ភ្នំពេញៈ ព្រះពុទ្ធសាសនាត្រូវបានចាត់ទុកជាសាសនារបស់រដ្ឋ ប្រជាជនកម្ពុជាប្រមាណ ៩០ ភាគរយ គឺជាអ្នកកាន់ព្រះពុទ្ធសាសនា។ ស្របពេលបុណ្យសាសនា ឬ បុណ្យប្រពៃណីជាតិក្នុង ១ ឆ្នាំៗ គេសង្កេតឃើញថា មិនសូវមានយុវជនចាប់រម្មណ៍ មិនយល់ពីអត្ថន័យ នៃបុណ្យជាតិរបស់ខ្លួន ប៉ុន្ដែ បើបុណ្យអន្ដរជាតិវិញ យុវជនមួយចំនួន ជាពិសេសនៅក្នុងរាជធានីភ្នំពេញ នាំគ្នាកើនបក្សពួកដើម្បីប្រារព្ធបុណ្យទាំងនោះ។
ព្រះតេជគុណ កុច សារ៉ាត់ ចៅអធិការវត្ដ ឬស្សីជ្រោយ នៅក្នុងស្រុកស្អាង ខេត្ដ កណ្ដាល បានឲ្យដឹងថា៖ «ថ្ងៃបុណ្យមាឃបូជានេះត្រូវនឹងថ្ងៃឧបោសថសីល ដូច្នេះមានបរិស័ទ មកចូលរួម សមាទានសីល និងធ្វើបុណ្យបានច្រើនជាងថ្ងៃសីលធម្មតា។ ប៉ុន្ដែចំពោះយុវជន និងសិស្សានុសិស្សវិញ កម្រមានមកចូលរួមបុណ្យសាសនា ដូចមាឃបូជានេះណាស់ ដូចនៅវត្ដអាត្មាថ្ងៃនេះផ្ទាល់ មានតែចាស់ៗអញ្ចើញមក ក្មេងៗមិនមានសោះតែម្ដង»។
ព្រះតេជគុណបន្ដថា «អាត្មាមិនដឹងថា មកពីមូលោហេតុអ្វីដែរ បានជាយុវជន មិនសូវចាប់អារម្មណ៍ ចង់ដឹងពីបុណ្យសាសនាខ្លួនដូច្នេះ។ ប្រហែលជាពួកគាត់មិនសូវយល់ពីបុណ្យនេះទេមើលទៅ។ ប៉ុន្ដែអាត្មាសង្កេតឃើញថា ចំពោះបុណ្យអន្ដរជាតិ មិនទាន់ដល់ថ្ងៃផង យុវជនត្រៀមខ្លួន នាំគ្នានិយាយតៗគ្នាជាស្រេច»។
ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំនេះ គឺត្រូវនឹងថ្ងៃ បុណ្យ មាឃបូជា ដែលបុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌា កាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥ កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។
យុវនិស្សិត រ៉ា ហង្សគ្រី និស្សិផ្នែកភាសាអង់គ្លេស នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង និងជាយុវជនម្នាក់ ក្នុងចំណោមយុវជនជាង ១០នាក់ ដែល LIFT បានធ្វើការសាកសួរអំពី បុណ្យ មាឃបូជានេះ បានប្រាប់និយាយស្រដៀងគ្នាថា៖ «ខ្ញុំមិនដឹងថា បុណ្យមាឃបូជា គេធ្វើដើម្បីអ្វីទេ គ្រាន់តែដឹងថាជាបុណ្យធំមួយសម្រាប់សាសនាព្រះពុទ្ធ ហើយខ្ញុំក៏មិនដែលបានចូលរួមកម្មវិធីបុណ្យនេះដែរតាំងមុនមក ព្រោះខ្ញុំយល់ថា បុណ្យនេះក្មេងៗមិនដឹងទៅចូលរួមធ្វើអ្វី»។
គោលបំណងរបស់ព្រះពុទ្ធសាសនា គឺការបង្កើតឡើងនូវ សន្តិភាព ក្នុងដួងចិត្តនេះដែរ ក៏ជាមូលដ្ឋានគ្រឹះនៃ សន្តិភាពក្នុងសង្គម ដែលខ្លួនរស់នៅផង។ ការកាន់ព្រះពុទ្ធសាសនា គឺជាការប្រឹងប្រែង ដើម្បីបង្កើតសន្តិភាពដល់ខ្លួន និងចូលរួមចំណែកដល់ សន្តិភាពសង្គម និងពិភពលោក នេះជាកាតព្វកិច្ច ដែលពុទ្ធសាសនិកម្នាក់ៗ ត្រូវប្រឹងប្រែង ធ្វើឲ្យសម្រេច៕