ភ្នំពេញៈ សាកលវិទ្យាល័យឈានមុខនៅសហរដ្ឋអាមេរិកចំនួន ២០ បានមកផ្ដល់ប្រឹក្សា ដល់សិស្សានុសិស្សកម្ពុជា អំពីការទៅសិក្សានៅសហរដ្ឋ អាមេរិក តាមរយៈពិព័រណ៌ការសិក្សានៅសហរដ្ឋអាមេរិក (Education USA Fair) កាលពីថ្ងៃអង្គារម្សិលមិញនេះ នៅសណ្ឋាគារអាំងទែកុងទីណង់តាល់ភ្នំពេញ ។
លោកស្រី ម៉ៅ កូឡាវ អ្នកផ្តល់ប្រឹក្សា អំពីការសិក្សានៅអាមេរិក បានថ្លែងប្រាប់ LIFT ឲ្យដឹងថា តំណាងចំនួន ២០ រូប មកពីមហាវិទ្យាល័យ និងសាកលវិទ្យាល័យឈានមុខ នៅសហរដ្ឋអាមេរិកនេះ បានផ្ដល់ប្រឹក្សាដល់សិស្សនិស្សិតកម្ពុជាពីកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សា លក្ខខ័ណ្ឌទាមទារក្នុងការចុះឈ្មោះចូលរៀន និងឱកាសអាហារូបករណ៍នៅសហរដ្ឋអាមេរិកជាដើម ។
លោកស្រីនិយាយថា «ពិព័រណ៌នេះ យើងក៏រៀបចំឡើង ដើម្បីផ្សាភ្ជាប់សាកលវិទ្យាល័យឈានមុខនៅអាមេរិក ជាមួយ សិស្ស-និស្សិតកម្ពុជា ដើម្បីឲ្យពួកគាត់បានជួបនិយាយគ្នាដោយផ្ទាល់ពីការទៅសិក្សានៅអាមេរិក» ។
លោកស្រី កូឡាវ បានឲ្យដឹងដែរថា ពីមួយឆ្នាំទៅមួយឆ្នាំ Education USA បានដឹកនាំសាកលវិទ្យាល័យល្បីៗនៅអាមេរិកជាបន្ដបន្ទាប់មកកម្ពុជា ដើម្បីផ្ដល់ប្រឹក្សា អំពីការសិក្សានៅអាមេរិក ដល់សិស្សានុសិស្សកម្ពុជា ខណៈកាលពីឆ្នាំ ២០១៦ មានសាកលវិទ្យាល័យចំនួន ១៦ មកពិព័រណ៌ការសិក្សានៅកម្ពុជា និងឆ្នាំនេះមានការកើនឡើងរហូតដល់ ២០ សាកលវិទ្យាល័យ។
លោកស្រីបន្តថា «ក្នុងចំណោមសាកលវិទ្យាល័យជាង ៤៥០០ នៅអាមេរិក យើងបានព្យាយាមស្វែងរកតំណាងរបស់ពួកគាត់ ដើម្បីមកជួយផ្ដល់ព័ត៌មាន អំពីការទៅសិក្សានៅអាមេរិក ដល់និស្សិតកម្ពុជា ហើយសាកលវិទ្យាល័យទាំងនោះបានផ្ដល់ព័ត៌មានសុក្រិត មិនលម្អៀងទៅសាកលវិទ្យាល័យណាមួយនៅកម្ពុជានោះទេ» ។
លោក ថោង ទិត្យតារា មន្រ្ដីទំនាក់ទំនងអន្ដរជាតិនៃស្ថាប័នអប់រំ NTC Group ដែលបានដឹកនាំសិស្សប្រមាណជាង ២០០ នាក់ មកសាកសួរព័ត៌មានអំពីការសិក្សានៅសហរដ្ឋអាមេរិកនេះបានថ្លែងប្រាប់ឲ្យដឹងដែរថា ការចូលរួមក្នុងពិព័រណ៌នេះ ពិតជាបានផ្ដល់ផលប្រយោជន៍ជាច្រើនដល់សិស្សានុសិស្ស ទាំងការទំនាក់ទំនង ជាមួយមិត្ដភក្ដិមកពីសាលាផ្សេងៗ និងទទួលបានឱកាសទៅសិក្សានៅសហរដ្ឋអាមេរិកថែមទៀត ។
លោកបានថ្លែងទៀតថា «បន្ទាប់ពីចូលរួមក្នុងកម្មវិធីនេះ ខ្ញុំជឿជាក់ថា សិស្សក៏កាន់តែមានការព្យាយាមសិស្សាជាងមុនដែរ ព្រោះពួកគេបានដឹងពីដំណើរនៃការទៅសិក្សានៅបរទេសកាន់តែច្បាស់ ដូច្នេះដើម្បីបានទៅសិក្សានៅអាមេរិកពួកគេប្រាកដជាប្រឹងប្រែងសិក្សាបន្ថែមមួយកម្រិតទៀត» ។
លោកស្រី កូឡាវ បានឲ្យដឹងដែរថា សិស្សនិស្សិតដែលចង់ទទួលបានព័ត៌មានទៅសិក្សានៅអាមេរិក តែនៅមិនទាន់ទទួលបានព័ត៌មានអាចទៅសាកសួរព័ត៌មាននៅការិយាល័យ Education USA ដែលជាដៃគូរវាងស្ថានទូតសហរដ្ឋអាមេរិក និងសាកលវិទ្យាល័យបញ្ញាសាស្រ្តដែលផ្តល់សេវាប្រឹក្សាផ្នែកអប់រំដោយឥតគិតថ្លៃដល់សិស្សនិស្សិត ដែលចង់ទៅសិក្សានៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ៧ ថ្ងៃក្នុង ១ សប្ដាហ៍នៅបណ្ណាល័យសាលាបញ្ញាសាស្រ្ដ ។
លោកស្រីបញ្ជាក់ថា «ការប្រឹក្សានឹងផ្តល់ព័ត៌មានស្តីពីទិដ្ឋាការសម្រាប់សិស្សនិស្សិត កម្មវិធីផ្លាស់ប្តូរការសិក្សា និងអាហារូបករណ៍ជាដើម»៕