The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - យុវតី ងួន បញ្ញនាថ ចែករំលែក​បទ​ពិសោធ​ការ​ទទួល​បាន​អាហារូបករណ៍តំបន់​អាស៊ាន​របស់​ CIMB

យុវតី ងួន បញ្ញនាថ ចែករំលែក​បទ​ពិសោធ​ការ​ទទួល​បាន​អាហារូបករណ៍តំបន់​អាស៊ាន​របស់​ CIMB

Content image - Phnom Penh Post
យុវតី ងួន បញ្ញនាថ និង លោក Bun Yin - CEO ធនាគារ CIMB ។

យុវតី ងួន បញ្ញនាថ ចែករំលែក​បទ​ពិសោធ​ការ​ទទួល​បាន​អាហារូបករណ៍តំបន់​អាស៊ាន​របស់​ CIMB

ភ្នំពេញៈ កំពុង​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ ផ្នែក​វិស្វកម្ម​គីមី​វិទ្យា​ នៅ​សាកល​វិទ្យា​ល័យ​ McGil​ ក្នុងទីក្រុង​ Montreal នៃ​ប្រទេស​កាណាដា​ យុវតី ងួន បញ្ញនាថ បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ LIFT ចំពោះ​ការ​ទទួល​បាន​អាហា​រូបករណ៍របស់ ធនាគារ CIMB ក្នុង​តំបន់​អាស៊ាន។

១.តើមូលហេតុ​អ្វី​បានជា​យុវតី​រូប​នេះ​ដឹងពី​កម្មវិធី​អាហា​រូបករណ៍​តំបន់​អាស៊ាន​របស់​ CIMB?

បញ្ញនាថ៖ តាម​​ពិត​ទៅ​គោល​ដៅ​នៃការ​សិក្សា​របស់​ខ្ញុំ គឺ​ការប្រឡង​យក​អាហា​រូបករណ៍ទៅ​សិក្សា​នៅ​​បរទេស​​​ថ្នាក់​ឧត្តម​សិក្សា​។​ ហេតុនេះ​ហើយ​ ទើប​​ខ្ញុំ​តែង​តែ​ស្វែង​យល់​ និង​ស្វែង​រក​កម្មវិធី​អាហា​រូបករណ៍​ល្អៗ ​ដែល​ជួយ​ឲ្យ​ខ្ញុំ​អាច​​ទទួល​បាន​ការ​សិក្សា​នៅ​សាកល​វិទ្យា​ល័យ​លំដាប់​ពិភព​លោក​ និង​សម្រេច​គោល​បំណង​អាជីព​ការងារ​របស់​ខ្ញុំ នាពេល​អនា​គត ។​

យុវតី​រូបនេះ​បន្ដ​៖ ខ្ញុំក៏​បាន​ប្រទះ​ឃើញ​សេចក្តី​ជូន​ដំណឹង​ អំពី​កម្ម​វិធី​អាហា​រូបករណ៍​តំបន់​អាស៊ាន​របស់​ CIMB តាម​​រយៈ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ ហើយ​ខ្ញុំមាន​ចំណាប់​អារម្មណ៍​ខ្លាំង​ណាស់ ចំពោះ​កម្មវិធី​អាហា​រូបករណ៍​នេះ​ ដោយ​​ផ្អែក​លើ​លក្ខខណ្ឌ​ គុណ​សម្បត្តិ​ និង​អត្ថប្រយោជន៍​ផ្សេងៗ ​។

២.តើ​ បញ្ញនាថ ​អាច​រៀប​រាប់​អំពីដំណើរ​ការ​ដាក់​ពាក្យ​ប្រកួត​ប្រជែង​អាហារូបករណ៍​នេះ​បាន​ទេ​?

អាហា​រូបករណ៍​របស់​ CIMB ​នេះ​ មាន​ភាព​ល្អិត​ល្អន់​ខ្លាំង​ណាស់​ នៅ​ក្នុង​ដំណើរ​ការ​ជ្រើស​រើស​អ្នក​ជាប់​អាហា​រូបករណ៍​។ ​អ្នក​ដាក់​ពាក្យ​ផ្សេង​ទៀត​ក៏ដូច​ជារូប​ខ្ញុំផ្ទាល់​ ត្រូវ​បញ្ជូន​ពាក្យ​ស្នើ​សុំតាម​អនឡាញ​ ដែល​បញ្ជាក់ពី​ប្រវត្តិ​រូប​សង្ខេប​នៃការ​សិក្សា​ និង​ប្រវត្តិ​រូប​សង្ខេប​ផ្ទាល់​ខ្លួន​ រួម​ទាំង​លិខិត ​ជីវប្រវត្តិ​មួយ​ច្បាប់​ផង​ដែរ។

ក្នុង​ជុំទីពីរ​ ខ្ញុំ​​ត្រូវ​ចូល​រួម​ការ​ធ្វើ​តេស្ត​កាយ​សម្បទា​ ក្នុង​រយៈ​ពេល​មួយ​ម៉ោង​។​ បន្ទាប់​មក​ អ្នក​ដាក់​ពាក្យ ​ដែល​បាន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ជ្រើស​រើស​ នឹង​ត្រូវ​បាន​ការ​ទាក់​ទង​ សម្រាប់​ការ​សម្ភាស​តាម​ទូរសព្ទ​ ហើយ​នឹង​បន្ត​ធ្វើការ​សម្ភាស​នៅ​ក្នុង​ស្រុក​មួយ​លើក​ទៀត។​ ក្នុង​អំឡុង​ពេល​ជុំទីពីរ​ ដល់​ជុំចុង​ក្រោយ​ ខ្ញុំ​ និងបេក្ខជន​ដទៃទៀត ​ត្រូវ​បាន​បញ្ជូន​ឲ្យ​ចូល​រួម​ក្នុង​កម្មវិធី​បោះ​ជំរុំ​ រយៈ​ពេល​ប្រាំថ្ងៃ​ នៅ​ប្រទេស​ម៉ាឡេស៊ី​ ដែល​ត្រូវ​បាន​ធ្វើ​តេស្ត​ និង​ពិនិត្យ​មើល​លើ​ជំនាញ​ ចំពោះ​ការ​ពង្រឹង​សាមគ្គី​ក្រុម​ សមត្ថ​ភាព​ជា​អ្នក​ដឹកនាំ​ បុគ្គ​លិក​លក្ខណៈ​ និង​ជំនាញ​ ការគិត​ស៊ី​ជម្រៅ​ជា​ដើម​។

នៅ​ក្នុង​ថ្ងៃ​ទីបួន​ នៃ​កម្ម​វិធី​បោះ​ជំរុំ ពួក​យើង​ត្រូវ​ចូល​រួម​សម្ភាស​ជាមួយ​គំណៈ​កម្មាធិការ​កំពូល​បួន​រូប​ របស់​ស៊ីអាយ​អិមប៊ីគ្រុប។ ​ចុង​ក្រោយ​អ្នក​ជាប់​ជុំផ្តាច់​ព្រ័ត្រ​ ត្រូវ​បាន​អញ្ជើញ​ឲ្យធ្វើ​ការ​សម្ភាសន៍​ ជាមួយ​ប្រធាន​នាយក​ប្រតិ​បត្តិ​ធន​ធាន​មនុស្ស​របស់​ស៊ីអាយ​អិមប៊ី គ្រុប​ គឺលោក​ស្រី​ Hamidah​។

៣. តើ បញ្ញនាថ ​អាច​ចែក​រំលែក​បទ​ពិសោធន៍​ នៃ​ការ​រស់​នៅ​ និង​សិក្សា​នៅ​ឯបរទេស​បាន​ដែរ​ឬទេ​?

ខ្ញុំកំពុង​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​ ផ្នែក​វិស្វកម្ម​គីមី​វិទ្យា​ នៅ​សាកល​វិទ្យា​ល័យ​ McGil​ ក្នុងទីក្រុង​ Montreal នៃ​ប្រទេស​កាណាដា​។ ​ការសិក្សា​ និង​ការរស់​នៅ​បរទេស​ គឺពិត​ជាបទ​ពិសោធន៍​ដ៏រំភើប​រីករាយ​។ ដំបូង​ ខ្ញុំ​មាន​អា រម្មណ៍​ខ្វល់​ខ្វាយ​ចំពោះ​វប្បធម៍​ថ្មី​នៅ​កាណាដា​ ក៏ប៉ុន្តែ​ខ្ញុំបាន​ជំនះ​ និង​ពុះពា​ជា​បណ្តើរៗ​។ ​ខ្ញុំ​បាន​សាក​ល្បង​បទ​ពិសោធន៍​ថ្មីៗ​ ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប​ពីមុន​មក​ ដូច​ជាការ​ទៅ​ជិះ​ទូក​កាយ៉ាក់ ​នៅ​ទន្លេ ​Rouge ​ដ៏ល្បីល្បាញ​។

ក្រៅ​ពីនេះ​ ការ​សិក្សា​នៅ​ប្រទេស​កាណាដា​ បាន​ផ្តល់​ឱកាស​យ៉ាង​ទូលំ​ទូលាយ​ សម្រាប់​ខ្ញុំ​។ ​មួយក្នុង​ចំណោម​ឱកាស​ដ៏មាន​តម្លៃ​បំផុត​សម្រាប់​ខ្ញុំ ​គឺ​បាន​ចូល​រួម​ក្នុង​សន្និ​សីទ​ FinTech នៅ​ទីក្រុង ​San Francisco​។ ហើយ​ខ្ញុំ​ពិត​ជា​អរគុណ​ខ្លាំង​ណាស់​ សម្រាប់​ឱកាស​ទាំង​អស់​នេះ​។

៤.តាម​ដឹង​ បញ្ញនាថ ទ​ទួល​បាន​ឱកាស​ក្លាយ​ជាបុគ្គ​លិក​ហាត់​ការ​ ជាមួយ​ធនាគារ ​ស៊ីអាយ​អិម​ប៊ី​ តើ​មាន​តួនា​ទីអ្វី​? ​ហើយ​​បាន​ជួយ​ដល់​អាជីព​​នាថ្ងៃ​អនាគត​យ៉ាង​ដូច​ម្តេច​ដែរ​?

ឥឡូវ​នេះ​ ខ្ញុំ​កំពុង​ចុះ​កម្ម​សិក្សា​ ជាបុគ្គ​លិក​ហាត់​ការ​ ក្នុង​នាយកដ្ឋាន​គ្រប់​គ្រង​ហា​និភ័យ​ របស់​ធនាគារ​ ស៊ី​អាយ​អិម​ប៊ី​។ ​ដោយ​សារ​ខ្ញុំ​សិក្សា​ផ្នែក​វិស្វកម្ម ​ចំណេះ​ដឹង​របស់​ខ្ញុំ​ហាក់​មាន​កម្រិត ​លើវិស័យ​ធនាគារ។ ​យ៉ាង​ណា​មិញ ការ​ចុះ​កម្ម​សិក្សា​របស់​ខ្ញុំ​បាន​ផ្តល់​ឲ្យ​ខ្ញុំ ​នូវ​ការ​យល់​ដឹង​ផ្សេងៗ​គ្នា​នៃ​ការ​ធ្វើ​ប្រតិ​បត្តិការ ​នៅ​ក្នុង​ធនាគារ ហើយ​មិន​តែ​ប៉ុណ្ណោះ​ ក៏​​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ ចាប់​យក​ចំណេះ​ដឹង​មូល​ដ្ឋាន​ ក្នុង​ការ​គ្រប់​គ្រង​ឥណ​ទាន និង​ហានិ​ភ័យ​ប្រតិ​បត្តិ​ការ​។ ​ឱកាសនេះ​ ក៏​បាន​ផ្តល់​ឲ្យ​ខ្ញុំ​ នូវ​បទ​ពិសោធន៍​ដ៏​ទូលំ​ទូលាយ​ នៃ​ជម្រើស​អាជីព​ល្អៗ​ ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​របស់​ខ្ញុំ​។

លោក​ ប៊ុន​ យីន​ ប្រធាន​នា​យក​ប្រតិ​បត្តិ​របស់​ធនាគារ​ ស៊ីអាយ​អិមប៊ី បាន​ថ្លែង​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា អាហា​រូប​ករណ៍​តំបន់​អាស៊ាន​របស់​ ស៊ី​អាយ​អិម​ប៊ី ​បាន​ចាប់​ផ្តើម​ក្នុង​ឆ្នាំ​២០១៦​ ក្នុង​គោល​បំណង​ស្វែង​រក​យុវ​ជន​មាន​សមត្ថ​ភាព​វ័យ​ក្មេង​ ដែល​លេច​ធ្លោ​បំផុត​ ក្នុង​តំបន់​អាស៊ាន​ ហើយ​ផ្តល់​ឱកាស​ដល់​ពួក​គេ ឲ្យ​ទទួល​បាន​ការ​អប់រំ​ នៅ​តាម​សាកល​វិទ្យា​ល័យ​ល្បី​ឈ្មោះ​នានា​ ជុំវិញ​ពិភព​លោក​ទៅ​តាម​ការ​ជ្រើស​រើស​របស់​និស្សិត​។

លោក​ថ្លែង​ថា «យើង​សង្ឃឹម​ថា​ ការ​លើក​កម្ពស់​នេះ ​នឹង​ជួយ​កសាង​មូល​ដ្ឋាន​គ្រឹះ ​នៃ​អនា​គត​ជោគ​ជ័យ​របស់​ពួក​គេ ហើយ​យើង​មាន​ទំនុក​ចិត្ត​ថា ​អ្នក​ជាប់​អាហា​រូបករណ៍​របស់​ ស៊ីអាយ​អិម​ប៊ី​ ទាំង​អស់ ​នឹងយក​ចំណេះ​ដឹង​ត្រ​ឡប់​​មក​វិញ ដើម្បី​រួម​ចំណែក​អភិ​វឌ្ឍ​ដល់​សហ​គមន៍​អាស៊ាន»​ ។

កម្មវិធី​អាហា​រូប​ករណ៍​នេះ ​គឺ​ស្រប​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់​ស៊ី​អាយ​អិម​ប៊ីគ្រុប​ ក្នុង​ការ​ជួយ​អភិ​វឌ្ឍ​អនា​គត​អ្នក​ដឹក​នាំ​ ក្នុង​តំបន់​អាស៊ាន​។ ​

«យើង​មាន​មោទ​នភាព​ក្រៃលែង​ ដែល​និស្សិត​ខ្មែរ​មួយ​រូប​ ត្រូវ​បាន​ជ្រើស​រើស​ជា​ម្ចាស់​ជ័យ​លាភី​អាហា​រូបករណ៍​ ក្នុង​ចំណោម​និស្សិត​ឆ្នើម​ប្រចាំ​តំបន់​ ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​។ តាង​នាម​ឲ្យ​ស៊ី​អាយ​អិម​ប៊ី​ គ្រុប​ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឲ្យ​និស្សិត​ខ្មែរ​ កាន់​តែ​ច្រើន​ឡើង​ ដាក់​ពាក្យ​ប្រឡង​យក​អាហា​រូប​ករណ៍​ថ្នាក់​តំបន់​នេះ​ និង​ចាប់​យក​ឱកាស​ថ្នាក់​ឧត្តម​សិក្សា​ ដែល​ឧបត្ថម្ភ​ដោយ ​ស៊ី​អាយ​អិម​ប៊ី​។​ យើង​មាន​សង្ឃឹម​យ៉ាង​មុត​មាំ​ថា ​នឹង​មាន​និស្សិត​ខ្មែរ​ កាន់​តែ​ច្រើន​ឡើង​ ទទួល​បាន​អាហា​រូប​ករណ៍​ស៊ី​អាយ​អិម​ប៊ី ​នាពេល​អនា​គត​» ៕

អត្ថបទគួរចាប់អារម្មណ៍