រើន ពីអ្នកស្រាវជ្រាវ ពីអ្នកបច្ចេកវិទ្យា ដើម្បីតាមដានការវិវឌ្ឍផ្នែកវិទ្យាសាស្រ្ដ » ។
កម្មវិធីរង្វាន់ហុងដាសម្រាប់អ្នកវិទ្យាសាស្ដ្រ និងវិស្វករវ័យកេ្មង (“Y-E-S Award”)ត្រូវបានអនុវត្ដដោយជោគជ័យនៅប្រទេសវៀតណាមក្នុងឆ្នាំ២០០៦ និង នៅប្រទេស ឥណ្ឌាក្នុងឆ្នាំ ២០០៧។ នាឆ្នាំ២០០៨ កម្មវិធីនេះត្រូវបានពង្រីកបន្ថែមដើម្បីបញ្ចូលប្រទេសកម្ពុជាក្នុងគោល បំណងគាំទ្រ និងលើកទឹកចិត្ដសម្រាប់ការអភិវឌ្ឍធនធានមនុស្សដែលជាអ្នកទទួលខុសត្រូវចំពោះ អនាគតរបស់ប្រទេស ព្រមទាំងជួយដល់តំបន់អាស៊ីអាគេ្នយ៍ដែលមានទំហំដ៏ធំធេង ក្នុងការបង្កើត នូវសមិទ្ធផលដែលមានភាពជឿនលឿនប្រកបដោយតុល្យភាពនៃវិទ្យាសាស្ដ្រ និងបចេ្ចកវិទ្យា ៕