The Phnom Penh Post Search

Search form

សិស្សជយលាភី​ថ្នាក់ជាតិ​ UCMAS​ ៥១ រូប ទទួល​គន្លឺះ​​​បន្ថែម​ត្រៀមទៅប្រកួតលក្ខណៈ​អន្តរ​ជាតិ​លើក​ទី​ ២៣​ នៅក្រុងកូឡាឡាំពួ​ ចុង​ឆ្នាំ២០១៨

Content image - Phnom Penh Post
ក្រុម​សិស្សានុសិស្ស​ជយលាភី​ថ្នាក់ជាតិ​លើកទី៣​ UCMAS Cambodia ៥១ រូប​ ទទួល​បាន​គន្លឺះ​បន្ថែម​សម្រាប់​ត្រៀម​ខ្លួន​ទៅ​ប្រកួត​លក្ខណៈអន្តរជាតិ​លើក​ទី​២៣ នៅ​ក្រុង​កូឡាឡាំពួ ចុង​ឆ្នាំនេះ។ រូប សហការី

សិស្សជយលាភី​ថ្នាក់ជាតិ​ UCMAS​ ៥១ រូប ទទួល​គន្លឺះ​​​បន្ថែម​ត្រៀមទៅប្រកួតលក្ខណៈ​អន្តរ​ជាតិ​លើក​ទី​ ២៣​ នៅក្រុងកូឡាឡាំពួ​ ចុង​ឆ្នាំ២០១៨

ភ្នំពេញៈ​ សិស្សានុសិស្ស​​ឆ្នើម​ជា​ម្ចាស់​ជយ​​​លាភី​ចំនួន​ ៥១ រូប​ បាន​ពី​​ការ​ប្រ​ឡ​ង​​ថ្នា​​ក់​ជាតិ​​លើក​ទី​ ៣ ​នៃ​​​​កម្ម​វិធី​​​បណ្តុះ​បណ្តាល​សិស្សានុសិស្ស​ឲ្យ​មាន​បំ​ណិន​ជី​វិត​​​​ល្អ​ ដែល​​ឈ​រ​លើ​មូល​​​​​ដ្ឋាន​​​ចេះ​រៀន​គិត​លេ​​ខ​​រហ័​ស​ ​ឬក​ម្ម​​វិធី ​UCMAS​ ​បាន​ទទួល​គន្លឹះបន្ថែម​ពី​លោក​គ្រូ​​អ្នក​​គ្រូ​ ដើម្បី​ត្រៀម​ខ្លួន​ទៅ​ប្រកួត​លក្ខណៈ​​អន្តរ​ជាតិ​លើក​ទី​២៣ នៅ​ទី​ក្រុ​ង​​​កូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី នា​ចុង​ឆ្នាំ​នេះ។​

ចំពោះ​មុខ​មាតា​បិតា​ និង​អាណាព្យាបាល​​សិស្ស ក្នុង​នាមជា​នាយិកា​គ្រប់គ្រង​ទូទៅ​នៃ​​ UCMAS​ កម្ពុជា​ នា​ឱកាសជួប​សំណេះ​សំណាល​ដើម្បី​គន្លឺះ​សំខាន់ៗ​ដល់​សិស្សានុសិស្សជយ​លាភី​ទាំង​ ៥១​ រូប ​នៅ​ឯ​មជ្ឈ​​មណ្ឌល​សហ​ប្រតិ​បត្តិការ​កម្ពុជា-កូរ៉េ (CKCC) កញ្ញា ហេង រ​ចនា បានថ្លែង​ថា៖ « UCMAS​ កម្ពុជា​​ ពិត​ជា​មាន​ក្តី​រីករាយ និង​មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​លទ្ធ​ផល​ដ៏​ល្អ​របស់​កុមារ​យើង​ក្រោយ​ពី​ការ​ប្រឡង​ថ្នា់ក់​ជាតិ​លើក​ទី ​៣​ កន្លង​មក​នេះ។

ចំពោះ​ការ​ប្រឡង​លក្ខណៈ​អន្តរ​ជាតិ​លើក​ទី​២៣ នៅ​ប្រទេស​ម៉ាឡេស៊ី នា​ថ្ងៃ​ទី​៩ ខែ ធ្នូ ឆ្នាំ​២០១៨ ខាង​មុខ​នេះ ចូរ​​ប្អូនៗ​ជា​សិស្សានុសិស្ស​ឆ្នើម​ជយ​លាភី​ទាំង​ ៥១ រូប​តំណាង​ឲ្យ​កម្ពុជា នៃ​កម្ម​វិធី​ UCMAS​ ត្រូវ​ខំប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​ទទួល​បាន​ជយ​លាភី​ថ្នាក់​អន្តរជាតិ​ដ៏​ធំ​មួយ​នេះ។ តាម​រយៈ​ការ​ចូល​រួម​ប្រកួត​នេះ កុមារ​កម្ពុជា ក៏​អាច​មាន​ឱកាស​ស្វែង​យល់​ពី​បទ​ពិសោធន៍ និង​ប្រជែង​បញ្ចេញសមត្ថ​ភាព​ជាមួយ​នឹង​កុមារ​ ជា​ច្រើន​ដែល​មក​ពី​ចំនួន ​៧៩ ប្រទេស​នៅ​ជុំ​វិញ​ពិភព​លោក»​។​​​

Content image - Phnom Penh Post

ដោយ​ឡែក​អ្នក​គ្រូ ស៊ាម ចាន់សុភ័ក្រ ប្រធានគ្រូបណ្តុះបណ្តាលកម្មវិធី UCMAS កម្ពុជា បាន​ធ្វើ​ការ​ចែក​រំលែក​នូវ​វិធី​សាស្រ្តនិង​ផ្តល់​គន្លឹះ​សំខាន់​ៗ​ដល់​សិស្ស​ឆ្នើមកម្ពុជា​​ប្រចាំឆ្នាំ​២០១៨ នេះ​ថា៖ «​ការ​ប្រកួត​លក្ខណៈអន្តរ​ជាតិ​លើក​ទី​២៣ នៅ​ទី​ក្រុ​ង​​​កូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី ខាង​មុខ​នោះ នឹង​ត្រូវ​ផ្តោត​លើ​វិញ្ញាសា​សំខាន់​ទាំង​៣ ដូចគ្នា​គឺ​វិញ្ញាសាសរសេរ ស្តាប់ និង​មើល។ ចំពោះ​វិញ្ញាសាសរសេរ​មាន​ ១០ កម្រិត​ ហើយ​កម្រិត​និមួយៗ​ត្រូវ​ប្រឡងមាន​រយៈពេល​ ៨ នាទី នៅ​លើ​ ២០០ សំណួរ​»។

អ្នក​គ្រូ​ប្រធានគ្រូបណ្តុះបណ្តាលកម្មវិធី UCMAS កម្ពុជា បន្ត​ប្រាប់​ពី​គន្លឺ​​សំខាន់​ទៀត​ថា៖ «​គន្លឺះ​ត្រៀម​ដើម្បី​ទទួល​បាន​ជោគជ័យ​ទី​១ ប្អូនៗ​ត្រូវ​ជ្រើសរើស​សម្ភារៈ​ឲ្យ​បាន​ត្រឹម​ត្រូវ ​(សំដៅ​លើ​ខ្មៅ​ដៃ​ B2 ដែល​មាន​គុណ​ភាព​ខ្ពស់​ម្នាក់​មាន​២​ដើម​យ៉ាងតិច)។ ទី២ ការ​ហ្វឹក​ហាត់​ ប្អូនៗ​ទាំង​អស់​ទាម​ទារ​ឲ្យ​មាន​ការ​អនុវត្ត​ន៍​ទាំង​នៅ​ក្នុង​សាលាទាំង​នៅក្រៅ​ឲ្យ​បាន​ច្រើន​ដង​មុន​ពេល​ប្រកួត​។ ទី​ ៣​ ការ​ថែទាំ​សុខ​ភាព​គឺ​ប្អូនៗ​ត្រូវ​សម្រាក​ឲ្យ​បានគ្រប់​គ្រាន់ និង​ញ៉ាំ​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ​។ ទី​៤ ការ​លើក​ទឹក​ចិត្ត​ពី​សំណាក់​មាតា​បិតា​នា​ពេល​ទៅ​ចូល​រួម​ប្រកួត​ ដើម្បី​កុំ​ឲ្យ​មាន​អារម្មណ៍​ភិត​ភ័យ​»។​ ​

កម្ម​វិធី​​​បណ្តុះ​បណ្តាល​សិស្សានុសិស្ស​ឲ្យ​មាន​បំ​ណិន​ជី​វិត​​​​ល្អ​ ដោយ​ឈ​រ​លើ​មូល​​​​​ដ្ឋាន​​​ចេះ​រៀន​គិត​លេ​​ខ​​រហ័​ស​ ដែលមជ្ឈដ្ឋាន​​​នៃ​មាតា​បិតា​សិស្ស​ខ្មែរ​​​​បច្ចុ​ប្ប​ន្ន​ច្រើន​​​​​ ស្គាល់​​ថា ​«ក​ម្ម​​វិធី ​UCMAS» ​នោះ បាន​រៀប​ចំ​​​ការប្រឡង​​ថ្នាក់ជាតិ​លើក​ទី​៣ កាល​ពី​ចុង​ខែ​ កញ្ញា កន្លង​មក​ ក្រោ​​ម​​អធិបតី​​លោក ហង់ ជួន​ណា​រ៉ុន រដ្ឋ​​​​​​មន្ត្រី​ក្រសួង​អប់រំ យុ​វ​ជន និង​កី​​ឡា​​ នៅ​មជ្ឈ​ម​ណ្ឌល​​​​កោះ​ពេ​ជ្រ​​។​​

ការ​ប្រកួតប្រជែង​​​​មាន​ ៣ ​វិ​ញ្ញា​សា​ធំ​ៗ​នោះ បាន​រក​ឃើញ​សិស្សានុសិស្ស​ឆ្នើម​​ជា​ម្ចាស់​ជយ​លាភី​តាម​កម្រិត​ផ្សេងៗ​មាន​ ​ចំ​នួន​​​ ៥១ រូប នៅ​​ក្នុង​ចំ​ណោម​កុមារ ​សរុប​​ចំនួន ​២១១៩ នា​ក់ ដើម្បី​ត្រៀម​ខ្លួន​បន្ត​យក​ទៅ​ចូល​រួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​លើក​ទី​ ២៣​ (23rd UCMAS INTERNATIONAL COMPETITION) នៅ​ទី​ក្រុង​កូ​ឡា​​ឡាំ​ពួ ប្រទេស​​​ម៉ាឡេស៊ី​ ​ថ្ងៃ​ទី​ ៩ ខែ​ ធ្នូ ឆ្នាំ​២០១៨ នេះ៕​

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍