The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អង្គរ​សង្រ្កាន្ដ​ឆ្នាំ​នេះ​រំពឹង​ថា ​យុវជន​នឹង​ចូល​រួម​រឹត​តែ​ច្រើន

អង្គរ​សង្រ្កាន្ដ​ឆ្នាំ​នេះ​រំពឹង​ថា ​យុវជន​នឹង​ចូល​រួម​រឹត​តែ​ច្រើន

Content image - Phnom Penh Post
សកម្មភាពលេងល្បែងកម្សាន្ត ក្នុង​អង្គរ​សង្រ្គាន្ត​ឆ្នាំ​មុន។

អង្គរ​សង្រ្កាន្ដ​ឆ្នាំ​នេះ​រំពឹង​ថា ​យុវជន​នឹង​ចូល​រួម​រឹត​តែ​ច្រើន

ភ្នំពេញៈ អង្គរសង្រ្កាន្ដ​​ឆ្នាំ​នេះ​បាន​ផ្ដោត​សំខាន់​ទៅ​លើ​ការ ចូល​រួម​​របស់​មហា គ្រួសារខ្មែរ​ តាម​រយៈ​ការពូន​ផ្ដុំ​គ្នា​​ធ្វើ​នំ​ត្រៀប បាយ និង​នំ​ផ្លែ​អាយ ដែល​ឲ្យ​ឈ្មោះ​ថា «បង្អែម​នៃ​ក្ដី​ស្រលាញ់» ដើម្បី​​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ទឹក​ចិត្ដ​ស្រលាញ់​គ្នា​នៃ​មហាគ្រួសារ​ខ្មែរ​ ដែល​នឹង​ប្រព្រឹត្ដិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី ១៣ ដល់ថ្ងៃ​ទី ១៦ ខែ​មេសា​ នៃ​បរិវេណ​​ឧទ្យាន​ជាតិ​អង្គរ​ ខេត្ដ​សៀមរាប ខណៈ​កម្ម​​វិធី​នេះ​កាល​ពី​ឆ្នាំ​ ២០១៥ បាន​បំបែក​ឯតទគ្គកម្ម​ពិភព​លោក ទៅ​លើ​ការ​រាំ​ចង្វាក់​ម៉ាឌីហ្សុន និង​ ធ្វើនំ​អន្សម​យក្ស​ និង​​មាន​ភ្ញៀវ​បាន​ទៅ​ចូល​រួម​សរុប​ជិត​ ១ លាន​នាក់​​។ ​

លោក សុខ សប្បាយណា​ ប្រធាន​ក្រុម​ការ​ងារ​ប្រតិបត្ដិ​ព្រឹត្ដិ​ការ​ណ៍​អង្គរ​សង្រ្កាន្ដ​​ ឆ្នាំ​២០១៦​ បានថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ប្រហស្បត៌​នេះ​ថា​៖​«មូល​ដ្ឋាន​គ្រឹះ​នៃ​ការ​ឆ្នៃ​ប្រឌិត​របស់​ព្រឹត្ដិការណ៍​អង្គរសង្រ្កាន្ដ​​ឆ្នាំ​២០១៦​ ផ្ដោត​លើ​ចំណុច​គ្រឹះ​ ៥ រួម​មាន​ការ​តុប​តែង​ រចនាបថ ទីតាំង ពេល​វេលា និង​កម្ម​វិធី» ។

ខណៈ​ព្រឹត្ដិ​ការ​ឆ្នាំ​នេះ​ក៏​បាន​រៀប​ចំ​សួន​កុមារ និង​ជន​ពិការ​ ដ៏ដូចជា​ការ​តុប​តែង​ភ្លើង​ចម្រុះ​ពណ៌ ដែល​លម្អ​ទៅ​ដោយ​រូប​ស្វា​និមិត្ដ​ និង​ផ្កា​ចម្ប៉ា ដែល​តំណាង​ឲ្យ​ទេវតា​ឆ្នាំ​ថ្មី។

លោក​ សប្បាយ​ណា បន្ដ​ថា ឆ្នាំ​នេះ​កម្ម​វិធី​អង្គរ​សង្រ្កាន្ដ​នឹង​នាំ​មក​នៅ​កម្ម​វិធីប្រចាំ​ថ្ងៃ​ជា​ច្រើន​ទៀត​ដូច​ជា កម្ម​វិធី​សាសនា ពិធី​បួសួង​សុំ​សេចក្ដី​សុខ ពិធិ​បើក​ព្រឹត្ដិការ​អង្គរ​សង្ក្រាន្ត ទាញ​ព្រ័ត្រ​មិត្ដភាព ល្បែង​ប្រជាប្រិយ និង​របាំ​ប្រពៃ​ណី​ខ្មែរ​ ពិធីបណ្ដែត​គោម​បួង​សួង​សុំ​សេចក្ដី​សុខ ពិធី​មហោស្រប​សិល្បៈ​វប្បធម៌​បុរាណ ពិធី ទៅ​វត្ដ និង​ពូន​ភ្នំខ្សាច់ តំបន់​ត្រជាក់ចិត្ដ ពិព័រណ៌​សិប្បកម្ម​ និង​អនុស្សាវរីយ៍ ការ​ប្រណាំង​រទេះ​គោ ក្របី ពិធី​ទទួល​ទេវតា​ឆ្នាំថ្មី ពិធី​ក្បួន​ដង្ហែរ​អង្គរ​សង្រ្កាន គោម​បណ្ដែត​ទឹក កម្ម​វិធី​ល្ខោន​បាសាក់ កម្ម​វិធី​ប្រកួត​អុក​ចត្រង្គ​អបអរ​សាទរ​អង្គសង្រ្កាន្ដ​​ ឆ្នាំ២០១៦ ពិធី​ប្រកួត​ប្រជែង​រូប​ថត ពិធី​ស្រង់ព្រះ កម្ម​វិធី​ស្រុក​យើង​ កម្ម​វិធី​តន្រ្ដី​អង្គរ​សង្រ្កាន្ដ ព្រមទាំង​កម្ម​វិធី​ជាច្រើន​ទៀត​ ។

មិន​ខុស​ពី​ឆ្នាំ​មុន​ ព្រឹត្ដិការណ៍​អង្គរ​សង្រ្កាន្ដ​​ឆ្នាំ​នេះ​ គ្រោង​នឹង​រៀប​ចំ​នៅ​ទី​តាំង​ផ្សេងៗ​គ្នា​រួម​មាន​បរិវេណ​មុខ​ប្រាសាទ​អង្គរវត្ដ លានជល់ដំរី បរិវេណ​ពិព័រណ៍​អង្គរ​ឃ្យុង​យូ ផាប់ស្រ្ទីត និង​សួន​ច្បារ​មុខ​ព្រះ​រាជ​ដំណាក់​ ។

ព្រឹត្ដិការណ៍​អង្គរ​សង្រ្កាន្ដ​នេះ​ ជា​លើក​ទី ៤ ហើយ ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​សហការ​ជា​មួយ​ស្ថា​ប័ន​ និង​អាជ្ញា​ធរ​ពាក់ព័ន្ធ បាន​រួម​គ្នា​រៀប​ចំ​ព្រឹត្ដិ​ការណ៍​នេះ​នៅ​លើ​ទឹក​ដី​នៃ​ខេត្ដ​សៀមរាប​។

យោង​តាម​របាយ​ការណ៍​ពី​​ក្រសួង​ទេស​ចរណ៌​បាន​ឲ្យដឹង​ថា ព្រឹត្ដិការណ៍​អង្គរសង្រ្កាន​លើកទី ១ ឆ្នាំ​ ២០១៣ ទទួលបាន​ការ​ចូលរួម​ពី​ភ្ញៀវជាតិ និង​អន្ដរជាតិ ចំនួន ១៧៩.១៤៥ នាក់។ ​លើក​ទី​ ២ ឆ្នាំ​ ២០១៤ បាន​ទទួល​ភ្ញៀវ​ទេស​ចរណ៍​សរុប ចំនួន ៣៨៥.៨០៩ នាក់ ដែល​តាម​ទិន្នន័យ​នេះ​ កម្ពុជា ពិសេស​ខេត្ដ​សៀម​រាប​ផ្ទាល់ ទទួល​បាន​ចំណូល​សេដ្ឋកិច្ច​ប្រមាណ​ជិត ៣០ លាន​ដុល្លារ​អាមេរិក ។

ដោយ​ឡែក ព្រឹត្ដិការ​អង្គរ​សង្រ្កាន្ដ​ លើកទី ៣ ឆ្នាំ​ ២០១៥ បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរណ៍ទាំង​ជាតិ និង​អន្ដរជាតិ រហូត​ដល់​ជិត ១លាន​នាក់ ដែល​អាច​ទាញ​បាន​ចំណូល​សេដ្ឋកិច្ច​ ៦០​លាន​ដុល្លារអាមេរិក ៕

អត្ថបទគួរចាប់អារម្មណ៍