ភ្នំពេញៈ សិស្សវិទ្យាល័យ និងអនុវិទ្យាល័យមកពី ៦ សាលានៅទីក្រុង ភ្នំពេញ បានជាប់ជាបេក្ខជន ទៅប្រកួតបន្ដវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅទីក្រុង អាថែន ប្រទេសក្រិក ទីកុ្រងហាណូយនៃប្រទេសវៀតណាម និងទីក្រុងកាប់ថោន ប្រទេសអាព្រិចខាងត្បូង ដើម្បីឈានទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅអាមេរិក។ នេះបើតាមការឲ្យដឹងពីការប្រកាសពាន់រង្វាន់ជ័យលាភីក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០១៧ នៅសាលប្រជុំនៃសាកលវិទ្យាល័យអន្តរជាតិ ហ្សាម៉ាន់។
ការប្រកួតពានរង្វាន់បញ្ញវន្តពិភពលោក (WSC) ប្រចាំឆ្នាំ ២០១៧ នៅទីក្រុងភ្នំពេញ ដែល រៀបចំដោយ អង្គការស្ទីមកម្ពុជា កន្លងទៅនេះ មានសិស្សានុសិស្សចូលរួមប្រកួតចំនួន ២៣១ នាក់មកពីសាលារៀន ចំនួន ៩នៅ រាជធានីភ្នំពេញ។
លោក សេង រតនា នាយកប្រតិបត្ដិ អង្គការស្ទីមកម្ពុជា បានថ្លែងប្រាប់ គេហទំព័រ LIFT-យុវវ័យ នាថ្ងៃច័ន្ទនេះថា សិស្សចំនួន៩ក្រុម មកពីសាលានានា មានទាំងសាលារៀនរដ្ឋ និងឯកន ផងនោះ ក្នុងចំណោមសិស្ស ២៣១នាក់ ដែលបានចូលរួមប្រកួត ក្នុងនោះសិស្ស ចំនួន ៤០ ភាគរយ បានទទួលមេដាយជយលាភី ដូច្នេះបើគិតជាចំនួនប្រហែល ១០០ នាក់នឹងអាចទៅប្រកួតបន្ដវគ្គពាក់កណ្ដាលផ្ដាចព្រ័ត្រកម្រិតអន្ដរជាតិជាមួយជាង ៥០ ប្រទេសនៅទូទាំងពិភពលោក។
សិស្សដែលជាប់ទៅប្រគួតបន្ដវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររួមមាន សិស្សមកពីវិទ្យាល័យបាក់ទូក សាលាអន្ដរជាតិ Zaman សាលា Canadian International School of Phnom Penh សាលា Liger Learning Center វិទ្យាល័យ ព្រះសីហនុ និង ក្រុមសិស្សមកពីសាលារួមគ្នា ដែលមានឈ្មោះថា Mixed Teams ។
លោក រតនា បានបន្ដថា «កម្មវិធីពានរង្វាន់បញ្ញវន្តពិភពលោកនេះ យើងចង់ផ្តល់ឱកាសឱ្យបេក្ខជនមកពីសហគមន៍ជុំវិញពិភពលោក ឲ្យបានសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក បានជជែកពិភាក្សាគ្នា និងបង្កើតចំណងមិត្តភាពជាមួយគ្នា» ។
លោកបន្ដឲ្យដឹងថា សិស្សដែលជាប់ជ័យលាភីនៅក្នុងស្រុកនេះបានជាប់លើវិញ្ញាសារចំនួន៤ ផ្សេងគ្នា គឺការប្រកួតជជែកពិភាក្សាការសរសេរដោយសហការគ្នាការប្រកួតប្រជែងបញ្ញានិងការប្រកួតឆ្លើយសំណួរ ។ ចំណែកការប្រកួតបន្ដទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅកម្រិតអន្ដរជាតិ នឹងផ្ដោតទៅលើវិញ្ញាសារ បែបវិទ្យាសាស្រ្ដ និងប្រវត្ដិសាស្រ្ដ ។
ចំពោះការបង្កើតឲ្យមានការប្រកួតពាន់រង្វាន់ WSC លោក រតនា បានលើកឡើងថា ក៏ដើម្បីលើកទឹកចិត្តឱ្យសិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋាន សាកល្បងនូវសមត្ថភាព និងអនុវត្តជំនាញថ្មីៗ ព្រមទាំងជួយបង្កើនក្រុមបញ្ញវន្ត និងអ្នកដឹកនាំ របស់សហគមន៍សកល នាពេលអនាគតផងដែរ»។
ការប្រកួតនៅជុំអន្តរជាតិ ក៏មានបញ្ចូលនូវការប្រកួតប្រជែងជាច្រើនទៀត ព្រមទាំងមានព្រឹត្តិការណ៍ ដែលរៀបចំដោយដៃគូសហគមន៍។ ក្រុមដែលទទួលជោគជ័យពីការប្រកួតជុំអន្តរជាតិ នឹងមានសិទ្ធិចូលទៅប្រកួតកម្មវិធីផ្តាច់ព្រ័ត្រ យកជើងឯកប្រចាំសហគមន៍សកល (Tournament of Champions) នៅសាកលវិទ្យាល័យយែល (Yale University) នៃសហរដ្ឋអាមេរិក៕