ភ្នំពេញ៖ សាលាអន្តរជាតិ ហ្សាម៉ាន់ បានផ្តល់អាហារូបករណ៍ដល់សិស្សឆ្នើមចំនួន ២៣ នាក់ក្នុងកម្មវិធីប្រគល់អាហារូបករណ៍ប្រចាំឆ្នាំ កាលពីសប្តាហ៍មុននៅសាកលវិទ្យាល័យ ហ្សាម៉ាន់ ក្នុងខណ្ឌទួលគោក ក្រុងភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
សិស្សទទួលអាហារូបករណ៍ រួមមានសិស្សបួនរូបដែលឈរនៅលំដាប់ថ្នាក់ខ្ពស់ជាងគេទាំង ១០០ នាក់ ពីការប្រឡងសិស្សពូកែសិស្សពីររូបដែលមានចំណាត់ថ្នាក់ល្អពីការប្រឡង Cambridge Checkpoint Exams សិស្សពីររូបពីសមិទ្ធផលនៃការប្រឡង Cambridge Checkpoint Exams នៅឆ្នាំមុន និងពីររូបផ្សេងទៀតលើការរក្សាបានចំណាត់ថ្នាក់សិក្សាល្អ ចាប់តាំងពីកម្មវិធីប្រគល់អាហារូបករណ៍នៅឆ្នាំមុន។
លោក ហ្គួរកាន់ ម.ចីល ប្រធានគ្រប់គ្រងសាលាអន្តរជាតិ ហ្សាម៉ាន់ បានស្ញើចសរសើរ និងថ្លែងថា៖ «ខ្ញុំស្គាល់សិស្សទាំងនេះ។ ពួកគេនឹងបន្តខិតខំសិក្សា ឥតឈប់ឈរដើម្បីសម្រេចនូវអ្វីដែលពួកគេប៉ងចង់បាន នៅខែ ឆ្នាំ ឬទសវត្សរ៍ក្រោយៗ នាថ្ងៃអនាគត»។
ក្នុងចំណោមសិស្សទាំង ២៣ នាក់ ដែលទទួលបានការបញ្ចុះតម្លៃលើថ្លៃសិក្សាមានសិស្ស ១៣ រូបដែលទទួលបាននិទ្ទេស A ពីការប្រឡងបាក់ឌុបដែលស្នាដៃនេះបានផ្តល់ឱកាសឱ្យពួកគេបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅសប្តាហ៍នេះ។
លោកបានលើកឡើងថា ដោយសារសាលាមានសិស្សឆ្នើមទាំងនេះហើយបានជាលោកមាន «ទឹកចិត្ត»និង «ការប្តេជ្ញាចិត្ត» ដើម្បីបន្តរក្សាស្តង់ដារខ្ពស់លើការអប់រំ៕