ភ្នំពេញៈ សិស្ស-និស្សិត ប្រមាណជាង ២ ០០០ នាក់ មានទាំងនិស្សិតខ្មែរ និងបរទេស បានមកចូលរួមក្នុងព្រឹត្ដិការណ៍ បោះជំរុំអន្ដរជាតិ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលបានរៀបចំដោយ អង្គការសម្ព័ន្ធយុវជនអន្ដជាតិ (International Youth Folloship) ចាប់ពីថ្ងៃទី ២៤-២៧ ខែ មករា ឆ្នាំ ២០១៦ នេះ។
គោលបំណងនៃកម្មវិធីនេះ គឺដើម្បីផ្ដល់នូវចំណេះដឹង និងបទពិសោធន៍ ជាច្រើនពីសិស្ស-និស្សិត វាគ្មិនមកពីប្រទេសផ្សេងៗក្នុងការរួមចំណែកចែករំលែកចំណេះដឹង វប្បធម៌ និងការបើកចិត្ដទូលាយ ផ្លាស់ប្ដូរផ្នត់គំនិត ដើម្បីឲ្យយុវជនក្លាយជាអ្នកដឹងនាំល្អមួយរូបនៅក្នុងសង្គម។
លោក អ៊ី សេងលី អនុប្រធានអង្គការសម្ព័ន្ធយុវជនអន្ដរជាតិ (IYF) បានប្រាប់ LIFT ថា៖ «ក្នុងកម្មវិធីបោះជំរុំនេះយើងបានផ្ដោតសំខាន់ទៅលើការអប់រំ ជាពិសេសការអប់រំផ្នែកស្មារតី និងចិត្ដគំនិតដល់ យុវជន និងសិស្សានុសិស្សដែលបានចូលរួមក្នុងកម្មវិធីនេះ»។
លោកបន្ដថា ការបោះជំរុំរយៈពេល ៤ ថ្ងៃនេះ សិស្ស និស្សិត និងចាប់ផ្ដើមធ្វើសកម្មភាពចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៦ ល្ងាច ដោយធ្វើសកម្មភាពសំខាន់ទៅលើការអប់រំផ្នែកចិត្ដគំនិត ដោយយើងបានអញ្ចើញវាគ្មិនមកចែករំលែកអំពីបទពិសោធន៍ និងការដឹកនាំ ដើម្បីឲ្យសិស្ស និស្សិត អាចក្លាយខ្លួនជាអ្នកដឹកនាំល្អទៅថ្ងៃអនាគត។
ការបោះជំរុំនេះក៏មានកម្មវិធីជំនាញវគ្គខ្លីទៅតាមជំនាញរបស់សិស្ស និស្សិត ដែលពួកគាត់អាចជ្រើសរើសទៅតាមចំណូលចិត្ដរបស់ពួកគាត់ ក្រៅពីនេះយើងក៏មានការប្រកួតប្រជែង លេងហ្គេម ការប្រកួតជាក្រុម និងកម្មវិធីផ្សេងៗជាច្រើនទៀត។
លោកបានឲ្យដឹងថា ក្រៅពីមានកម្មវិធីបោះជំរុំនៅក្នុងប្រទេសកម្ពុជា យុវជនក៏អាចមានឱកាសទៅចូលរួមកម្មវិធីបោះជុំនៅក្រៅប្រទេស ទូទាំងពិភពលោក ដែលសព្វថ្ងៃនេះ អង្គការសម្ព័ន្ធយុវជនអន្ដជាតិមានសាខា ៨០ ប្រទេសទូទាំងពិភពលោកដែលយុវជនអាចចូលរួមបាន។
ដោយទទួលបានការសហការពីក្រសួងអប់រំយុវជន និងកីឡា អង្គការសម្ព័ន្ធយុវជនអន្ដជាតិ បានប្ដេជ្ញាខិតខំប្រឹងធ្វើសកម្មភាពបោះជំរុំដល់យុវជនឲ្យបានច្រើនថែមទៀតទៅថ្ងៃអនាគត។
អង្គការសម្ព័ន្ធយុវជនអន្ដរជាតិ ក៏សង្ឃឹមដែរថា បន្ទាប់ពីបញ្ចប់កម្មវិធីនេះ យុវជននឹងទទួលបានការរីកចម្រើន នូវចំណេះដឹងនៃការអប់រំស្មារតី និងចិត្ដគំនិត ដោយត្រឹមត្រូវ។
គួរបញ្ជាក់ថា អង្គការសម្ព័ន្ធយុវជនអន្ដជាតិ គឺជាអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការមិនសំដៅយកប្រាក់ចំណេញ ដោយមានទីស្នាក់ការធំនៅសាធារណរដ្ឋកូរ៉េ និងមានសាខានៅ ៨០ ប្រទេស ជុំវិញភិភពលោក និងបានបង្កើតឡើងក្នុងគោលបំណងអភិវឌ្ឍន៍យុវជនឲ្យក្លាយជាអ្នកដឹកនាំនៅថ្ងៃអនាគត។
World Camp បានចាប់បដិសន្ធិនៅសាធារណរដ្ឋកូរ៉េ នៅឆ្នាំ ១៩៩៥។ ជារៀងរាល់ឆ្នាំ បានដំពើរការនៅ ៥០ ប្រទេសជុំវិញពិភពលោក ដោយមានយុវជនរាប់ពាន់នាក់បានចូលរួម ដែលក្នុងនោះប្រទេសកម្ពុជា មានយុវជន និង សិស្ស និស្សិតបានចូលរួមជាច្រើនផងដែរ៕