ភ្នំពេញៈ បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតមធ្យម ឈានជើងបន្ដការសិក្សាមហាវិទ្យាល័យរយៈពេល ៤ឆ្នាំ ដើម្បីចាប់យកជំនាញមួយច្បាស់លាស់នៅក្នុងជីវិត នេះគឺជាដំណើរនៃការសិក្សារបស់យុវជនកម្ពុជា នាពេលបច្ចុប្បន្ន ប៉ុន្ដែយុវជនមួយចំនួនបែរជាទៅធ្វើការងារ ផ្ទុយពីជំនាញដែលខ្លួនបានសិក្សាជាង ១០ ឆ្នាំទៅវិញ។
លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជាធានីភ្នំពេញបានថ្លែងប្រាប់ LIFT ម្សិលមិញថា យុវជនមួយចំនួនដែលធ្វើការមិនត្រូវតាមជំនាញដែលបានសិក្សានៅមហាវិទ្យាល័យ ក៏អាស្រ័យលើយុវជនខ្លួនឯង តាំងពីពេលដែលបញ្ចប់ការសិក្សានៅវិទ្យាល័យ។
លោកថា «យុវជនគួរមើលខ្លួនឯងឲ្យច្បាស់ ថាមានទេព្យកោសល្យអ្វី ចាំបន្ដសិក្សាជំនាញនៅមហាវិទ្យាល័យ»។
លោកបានថ្លែងទៀតថា «យើងត្រូវគិតពីមុនដំបូងទៅសិន បើយុវជនរៀនទៅខុសគឺត្រូវគិតចាប់ពីកម្រិតវិទ្យាល័យ ព្រោះបើយើងចង់បន្ដសិក្សាមហាវិទ្យាល័យ យើងត្រូវស្គាល់ខ្លួនឯង ថាយើងមានទេព្យកោសល្យអ្វី នឹងត្រូវស្វែងយល់ពីទីផ្សារការងារឲ្យបានច្បាស់លាស់ជាមុនសិនមុននឹងបន្ដសិក្សា»។
យុវជនមិនមែនគ្រាន់តែស្វែងយល់តែពីទេពកោសល្យខ្លួនឯងប៉ុណ្ណោះទេ តែក៏ត្រូវស្រាវជ្រាវពីទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត ថាតើទីផ្សារការងារ គេត្រូវការអ្វី ជំនាញណាខ្លះដែលមានទីផ្សារខ្ពស់។ ដូច្នេះយុវជនអាចយកព័ត៌មាននោះមកធៀបជាមួយសមត្ថភាពដែលខ្លួនមានដើម្បីបន្ដចាប់យកជំនាញ នេះបើតាមការលើកឡើងពីលោក ភារៈ។
ចំពោះយុវជនដែលបានសិក្សានៅមហាវិទ្យារួចទៅហើយ ទើបដឹងខ្លួនថា សិក្សាមិនត្រូវនឹងទេព្យកោសល្យ និងជំនាញខ្លួនឯងនោះ គឺត្រូវស្វែងរកអ្នកជំនាញដើម្បីទទួលបានការប្រឹក្សាយោបល់ចំពោះការចាប់យកជំនាញសិក្សាបន្ដ ដូចជាអ្នកប្រឹក្សានៅទីភ្នាក់ងារជាតិ ការងារ និងមុខរបរជាដើម ។
ទាក់ទិនទៅនឹងរឿងថា អាចបណ្ដាលមកពីសាលារៀនមួយចំនួននូវមិនទាន់បង្កើតកម្មវិធីសិក្សាឲ្យសមស្របតាមតម្រូវការទីផ្សារការងារ ទើបយុវជនមួយចំនួននៅតែសិក្សាមិនត្រូវតាមជំនាញ លោក ភារៈ បានលើកឡើងថា «ដោយមិនមានការសិក្សាស្រាវជាវច្បាស់លាស់ ខ្ញុំមិនហ៊ានបកស្រាយចំពោះរឿងនេះទេ តែខ្ញុំសូមលើកឡើងមួយចំណុចថា ទោះបីជាយើងរៀននៅសាលាថ្លៃ ក៏មិនប្រាកដថារៀនចេះ និងទទួលបានការងារល្អដែរ។ យើងអាចយោងចំពោះនិស្សិតមួយចំនួន ទោះពួកគាត់មិនបានរៀននៅសាលាថ្លៃ តែគាត់នៅតែអាចទទួលបានឱកាសការងារល្អ ហើយរៀនពូកែដូចគ្នា អញ្ចឹងវាមិនអាស្រ័យតែលើកត្ដារៀនតែមួយទេ វាក៏អាស្រ័យលើកត្ដាផ្ទាល់ខ្លួនដែរ»។
លោក ទូច ជឿន អគ្គនាយកនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា កន្លងមក ក្រសួងអប់រំ បានខិតខំប្រឹងប្រែង ណែនាំ និង ជំរុញយុវជនជាមួយនឹងកម្មវិធីជាច្រើនដើម្បីឲ្យសិស្សជ្រើរើសជំនាញសិក្សាសមស្របតាមទីផ្សារការ។
លោក បន្ដថា «ក្រសួងអប់រំបានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា “Career Counseling” កម្មវិធីពិគ្រោះយោបល់អាជីព ដោយពួកខ្ញុំបានចុះទៅធ្វើបទបង្ហាញដល់សិស្សានៅវិទ្យាល័យ ដើម្បីឲ្យពួកគាត់ដឹងពីទីផ្សារការងារ ថា តើប្រព័ន្ធអប់រំសព្វថ្ងៃមានអ្វីខ្លះ ? សិក្សានៅឧត្ដមសិក្សាមានអ្វីខ្លះ? និងឲ្យពួកគាត់ពិនិត្យតាមដានខ្លួនគាត់ថា តើខ្លួនគាត់ខ្លាំងអ្វីខ្លះ? ទៅថ្ងៃអនាគត គាត់ត្រូវចាប់អាជីពការងារអ្វីជាដើម។
បើតាសមលោក ទូច ជឿន កម្មវិធីពិគ្រោះយោបល់អាជីព និងការងារនេះ បានបង្កើតឡើងជាងពីរឆ្នាំហើយៗនៅឆ្នាំក្រោយនេះ ក្រសួងមានថវិកាគ្រប់គ្រាន់ នឹងពង្រីកឲ្យបានទូទាំងប្រទេស»។
លោក បន្ដសង្គត់ធ្ងន់ថា «ប៉ុន្ដែយុវជនខ្លួនឯងត្រូវខិតខំប្រែងប្រែង សិក្សាស្រាវជ្រាវបន្ថែមដោយខ្លួនឯងចំពោះរឿងនេះទោះបីជាយើងមានកម្មវិធី ប្រឹក្សានេះនៅគ្រប់សាលាក៏ដោយ ព្រោះសម័យនេះ យុវជនមានស្មាតហ្វូនគ្រប់ដៃ អាចសិក្សាស្រាវជ្រាវបានគ្រប់ពេលគ្រប់ទីកន្លែង»។
លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានមើលឃើញថា ការចាប់អាជីពមិនត្រូវនឹងជំនាញដែលបានសិក្សារបស់យុវជននេះ ក៏អាចបណ្ដាលមកពីកត្ដាអាណាព្យាបាលដែលបណ្ដែតបណ្ដោ និងមិនសូវចាប់អារម្មណ៍ចំពោះការសិក្សារបស់កូន មិនដែលសួរនាំកូនពីទេព្យកោសល្យ និងជំនាញដែលត្រូវសិក្សាទៅអនាគតដែរ។
លោកបានថ្លែងថា «មុខវិទ្យាអ្វីដែលកូនចង់សិក្សា ចង់ចេះចង់ដឹងនោះ ពួកគាត់មិនសូវសួរនាំកូនទេ ចេះតែបណ្ដោយឲ្យកូនរៀនទៅតាមដំណើរខ្លួនឯង ដូច្នេះពេលកូនបន្ដទៅចាប់យកជំនាញនៅកម្រិតឧត្ដម ក៏មិនត្រូវតាមទីផ្សារការងារដែរ»។
លោកបានមើលឃើញដែរថា តាំងពីដើមមកចំពោះការយកចិត្ដទុកដាក់ក្នុងប្រព័ន្ធអប់រំបានបណ្ដែតបណ្ដោយឲ្យការបើកសាលារៀនមួយចំនួនតាមតែចិត្ដខ្លួនឯង មិនមានការសិក្សាស្រាវជ្រាវបានច្បាស់លាស់ជាមុន ចំពោះទីផ្សារការងារ ដូច្នេះយុវជនជាង ៧០ ភាគរយបានបញ្ចប់ការសិក្សា ហើយទៅធ្វើការមិនត្រូវតាមជំនាញ ។
លោកបានបង្ហាញថា «ដូចយើងបានមើលឃើញលោករដ្ឋមន្រ្ដីថ្មីនៃឮក្រសួងអប់រំអញ្ចឹង ទោះបីលោកបានខិតខំប្រឹងប្រែងនាពេលបច្ចុប្បន្ននេះ ក៏លោកមិនអាចប្រឹងប្រែងទៅរួចតែឯងបានដែរ គឺត្រូវមានការចូលរួមសហការជាមួយក្រសួងមួយចំនួនទៀត ដូចជាក្រសួងផែងការ និងក្រសួងការងារ ដើម្បីគិតថា តើនៅក្នុងប្រទេសយើងកំពុងត្រូវការកម្លាំងពលកម្មទៅលើវិស័យការងារអ្វីខ្លះ ដើម្បីផលិតធនធានមនុស្សឲ្យត្រូវតាមតម្រូវការទីផ្សារការងារ»៕