ភ្នំពេញៈ សិស្សតំណាងកម្ពុជា ៤ រូប មកពីសាលា និងវិទ្យាស្ថាននានា នៅរាជធានីភ្នំពេញ និងខេត្ដកំពង់ឆ្នាំង បានប្រឡងជាប់ក្នុងកម្មវិធី STEP-NUS Sunburst Brain Camp 2017 (SBC) ខណៈពួកគេនឹងទទួលបានឱកាសទៅចូលរួមរយៈពេល ១ សប្ដាហ៍នៅប្រទេសសិង្ហបុរី នាខែមិថុនា ឆ្នាំ២០១៧ ដើម្បីទទួលការបណ្ដុះបណ្ដាល ផ្នែកចំណេះដឹង ខួរក្បាល និងការផ្លាស់ប្ដូរផ្នត់គំនិត ក្នុងការសិក្សាបែបវិទ្យាសាស្រ្ដសម្រាប់យុវជនអាស៊ាន។
កម្មវិធី SBC រៀបដោយ Singapore Technologies Endowment Program សហការជាមួយសាកលវិទ្យាល័យជាតិសិង្ហបុរី(NUS) ដែលផ្តោតសំខាន់ទៅលើយុវជនតាមបណ្ដាប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន ដើម្បីឲ្យពួកគេធ្វើការសិក្សាស្រាវជ្រាវរួមគ្នា ទៅលើមុខងារនៃខួរក្បាលមនុស្ស ផ្លាស់ប្តូរគំនិត និងចែករំលែកបទពិសោធការសិក្សាពីគ្នាទៅវិញទៅមក ដើម្បីជំរុញការសិក្សារបស់ពួកគេ និងតម្រង់ទិសការអប់រំចំណេះដឹងបែបវិទ្យាសាស្ត្រ។
សិស្សជយលាភីទាំង ៤ រូបរួមមាន យុវតី ភោគ កន្និកា សិស្សវិទ្យាល័យបាក់ទូក យុវតី កុយ រតនមុនៀត សិស្សសាលា AIS យុវជន ហេង គន្ធារៈ សិស្សអនុវិទ្យាល័យចតុមុខ និងយុវជន គឹម វណ្ណារ៉ូ សិស្សវិទ្យាល័យកំពង់ឆ្នាំង។
យុវតី ភោគ កន្និកា សិស្សមកពីវិទ្យាល័យបាក់ទូក និងវិទ្យាស្ថាន Cam-ASEAN តំណាងសិស្សជយលាភីបានថ្លែងប្រាប់ LIFT-យុវវ័យ ថា ការទទួលបានឱកាសទៅបន្ដវគ្គបណ្ដុះបណ្ដាល SBC នៅសិង្ហបុរីនេះ នាង ទទួលបានការណែនាំពីលោកគ្រូអ្នកគ្រូនៅ Cam-ASEAN ចំពោះព័ត៌មាន និង ការណែនាំដាក់ឲ្យពាក្យប្រកួត ស្របនឹងចំណង់ចំណូលចិត្ដរបស់នាងលើមុខវិជ្ជាវិទ្យាសាស្រ្ដពិតដែលកំពុងសិក្សានៅវិទ្យាល័យផងដែរ។
យុវតីរូបនេះបន្ដថា «ខ្ញុំយល់ថា ការខិតខំប្រឹងប្រែងសិក្សាដោយខ្លួនឯងល្អហើយ តែនៅមិនទាន់គ្រប់គ្រាន់ទេយើងត្រូវមានអ្នកផ្តល់ឱកាស និងជួយជ្រោមជ្រែងក្នុងការ ផ្តល់ព័ត៌មាន ចំពោះការប្រឡងនានាជាដើម។ ខ្ញុំទម្រាំទទួលបានជយលាភីនេះ ខ្ញុំក៏ទទួលបានការជ្រោមជ្រែងពីសាលា និងលោកគ្រូអ្នកគ្រូដែរ»។
កន្និកា ជឿជាក់ថា ឱកាសចូលរួមបន្ដជាមួយកម្មវិធីនេះនៅសិង្ហបុរី អាចឲ្យនាងបានរៀនសូត្រពីសិស្សានុសិស្សដ៏ទៃទៀតនៅក្នុងតំបន់អាស៊ាន ហើយហ្វឹកហាត់ខ្លួនឯង ឲ្យមានទំនួលខុសត្រូវ និងភាពជាអ្នកដឹកនាំម្នាក់ថែមទៀត។
លោក យ៉ាន់ ឧត្ដម Head of Center for ASEAN Studies បានឲ្យដឹងដែរថា កម្មវិធីនេះបង្កើតឡើងដើម្បីជំរុញសិស្សមានអាយុចាប់ពី ១៧-១៨ ឆ្នាំ នៅក្នុងតំបន់អាស៊ាន ដែលមានចំណោះដឹង និងចំណង់ចំណូលចិត្ដ លើមុខវិជ្ជា វិទ្យាសាស្រ្ដ និងការសិក្សាស្រាវជ្រាវ ហើយកម្មវិធីនេះនឹងជំរុញការសិក្សារបស់ពួកគេលើចំណេះដឹងផ្នែកខួរក្បាល មុខងារនៃខួរក្បាល និងបញ្ហាប្រឈមនៃខួរក្បាលជាដើម ។
បើតាម លោក ឧត្ដម ថា លោកមិនដឹងពីទិន្នន័យសិស្សប៉ុន្មាននាក់ដែលបានដាក់ពាក្យចូលរួមការប្រកួតទេ ព្រោះការប្រកួតនេះ តម្រូវឲ្យសិស្សបំពេញឯកសារដោយខ្លួនឯងទៅកាន់គណៈកម្មាការនៅ សិង្ហបុរីផ្ទាល់ ប៉ុន្ដែចំពោះការប្រកួតនេះ ខាងក្រសួងអប់រំកម្ពុជា បានបញ្ចូនព័ត៌មាននៃការប្រឡងទៅកាន់សាលានានា ដើម្បីឲ្យសិស្សដាក់ពាក្យប្រកួត ហើយសិស្សដែលជាប់ទាំង ៤ រូបខាងលើ ជាសិស្សឆ្នើមដែលទទួលបានជយលាភីក្នុងចំណោមសិស្សទាំងឡាយ ៕