ភ្នំពេញៈ សហគ្រិនកម្ពុជា ១៥ រូប ត្រូវបានជ្រើសរើសចេញពីក្នុងចំណោមជាង ៣០ រូប ដោយគណៈកម្មការប្រកួត សហគ្រិនវ័យក្មេងកម្ពុជា (Cambodian Young Entrepreneur Awards 201៧) ដើម្បីឡើងទៅប្រកួតវគ្គផ្ដាច់ព័ត្រដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៧ខាងមុខនេះ។
ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ផ្ដួចផ្ដើមឡើងដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI) សាខាមេគង្គនិងសមាគមសហគ្រិនវ័យក្មេងកម្ពុជា(YEAC) ហើយនេះគឺជាលើកទី៣ ដែល JCI សាខាមេគង្គ និង YEAC បានរៀបចំការប្រកួតប្រជែងពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជានេះឡើង។
កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងទទួលស្គាល់ និងលើកទឹកចិត្តដល់បណ្តាសហគ្រិន វ័យក្មេងកម្ពុជាឱ្យមានឱកាសចូលរួម បង្ហាញសមត្ថភាព ចែករំលែកនូវជោគជ័យជាលក្ខណៈថ្នាក់ជាតិរបស់ខ្លួន។
លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ពិធីប្រកាសសហគ្រិនវ័យក្មេងឆ្នើមទាំង១៥រូប» កាលពីថ្ងៃសៅសប្ដាហ៍មុននេះថា «ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជានេះ ជាកម្មវិធីពិសេស អាចឲ្យយើងបានជួបជុំគ្នា និងជាពិសេសជាងនេះទៀត យើងបានមើលឃើញពីសក្ដានុពលកម្ពុជា ដែលបានបង្កើតឲ្យមាននូវសហគ្រិនវ័យក្មេងជាបន្ដបន្ទាប់»។
លោក ស្រី ជា សុផល្លា ប្រធានថ្នាក់ជាតិសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) បានលើកឡើងថា ការបង្កើតឲ្យមានកម្មវិធីប្រកួតពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជានេះ ព្រោះលោកស្រី និងគណៈកម្មការផ្សេងទៀតបានមើលឃើញថា កាលពីបីឆ្នាំមុន សហគ្រិនវ័យកម្ពុជា ព្រោះតែចង់បានពានរង្វាន់នេះ ពួកគាត់បានចំណាយពេលជាច្រើនដើម្បីដាក់ពាក្យទៅចូលរួមប្រកួតដណ្ដើមពាននៅបរទេសទៅវិញ។
លោកស្រីបន្ដថា «យើងបាននាំគ្នាគិតថា ហេតុអ្វីបានជាកូនខ្មែរយើងជាអ្នកបង្កើតសេវាកម្ម និងផលិតផល យើងបង្កើតឡើងដើម្បីបម្រើដល់ប្រជាជនកម្ពុជា ហេតុអីបានជាយើងចាំបាច់ទៅយកពានដល់ប្រទេសក្រៅ? ហើយទាំងអស់នេះ គឺជាសំណួរមួយដែលយើងបានបង្កើត CYEA ដល់ថ្ងៃនេះ»។
លោកស្រីបន្ថែមថា «អញ្ចឹងយើងបានមើលឃើញហើយថា ការលះបង់របស់ពួកយើងមកដល់ថ្ងៃនេះ បានកើតចេញជាផ្លែផ្កា ហើយក្នុងចំណោមសហគ្រិនទាំង១៥រូបក្នុងវគ្គនេះ អាជីវកម្មដែលបង្កើតឡើងគឺសុទ្ធតែជាការបង្កើតឡើងដោយ កូនខ្មែរសុទ្ធសាធ»។
ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា (CYEA) នឹងជ្រើសរើសសហគ្រិនឆ្នើមចំនួន ៥រូបចុក្រោយ ប្រចាំឆ្នាំ២០១៧ ដើម្បីកាន់ពានសហគ្រិនឆ្នើមចំនួន៥ដែរគឺ ១.ពានរង្វាន់សហគ្រិនឆ្នើមផ្នែកសង្គម ២.ពានរង្វាន់សហគ្រិនឆ្នើមស្ត្រី ៣.ពានរង្វាន់សហគ្រិនវ័យឆ្លាតផ្នែកបច្ចេកវិទ្យា និង ៤.ពានរង្វាន់អ្នកដែលទើបនឹងចាប់ផ្តើមអាជីវកម្ម។
ក្រៅពីទទួលបានពានរង្វាន់ទាំងនេះ សហគ្រិនវ័យក្មេងកម្ពុជាក៏មានឱកាសទៅ ដណ្តើមយកពានរង្វាន់ផ្សេងទៀតលើឆាកអន្តរជាតិផងដែរ។
សហគ្រិនវ័យក្មេងឆ្នើមទាំង១៥រូបដែលជាប់ក្នុងវគ្គពាក់កណ្ដាល់ផ្ដាចព្រ័ត្រនេះ កើតឡើងបន្ទាប់ពីគណៈកម្មាការទាំងអស់បានធ្វើការវាយតម្លៃ និងដាក់ពិន្ទុរយ៉ាងសុក្រឹត្យជាទីបំផុតដោយផ្អែកទៅលើលក្ខខ័ណ្ឌនៃការប្រកួតប្រជែងព្រមទាំងលក្ខណៈពិសេសរបស់បេក្ខជននីមួយៗ ដែលរួមមាន ភាពឆ្លាតវៃ ភាពច្នៃប្រឌិត ថែមទាំងសមត្ថភាពពិតប្រាកដរបស់បេក្ខជនក្នុងការរវិវត្តន៍មុខជំនួញឲ្យមានការរីកចម្រើនលឿននៅក្នុងរយៈពេលខ្លីផងដែរ ៕