ភ្នំពេញៈ បណ្ណាល័យអេឡិចត្រូនិច (elibrary) មួយ មានឯកសារចាស់ជាភាសាខ្មែររាប់ពាន់ក្បាលសម្រាប់ឲ្យសិស្សសិក្សាស្រាវជ្រាវដោយសេរី ពិសេសសម្បូរទៅដោយមេរៀននៅថ្នាក់វិទ្យាល័យ សម្រាប់ត្រៀមប្រលងបាក់ឌុប ។
សិស្ស-និស្សិតអាចចូលទៅមើលសៀវភៅ ឬទាញយកសៀវភៅពី បណ្ណាល័យអេឡិចត្រូនិចនេះបានតាមរយៈវ៉េបសាយ elibraryofcambodia.org ។
នៅក្នុងបណ្ណាល័យនេះ បានប្រមូលផ្ដុំនូវឯកសារជាភាសាខ្មែរ និងបាលីចាស់ៗ មួយចំនួនដូចជា សៀវភៅកំណាព្យ នយោបាយ ប្រលោមលោក ចិត្តសាស្រ្ត កិច្ចព្រមព្រៀង សេចក្តីអំពាវនាវ សៀវភៅចម្រៀងចាស់ៗ សៀវភៅសិក្សាសម្រាប់សិស្ស អនុវិទ្យាល័យ និងវិទ្យាល័យគ្រប់កម្រិត ។
ទោះជាយ៉ាងណា LIFT មិនអាចទាក់ទងអ្នកគ្រប់គ្រងបណ្ណាល័យនេះបានទេនៅថ្ងៃសុក្រនេះ ព្រោះលេខទូរស័ព្ទទំនាក់ទំនងនៅក្រៅប្រទេសមិនអាចទំនាក់ទំនងបាន។
តាមការបញ្ជាក់នៅលើវ៉េបសាយនេះបានឲ្យដឹងថា « អ្វីៗទាំងអស់ដែលដំកល់ទុកនៅក្នុង eLibrary of Cambodia ជាសម្បតិ្តរបស់ខ្មែរទាំងអស់គ្នា សំរាប់បម្រើជាប្រយោជន៏សាធារណៈ ដោយមិនគិតរក និងយកកម្រៃ ព្រមទាំង អាចឲ្យយើងខ្ញុំបានជួយប្រទេសជាតិ បានមួយភាគតូចផងដែរ» ។
សេចក្ដីបញ្ជាក់ជាសារនេះបានឲ្យដឹងទៀតថា គោលបំណងនៃការបង្កើតបណ្ណាល័យនេះក៏ដើម្បី ប្រមូលសម្បតិវប្បធម៌ខ្មែរ មានដូចជាអក្សរសាស្ត្រ ប្រពៃណី ដែលឆ្លាក់នៅលើផ្ទាំងសិលា សាស្ត្រាស្លឹករឹត សៀវភៅ និងបានថត ជារូបភាព ឬ សំឡេង មកចងក្រងទុកលើបណ្ណាល័យអេឡិចត្រូនិកខ្មែរ ដើម្បីកុំឲ្យបាត់បង់។ ម្យ៉ាងទៀតក៏ជួយឲ្យកូនខ្មែរអាចស្វែងយល់ពីវប្បធម៌និងប្រពៃណីសម្បូរបែបបន្សល់ទុកតាំងពីអតីតកាល ដោយមិនបាច់ចំណាយអស់មួយរៀលឡើយ៕