ភ្នំពេញៈ សិស្សក្រីក្រ ៤ នាក់ បានអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយពួកគេបានចូលរៀននៅសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល ដោយមិនចាំបាច់បង់ប្រាក់ ដោយសារតែជីវភាពខ្វះខាតខ្លាំង។ នេះបើតាមការឲ្យដឹងពី យុវជន ថុល តូម៉ា ប្រធានក្រុមយុវជនឈ្មោះ «គ្រួសារតែមួយ» ដែលបានចូលរួមជាមួយពួកគេ ក្នុងដំណើរលើរថភ្លើងនោះផងដែរ។
កាលពីឆ្នាំមុន លោកនាយករដ្ឋមន្ត្រីបានផ្ដល់កិត្ដិយសដល់យុវជនរូបនេះ និងសិស្ស ៤ នាក់ផ្សេងទៀត បានអង្គុយរួមដំណើរ និងពិសារពោតជាមួយលោកនៅលើរថភ្លើង ចេញដំណើរពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ។
បើតាម លោក តូម៉ា លោកនាយករដ្ឋមន្ត្រីធ្លាប់បានឆ្លើយតប ឲ្យពួកគេ (សិស្សក្រីក្រ) ដាក់លិខិតម្នាក់មួយៗ ដោយខ្លួនឯង ដើម្បីស្នើសុំអាហារូបករណ៍ហ្នឹង ប៉ុន្ដែ រូបគេ ដែលជាអ្នកជួយ សិស្សទាំង ៤នាក់នោះ មិនដឹងមានដំណើរការយ៉ាងម៉េចដែរ ព្រោះរូបគេមិនមិនសួររឿងផ្ទៃក្នុងរបស់គេទេ។
យុវជនរូបនេះនិយាយថា «ក្មេងៗបានដាក់លិខិតដោយខ្លួនឯងទៅជាច្រើនដងមកហើយ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី នៅក្រសួង និងនៅតាមសាកលវិទ្យាល័យ តែខ្ញុំមិនដឹងថា លិខិតនោះបានទៅដល់ត្រឹមណាទេ»។
យុវជនរូបនេះ ក៏បានសរសេរ លើហ្វេសប៊ុកខ្លួនដែរថា « ឱ! វិមានសន្តិភាពអើយម្តេចខ្ញុំជិះកាត់អ្នករាល់ថ្ងៃ បែរជាគ្មានវាសនា នាំកូនៗឆ្នាំនេះ ជួបសម្តេចទៀត? ឬមកពីឋាន:? ដូចមិនមែនទេ......នេះមកពីផ្លូវទៅជួបសម្តេចពិបាកជាងផ្លូវទៅជួបព្រះឥន្ទ្រទេដឹង? ឬមកពីខ្ញុំឈ្មោះជួបសុំ?» ។
សិស្សិក្រីក្រ ទាំង ៤ នាក់នោះ មកពីខេត្ដសៀមរាប បន្ទាយមានជ័យ និងបាត់ដំបង បានប្រឡងជាប់ចូលរៀននៅសាកលវិទ្យាល័យវិទ្យាសាស្រ្ដសុខាភិបាល ប៉ុន្តែ គ្រួសារមិនមានលទ្ធភាពឲ្យបន្ដការសិក្សា ដោយសារ អ្នកខ្លះជាកូនកំព្រា ខ្លះទៀតឱពុកម្ដាយកំពុងធ្វើការងារចំណាកស្រុកនៅប្រទេសថៃ និងម្នាក់មានឱពុកជាជនពិការ។

តូម៉ា បន្តថា «បើនិយាយដល់ត្រឹមនេះ ខ្ញុំមានអារម្មណ៍កំសត់ខ្លួនទៅវិញ ព្រោះខ្ញុំមិនដែលបានសុំសម្រាប់ខ្លួនឯងម្តងណាទេ ឬដើម្បីប្រយោជន៍ខ្លូនឯងម្តងណាឡើយ។ ខ្ញុំសុខចិត្តមុខក្រាស់មិនត្រឡប់ទៅតាមការកោះហៅរបស់សាកលវិទ្យាល័យនៅស្វីសជាច្រើនលើកច្រើនសារ រយៈពេលជាង ២ ឆ្នាំ រហូត គេទ្រាំលែងបាន ក៏បញ្ជូនខ្ញុំទៅនេប៉ាល់វិញ»។
យុវតី យឿត សុខា សិស្សក្រីក្របញ្ចប់បាក់ឌុបនៅវិទ្យាល័យ១០មករា នៃខេត្ដសៀមរាប និងឪពុកម្ដាយកំពុងធ្វើការចំណាកស្រុក ធ្វើកម្មករនៅប្រទេសថៃ បាននិយាយថា នាងមានក្ដីសុបិនក្នុងចិត្ដចង់បន្ដការសិក្សាជំនាញពេទ្យ តែគ្រួសារមិនមានលទ្ធភាពអាចឲ្យនាងបន្ដការសិក្សាបានទេ បើនាងមិនទទួលបានអាហារូបករណ៍ នាងនឹងត្រលប់ទៅខេត្ដសៀមរាបវិញ រកការងារធ្វើនៅទីនោះ ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ។
សុខា បន្ដថា «ខ្ញុំមានបងប្អូន ៥ នាក់ ហើយខ្ញុំជាកូនបង ខ្ញុំបានប្រឡងជាប់ចូលរៀននៅសាលាពេទ្យ និងបានចូលរៀនដោយសូមពន្យាពេលការបង់ថ្លៃសិក្សាមួយឆមាស បើខ្ញុំមិនទទួលបានអាហារូបករណ៍ទេ ខ្ញុំត្រូវត្រលប់ទៅខេត្ដសៀមរាបវិញ រកការងារធ្វើ ជួយផ្គត់ផ្គង់គ្រួសារ និងប្អូនៗដែលកំពុងរៀន» ។
យុវតី សុធា ច័ន្ទបូរមី កំព្រាម្ដាយតាំងពីក្មេង ឪពុកមានប្រពន្ធចុង និងកំពុងរស់នៅពីរនាក់ប្អូនប្រុសជាមួយយាយតា មានអាយុជាង ៦០ឆ្នាំនៅខេត្ដសៀមរាបដែរនោះ បានឲ្យដឹងថា «តាំងពីខ្ញុំប្រឡងជាប់បាក់ឌុបដំបូង ខ្ញុំបានសរសេរលិខិត ស្នើសុំអាហារូបករណ៍ ដាក់ផ្ញើជូនទៅសម្ដេចរួចទៅហើយ ប៉ុន្ដែសាលាពេទ្យ គេប្រាប់ថា មិនមានអាហារូបករណ៍ទេ តែព្រោះខ្ញុំចង់រៀនពេទ្យ ខ្ញុំក៏បានដាក់លិខិតទៅសម្ដេចទៀត» ។
យុវតីរូបនេះបន្ដថា «តាំងពីប្រឡងជាប់ នៅសាលាពេទ្យ ពួកខ្ញុំបានចូលរៀននៅសាលាពេទ្យតាំងពីខែមករាមក មកទល់ពេលនេះបានជាងពីរខែហើយ ប៉ុន្ដែពួកខ្ញុំខុសគេ ព្រោះមិនបានបង់លុយ ចូលរៀនដោយមិនមានកាតសិស្សពាក់ទេ ហើយដល់ពេលប្រឡងឆមាស បើនៅតែមិនបង់លុយគេមិនឲ្យពួកខ្ញុំប្រឡងទេ» ៕