ភ្នំពេញៈ សៀភៅ ១ ក្បាលដែលមានឈ្មោះថា «មុខរបរ ឬ អាជីពនៅពេលអនាគត ក្នុងវិស័យ វិទ្យាសាស្រ្ដ បច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា» (STEM: Science, Technology, Engineering, Math) ត្រូវបានស្ថានទូត អង់គ្លេស ប្រចាំកម្ពុជាសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅរសៀលម្សិលមិញ ឯមជ្ឈមណ្ឌលកម្សាន្ត Kids City សម្រាប់ជាជំនួយដល់ ការសិក្សា និងអាជីពមុខរបររបស់យុវជនកម្ពុជានាពេលអនាគត។
សៀវភៅមគ្គុទេ្ទសន៍នេះរៀបរាប់អំពីកង្វះខាតខាងមុខរបរ ឬអាជីពឈានមុខចំនួន ២០ លើផ្នែក STEM នៅកម្ពុជា ក្នុងរយៈពេល ១០ឆ្នាំ ខាងមុខសម្រាប់សិស្ស និស្សិតក្នុងការស្វែងយល់។
កញ្ញា Camilla Pluess Editor in Chief Management Insider និងជាសហស្ថាបនិកសៀវភៅនេះបានឲ្យដឹងថា៖« សៀវភៅនេះ បានរចនាឡើងដោយភាពទាក់ទាញ រួមបញ្ចូលនូវព័ត៌មានទាក់ទងនឹងការអប់រំ និងការបណ្ដុះបណ្ដាល ដែលនិស្សិតអាចសិក្សាបាន ជាពិសេសបានបញ្ជាក់ពីកម្រិតប្រាក់ខែក្នុងតួនាទីនីមួយជាមួយជំនាញនេះដល់ពួកគេ ដែលអាចឲ្យពួកគេរំពឹងទុកទៅថ្ងៃអនាគត»។
កញ្ញាបន្ដថា សៀវភៅនេះបង្កើតឡើងក្នុងគោលបំណង បង្ហាញយុវជនកម្ពុជា អំពីឱកាស ការងារសំខាន់ៗ និងថ្មីៗក្នុងវិស័យ STEM ដែលពួកគេមិនធ្លាប់បានឮ និងជួយជម្រុញលើកទឹកចិត្ដឲ្យពួកគេចាប់យកជំនាញនេះនៅថ្ងៃអនាគត។
កញ្ញា បន្ថែមទៀតថា សៀភៅនេះក៏បានរួមបញ្ចូលនូវការសិក្សាទៅលើអ្នកជោគជ័យផ្នែក STEM ជាច្រើននៅកម្ពុជា ដែលបានចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងតម្រូវការសម្រាប់ការងារ ដែលអាចរកបានលើជំនាញនេះ។
សៀវេភៅនេះ បានធ្វើការសិក្សាស្រាវជ្រាវ និងពិភាក្សាជាមួយនឹងអ្នកជំនាញឧស្សាហកម្ម រួមជាមួយការស្ទង់មតិ ការធ្វើបទសម្ភាស៍ ដោយផ្ទាល់ជាមួយស្ថាប័នផ្សេងៗជាច្រើន សរុប ៣០០ ស្ថាប័ន នៅក្នុងទីក្រុងភ្នំពេញ ខេត្ដសៀមរាប បាត់ដំបង និងខេត្ដព្រះសីហនុ ដោយក្រុមហ៊ុន Saint Blanquat & A ដោយទទួលបានជំនួយថវិកាពីស្ថានទូតអង់គ្លេស។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ ថ្លែងថា៖ «សៀវភៅនេះនឹងក្លាយជាមគ្គុទេសន៍មួយសម្រាប់សិស្សនិស្សិត ក្នុងការស្វែងយល់ប្រសើរជាងមុន ទាក់ទិននិងការជម្រើសនៃការសិក្សា និងអាជីពការងាររបស់ពួកគេ»។
លោកបន្ដថា សៀវភៅនេះក៏បានផ្ដល់ឲ្យអាណាព្យាបាលនូវការយល់កាន់តែច្បាស់ ពីអ្វីដែលកូនៗខ្លួនចង់សិក្សា និងធ្វើឲ្យពួកគាត់គាំទ្រនូវជម្រើសរបស់កូនៗ និងបានផ្ដល់នូវព័ត៌មានសំខាន់ៗ ដល់សិស្ស និស្សិត ទាក់ទងនឹងមុខតំណែងនីមួយៗ ទីកន្លែង អ្វីដែលត្រូវសិក្សាសម្រាប់ការងារនីមួយៗ ចំនួនប្រាក់ខែដែលរំពឹងទុក ដែលបានផ្ដល់ភ្លាមៗទៅលើមុខតំណែងនិមួយៗ ពីអ្នកជំនាញខ្មែរដែលទទួលបានជោគជ័យ។
លោក Bill Longhurst ឯកអគ្គរាជទូតអង់គ្លេសមានប្រសាសន៍ដែរថា៖ «យុវជនវ័យក្មេងកម្ពុជាជាច្រើន មិនបានជ្រើសរើសអាជីពលើវិស័យ STEM ពីព្រោះពួកគេគិតថា មុខវិជ្ជាទាំងនេះមានការលំបាកខ្លាំង មិនទទួលបានការគោរព និងគិតថាមិនអាចទទួលបានប្រាក់ខែខ្ពស់។ បន្ដែកម្ពុជាត្រូវការបន្ថែម នូវចំនួន វិស្វករ វេជ្ជបណ្ឌិត អ្នកបង្កើត បណ្ដាញ និងអ្នកស្ថិតិ ជាច្រើននាក់ ក្នុងការអភិវឌ្ឍន៍ប្រទេស»៕