ភ្នំពេញៈ យុវតី ៣ ក្រុមបានឈ្នះការប្រកួត Technovation ២០១៧ ថ្នាក់ជាតិ ក្រោយពេលពួកគេបានផ្ដួលយុវតី ៩ ក្រុមផ្សេងទៀតកាលចុងសប្តាហ៍មុន នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (CKCC)។
Technovation ជាកម្មវិធីអប់រំរយៈពេល ១២ សប្ដាហ៍ សម្រាប់សិស្សស្រីចាប់ពីអាយុ ១០ ទៅ ១៩ឆ្នាំ ដែលកំពុងសិក្សានៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងគោលបំណងលើទឹកចិត្តស្រ្ដី ឲ្យចូលរួមកាន់តែច្រើនក្នុងវិស័យបច្ចេកវិទ្យា (ICT) និងវិស័យធុរៈកិច្ច ។
ការប្រកួតឆ្នាំនេះ ក្រុមជយលាភីលេខ ១ ទទួលបានរង្វាន់ Tablet ៣ គ្រឿង និង ថវិកាជាង ២០០ ដុល្លារអាមេរិក។ លេខ ២ ទទួលបាន Tablet ៣ គ្រឿង និងថវិកាជាង១០០ ដុល្លារអាមេរិក ខណៈកម្មវិធីប្រកួតនេះ ជាគម្រោងរបស់ Development Innovations ដែលទទួលបានការឧបត្ថម្ភដោយ ទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) សហជាមួយក្រសួងអប់រំ យុវជន និង កីឡា ។
លោក ពិតោរ លីដែត Master Educator នៃកម្មវិធី Technovation Cambodia បានថ្លែងប្រាប់ LIF ថា ទាំងក្រុមយុវតីជយលាភី ៣ក្រុម និង៩ក្រុមទៀតដែលបានចូលរួមការប្រកួតថ្នាក់ជាតិ នឹងត្រូវបញ្ចូលគម្រោងរបស់ពួកគេ ឲ្យទៅចូលរួមប្រកួតថ្នាក់ពិភពលោកនៅសហរដ្ឋអាមេរិក ចាប់ពីខែមិថុនា ដែលនឹងបើកវគ្គប្រកួតជ្រើសរើស នាខែកក្កដា ប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង ខែសីហា ប្រកួតផ្ដាច់ព្រ័ត្រ។
ក្រុមយុវតីជយលាភីលេខ ១ កម្រិតអនុវិទ្យាល័យឬ Junior Division បានទៅក្រុម Techlifestyle និងក្រុម Girls For Tomorrow ជាប់ជយលាភី ១ សម្រាប់យុវតីកម្រិតវិទ្យាល័យឬ Senior Division ខណៈលេខក្រុមលេខពីរ កម្រិត Senior Division បានទៅលើ The Square Bracket ។
ក្រុមនីមួយៗមានសមាជិកចាប់ពីពីរ នាក់ឡើងទៅ។
ថ្លែងក្នុងកម្មវិធីបិទការប្រកួត យុវតី តាំង វួចលាប តំណាងក្រុម Techlifestyle ដែលជាក្រុមមកពីវិទ្យាល័យ ព្រះស៊ីសុវត្ថិ បានថ្លែងឲ្យដឹងថា ក្រុមពួកនាងបានលើកយកពីការបង្កើត App ឈ្មោះ Pre-Health ដែលជាអេហ្វមួយប្រភេទ អាចជួយថែទាំសុខភាពដល់ប្រជាជនទូទៅ ពិសេសបង្ហាញពីបញ្ហាសុខភាព។
យុវតីរូបនេះ ថ្លែងថា «App នេះធ្វើឡើងសម្រាប់ផ្ដល់ព័ត៌មាននានា ទាក់ទងនឹងបញ្ហាសុខភាព គឺអាចឲ្យអ្នកប្រើប្រាស់យក អេហ្វនេះ ដើម្បីតាមដានពីសុខភាពរបស់ខ្លួនឲ្យកាន់តែប្រសើរផងដែរ»។
ក្រុមយុវតី Girls For Tomorrow មកពីមជ្ឈមណ្ឌល Liger Learning ដែលជាជយលាភីលេខ១ ផ្នែក Senior Division បានឲ្យដឹងដែរថា ពួកនាងបានលើកយកគម្រោងនៃការបង្កើត App មានឈ្មោះថា V-Ed Kh ។
យុវតី ជុន វីរីយ៉ា តំណាងក្រុមបាននិយាយប្រាប់ ថា App របស់ពួកគេ អាចជួយលើកកម្ពស់ដល់វិស័យអប់រំពិសេសជួយដល់សិស្ស-និស្សិត ឲ្យងាយស្រួលក្នុងសិក្សាបន្ថែម ។
វីរីយ៉ា បន្ដថា «អេហ្វនេះ ក៏អាចឲ្យ សិស្ស-និស្សិត រៀនបន្ថែម នៅលើ Online តាមរយៈ វីដេអូ និងឯកសារបង្រៀនជាច្រើន» ។
ចំណែកជយលាភីលេខ ២ ផ្នែក Senior Division បានទៅលើក្រុមយុវតី The Square Bracket ជាសិស្សមកពីសាលា CIA First International School។ ក្រុមពួកគេបានបង្កើតគម្រោង App មួយឈ្មោះ TechersNearMe ។
បើតតាម យុវតី ស្រី នៀត តំណាងក្រុម បានឲ្យដឹងថា TechersNearMe គឺមានគោលបំណងក្នុងការផ្ដល់ឲ្យអ្នកប្រើប្រាស់ក្នុងការស្វែងរកគ្រូបង្រៀនក្រៅម៉ោងសម្រាប់ជាជំនួយក្នុងការសិក្សាផងដែរ ។
លោក ពិតោរ លីដែត Master Educator នៃកម្មវិធី Technovation Cambodia បានបន្ថែមថា ការប្រកួតគម្រោងបង្កើត App នៅក្នុងកម្មវិធី Technovation ឆ្នាំនេះ បានរៀបចំឲ្យក្រុមយុវតី បង្កើតគម្រោងរបស់ពួកគេ ឲ្យសមស្រប ទៅតាមគោលដៅអភិវឌ្ឍសហស្សវត្សរទាំង ៦ របស់ អង្គការសហប្រជាជាតិ ។
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងពិធីនេះដែលថាTechnovation ពិតជាអាចរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឲ្យមាតាបិតា អាណា ព្យាបាលសិស្ស និងយុវនារីវ័យក្មេងទាំងអស់ បានយល់ដឹងបន្ថែម ពីសារៈសំខាន់នៃឧបករណ៍បច្ចេកវិទ្យាព័ត៌មាន (ICT) ក្នុងគោលបំណងលើកកម្ពស់ការចូលរួមរបស់ស្ត្រី លើផ្នែកបច្ចេកវិទ្យា និងធុរៈកិច្ច ក៏ដូចជាបង្កើនការភ្ជាប់ទំនាក់ទំនងរបស់ពួកគេក្នុងវិស័យនេះផងដែរ៕