The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អតីត​ក្មេងៗ​​​ដែល​អង្គ​ការ CCF សង្គ្រោះ​ដំបូងគេ​ នៅ​​​គំនរ​សំរាម​ស្ទឹង​មានជ័យ បាន​​បញ្ចប់​ការ​សិក្សា​

អតីត​ក្មេងៗ​​​ដែល​អង្គ​ការ CCF សង្គ្រោះ​ដំបូងគេ​ នៅ​​​គំនរ​សំរាម​ស្ទឹង​មានជ័យ បាន​​បញ្ចប់​ការ​សិក្សា​

Content image - Phnom Penh Post
ក្រុម​អតីត​ក្មេង​រស់នៅ​គំនរ​សំរាមស្ទឹង​មានជ័យ​​​កាល​ពី​ឆ្នាំ២០០៤-២០០៥ ចំនួន ៣០ រូប ទើប​តែ​បញ្ចប់​ការ​សិក្សា​សាកល​វិទ្យា​ល័យ។​ ស្រេង ម៉េងស្រ៊ុន

អតីត​ក្មេងៗ​​​ដែល​អង្គ​ការ CCF សង្គ្រោះ​ដំបូងគេ​ នៅ​​​គំនរ​សំរាម​ស្ទឹង​មានជ័យ បាន​​បញ្ចប់​ការ​សិក្សា​

ភ្នំពេញៈ អតីត​ជា​ក្មេងធ្លាប់​​រស់​នៅ​តំបន់​គំនរ​សំរាម​ស្ទឹង​មានជ័យ នា​អំឡុង​ឆ្នាំ ​២០០៤-២០០៥ ​ដែល​គេ​ស្គាល់​គ្រប់ៗគ្នា ​មាន​ចំនួន​ ៣០ រូប បាន​បញ្ចប់​ការសិក្សា​ពី​សាកល​វិទ្យា​ល័យ​ ក្រោយ​ពីពួកគេ​​ត្រូវ​​អង្គ​ការ​ Cambodian Children’s​Fund​ (CCF) សង្គ្រោះដំបូងគេមក​នោះ​។​ នេះ​បើ​តាម​ការ​ប្រារព្ធ​ពិធី​ផ្តល់​កិត្តិ​យស​ដល់​កុមារ​មួយ​ចំនួន​ ដែល​​ត្រូវ​អង្គការ​ CCF ធ្វើ​ឡើង​ដើម្បី​ចារឹក​​ជា​ព្រឹត្តិការណ៍​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​ខ្លួន​ នៅ​​​បរិវេ​ណ​​សាលា​ Neeson Cripps Academy កាល​ពី​ថ្ងៃ​ទី ​២០ ខែធ្នូ ឆ្នាំ​២០១៨ កន្លង​មក​ ដោយ​​មាន​លោក​ ស្កុត​នីសុ​ន​ ជា​ស្ថាប​និក​​អង្គការ​។ ​

ពិធីមួយនេះ គឺ​ជា​ការ​ប្រារព្ធ​ឡើង ដើម្បីផ្តល់កិត្តិយសដល់និស្សិតសរុបចំនួន​ ៣០ នាក់​ដែលបាន​ទើបតែ​បញ្ចប់ការសិក្សា​ និង​ទទួលបាន​សញ្ញាបត្ររបស់​ពួកគេ​។

នៅ​ក្នុងចំណោម​និស្សិតទាំងនេះ​មាននិស្សិតមួយចំនួន​គឺ​ជាកុមារ​ ដែលត្រូវបាន​រកឃើញដំបូងគេ នា​​ពេលកំពុង​ធ្វើការ និង​រស់នៅ​ទីកន្លែង​ចាក់សំរាម​កាលពី​ឆ្នាំ ២០០៤​ និងឆ្នាំ​ ២០០៥។

និស្សិតទាំងអស់នេះ​បានឆ្លងកាត់​កម្មវិធីអប់រំ​ដែលមាន​សញ្ញាបត្រ​របស់​អង្គការ​ CCF​ដែល​កម្មវិធីនេះ​បានគាំទ្រ​ដល់ការសិក្សា​របស់ពួកគេ​ក្នុង​អំឡុង​ពេលរៀន​​នៅសាកលវិទ្យាល័យ​រហូតដល់បញ្ចប់ការសិក្សា​។​នេះគឺជា​សមិទ្ធផល​ដ៏គួរឲ្យ​កត់​សម្គាល់​មួយ​សម្រាប់និសិ្សត​ទាំងនេះ​ដែលមក​ពីកន្លែង​ដ៏ក្រីក្រ​ជាងគេនៅ​កម្ពុជា​ ដោយ​ពួក​គេ​ភាគ​ច្រើន​​មិនបាន​ចូលសាលារៀន​នោះ​ឡើយមុនពេលចូល​អង្គការ CCF ​។

កញ្ញា រួស ស្រីនិច វ័យ​ ២៤ ឆ្នាំ ដែល​ធ្លាប់​រស់​នៅកន្លែង​ចាក់សំរាម​កាលពី​អាយុ ​៨ ឆ្នាំ ​​ពេលត្រូវ​បាន​លោក​ Scott Neeson​ ដែលជាស្ថាបនិក​របស់​អង្គការ​ CCF រកឃើញ​។ ស្រីនិច គឺ​ជាកុមារ​ដំបូងគេ ​ត្រូវ​អង្គការ CCF បាន​ទទួលយក ហើយ​នាង​​​​បានបញ្ចប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រ​ផ្នែកគ្រប់គ្រង​ពីសាកលវិទ្យាល័យ​ន័រតុន​ និង​បង​ប្អូនស្រី ឱក ណៃហួយ និង ណៃហៀង បានរស់នៅអង្គការ CCFអស់រយៈពេល ១៣ ឆ្នាំ​ក្រោយ​ពី​ត្រូវបានសង្គ្រោះពីកន្លែងចាក់សំរាម ដែលពួកគេធ្វើការទាំងថ្ងៃទាំងយប់។ ឥឡូវនេះ ពួក​គេ​ក៏​បាន​បញ្ចប់​ការសិក្សា​ដោយ​ទទួល​បាន​សញ្ញាបត្រ​ដែរ​។

Content image - Phnom Penh Post
លោក ស្កុតនីសុន និង​កញ្ញា រួស ស្រីនិច ពេល​ប្រារព្ធ​ពិធី​ផ្តល់​កិត្តិយស​សិស្ស​របស់​អង្គការCCF។ ស្រេង ម៉េងស្រ៊ុន

លោក Scott Neeson ស្ថាបនិក និងជានាយកប្រតិបត្តិរបស់អង្គការ CCF​ មានប្រសាសន៍ថា៖ «​ឃើញកុមារ​ដែលធ្លាប់​ធ្វើការ​នៅកន្លែង​ចាក់សំរាម​ បានបញ្ចប់​ការសិក្សា​ពីសាកលវិទ្យាល័យ​ គឺជា​ពេល​វេលា​ដ៏រំជួលចិត្ត​មួយ​សម្រាប់​រូប​ខ្ញុំ»​។

លោក បន្ត​ថា៖​«ឥឡូវនេះ​ពួកយើង​បានមកដល់​ចុង​បញ្ចប់​នៃរង្វង់​ជីវិត​របស់ពួកគេ​ហើយ​។ វាពិបាក​នឹង​ពិពណ៌នា​ណាស់ថា​តើពួកគេ​ និង​អង្គការ CCF​បាន​ឈាន​មកដល់​ចំណុចនេះ​ដោយ​របៀបណានោះ​។​យើងសុទ្ធ​មានមោទនភាព​ចំពោះពួកគេ​ម្នាក់ៗ​ខ្លាំង»។

ស្រីនិច ដែលបច្ចុប្បន្ន​មានវ័យ ២៤ឆ្នាំ បានរំឮក​ឲ្យ​ដឹងស្ថាន​ភាព​ជីវិត​ខ្លួន​​ថា ៖​«ជីវភាព​នៅកន្លែង​ចាក់​សំរាម​​ពិតជាពិបាក​ណាស់​ ខ្ញុំគ្មានឱកាស​ទៅរៀន​ឡើយ។ ​និយាយ​តាមត្រង់​ការរស់នៅទីនេះ​ដូច​រស់​នៅ​​​ក្នុ​ង​ឋាន​នរក​។ ប្រសិនបើគ្មានការគាំទ្រពីអង្គការ CCF ខ្ញុំមិនអាចក្លាយជា​ខ្ញុំនៅពេល​នេះ​​ឡើយ»។

​កញ្ញា ឱក ណៃហៀង ក៏​បាន​ឲ្យ​ដឹង​ពី​ស្ថាន​ភាព​ខ្លួន​កាល​ពី​ក្មេង​ដែរ​ថា៖«ខ្ញុំតែងតែ​ភ្ញាក់ពីម៉ោង ៤ ទៀប​​ភ្លឺ និងដើរ​រើស​សំរាម​រហូត​ដល់ពេល​រសៀល។​ ខ្ញុំត្រឡប់​មកផ្ទះវិញ​ដើម្បីញ៉ាំអាហារ​ថ្ងៃត្រង់​ហើយ​​​បន្ទាប់​ពីញ៉ាំ​រួច​ខ្ញុំ​ត្រូវ​ត្រឡប់​ទៅរើស​សំរាម​វិញ​រហូត​ដល់​ពេល​យប់។ នៅ​ពេល​ខ្ញុំទៅ​ដេក​ ខ្លួន​របស់​​ខ្ញុំធុំ​ក្លិន​អាក្រក់​ណាស់»៕​

Content image - Phnom Penh Post
បងប្អូនស្រី ឱក ណៃហួយ និង ណៃហៀង កាល​ពី​ក្មេង​។ សហការី

Content image - Phnom Penh Post
ប្អូនស្រី ឱក ណៃហៀង កាលពី​ក្មេង និង​បច្ចុប្បន្ន។​ សហការី

អត្ថបទគួរចាប់អារម្មណ៍