ក្នុង​បរិវេណ​ផ្ទះ​ដ៏ធំ​មួយ លម្អ​ទៅ​ដោយ​សួនច្បារ​នឹង​ដើម​ឈើ​នានា ស្ថិត​នៅ​កន្លែង​ដាច់​ស្រយាល​នៅ​ខេត្ត​សៀមរាប លោក អ៊ិត សារិន កំពុង​តែ​អង្គុយ​លេង​នៅ​បង់​ស៊ីម៉ង​មួយ ខណៈ​ឆ្កែ​ពូជ​ខ្មែរ​របស់​លោក​កំពុង​អង្គុយ​បក់​កន្ទុយ​នៅ​ក្បែរ​ជើង​របស់​លោក។ ជាង ៥ ឆ្នាំ​ដែល​បញ្ញាវន្ត​វ័យ ៨០ ឆ្នាំ​រូប​នេះ​បាន​រស់​នៅ​គេច​ពី​សម្លេង​រំខាន​នានា​នៃ​ទីក្រុង និង​អ្នក​សារព័ត៌មាន​នានា។

លោក​បាន​ប្រាប់​​ ភ្នំពេញ​ ​ប៉ុស្តិ៍ ​ក្នុង​បទសម្ភាស៍​មួយ​ កាល​ពី​សប្តាហ៍​មុន​ ថា៖ «សូម​កុំ​ឲ្យ​លេខ​ទូរស័ព្ទ​របស់​ខ្ញុំ​ ឬ ​ប្រាប់​ពី​កន្លែង​ដែល​ខ្ញុំ​នៅ​ទៅ​នរណា​ផ្សេង​ទៀត​អី។ ខ្ញុំ​ចង់​រស់នៅ​ដំណាក់កាល​ចុងក្រោយ​របស់​ខ្ញុំ​ក្នុង​ភាព​ស្ងប់ស្ងាត់ ក្នុង​នាម​ជា​មនុស្ស​សាមញ្ញ​មួយ​រូប»។

កូន​ខ្មែរ​ជំនាន់​ក្រោយ ប្រហែល​ជា​មិន​សូវ​ស្គាល់​ឈ្មោះ​របស់​លោក​នោះ​ទេ ក៏​ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ឆ្លង​កាត់​របប លន់ នល់ និង​មាន​សំណាង​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម ក៏​ដូចជា​អ្នក​សិក្សា​ប្រវត្តិសាស្រ្ត​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា លោក អ៊ិត សារិន គឺជា​ជនល្បី​មួយ​រូប​ក្នុង​នាម​ជា​អ្នក​សរសេរ​សៀវភៅ «ស្រណោះ​ព្រលឹង​ខ្មែរ» ដែល​បរិយាយ​ពី​រយៈពេល​ ៩ ខែ​ដែល​លោក​បាន​ចូល​រួម​ជាមួយ​នឹង​ក្រុម​ខ្មែរ​ក្រហម កាល​ដែល​ចលនា​នៅ​តស៊ូ​ក្នុង​ព្រៃ​នៅ​ឡើយ ក្រោម​ឆ័ត្រ រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា (FUNK)។

ត្រូវ​បាន​បោះពុម្ព​​ផ្សាយ​មិន​យូរ​ប៉ុន្មាន​ បន្ទាប់ពី​លោក​បាន​ចាកចេញ​ពី​ក្រុម​ខ្មែរ​ក្រហម​នៅ​ឆ្នាំ ១៩៧៣ សៀរភៅ ​ស្រណោះ​ព្រលឹង​ខ្មែរ​ បាន​បរិយាយ​ពី​ស្មារតី​ប្រឆាំង​នឹង​ព្រះអង្គម្ចាស់​នរោត្តម សីហនុ ដែល​ត្រូវ​លោក លន់ នល់ ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​នៅ​ឆ្នាំ ១៩៧០ និង​បញ្ជាក់​ពី​អំពើ​ឃោរ​ឃៅ​ មុន​ទាំង​ការ​កាន់​អំណាច​របស់​ក្រុម​នេះ​ទៀត​ផង។ នៅ​ឆ្នាំ​បោះ​ពុម្ព​នេះ​ដដែល​នេះ សៀវភៅ​នេះ​ត្រូវ​បាន​បក​ប្រែ​ជា​ភាសាអង់គ្លេស​ដោយ​ស្ថានទូត​អង់គ្លេស​ក្រោម​ចំណង​ជើង​ថា «Ith Sarin: Nine Months With the Marquis» ហើយ​ត្រូវ​បាន​ចែកចាយ​តាម​បណ្តា​ស្ថានទូត​នានា។

ក្រុម​អ្នក​ប្រវត្តិសាស្រ្ត និង​បញ្ញាវន្ត ចាត់​ទុក ស្រណោះ​ព្រលឹង​ខ្មែរ​​ជា​សៀវភៅ​ទីមួយ​ ដែល​សរសេរ​ពី​ខ្មែរ​ក្រហម និង​បោះពុម្ព​ឡើង​មុន​ពេល​ក្រុម​អាវ​ខ្មៅ​​នេះ​ឡើង​កាន់។

លោក ឆាង សុង អតីត​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​សម័យ​សាធារណរដ្ឋ​ និង​មិត្ត​ចាស់​មួយ​រូប​របស់​លោក ​អ្នកនិពន្ធ បាន​ហៅ​សៀវភៅ​នេះ​ថា «ជា​ស្នាដៃ​បញ្ញាវន្ត​ពិតប្រាកដ» ខណៈ​លោក ឆាង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​តែងតែ​មាន​សៀវភៅ​នេះ​នៅ​លើ​តុ​ធ្វើការ​របស់​លោក​អស់​រយៈពេល ២០ ឆ្នាំ​មក​ហើយ។

អ្នក​ដែល​ស្គាល់​លោក​ អ៊ិត សារិន ភាគច្រើន​មិន​ដែល​នឹក​ដល់​ថា លោក​មាន​ជីវិត​រស់​ដល់​សព្វ​ថ្ងៃ​នេះ​​ដើម្បី​រៀបរាប់​ពី​សាច់​រឿង​របស់​លោក តាមរយៈ​ភ្នំពេញ​ប៉ុស្តិ៍​នោះ​ឡើយ។

ខាង​ក្នុង​ ខ្មែរ​ក្រហម​ធ្លាប់​បាន​រស់​ឆ្លងកាត់​សម័យ​អាណាព្យាបាល និង​សម័យ​ដែល​សៀម (ប្រទេស​ថៃ​បច្ចុប្បន្ន​) កាន់កាប់​ក្រុង​សៀមរាប លោក អ៊ិត សារិន យល់​ច្បាស់​ពី​ទុក្ខ​វេទនា និង​ការ​ជិះជាន់​ដែល​ប្រទេស​ និង​ប្រជាជន​កម្ពុជា​ទទួល​រង​ពី​អំណាច​បរទេស។ ក៏​ប៉ុន្តែ​លោក​បាន​អះអាង​ថា លោក​មិនមែន​ជា​ជនកុម្មុយនីស្ត​នោះ​ឡើយ។

លោក​និយាយ​ថា៖ ​«ខ្ញុំ​ស្អប់​របប​កុម្មុយនីស្ត​យក​តែ​មែន​ទែន។ ក៏​ប៉ុន្តែ​ដូច​បណ្តា​គ្រូបង្រៀន និង​អ្នក​អប់រំ​ច្រើន​នៅ​ជំនាន់​នោះ ខ្ញុំ​គឺជា​វឌ្ឍន៍ជន (Progressive) ដែល​ចង់​បាន​កំណែទម្រង់​វិជ្ជមាន​សម្រាប់​​ប្រទេស ជាពិសេស​គឺ​ការ​រួបរួម​គ្នា»។

លោក​ចង់​ចាំ​បាន​ថា កាល​ដែល​លោក លន់ នល់ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះអង្គ​ម្ចាស់ នរោត្តម សីហនុ បញ្ញាវន្ត​ជា​ច្រើន​បាន​សម្តែង​ការ​សាទរ ដោយសារ​តែ​ទំនាក់​ទំនង​កាន់​តែ​ស្និទ្ធស្នាល​របស់​ព្រះអង្គ​ជាមួយ​នឹង​ប្រទេស​ចិន​ និង​ប្លុក​កុម្មុយនីស្ត។ ក៏​ប៉ុន្តែ​សម្រាប់​លោក លោក​អស់​សង្ឃឹម​ជាមួយ​នឹង​ការ​ដឹកនាំ​របស់​លោក លន់ នល់ ដែល​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​ប្រទេស និង​ទប់ស្កាត់​ការ​សាយភាយ​នៃ​មនោគមន៍​កុម្មុយនីស្ត ដែល​បាន​ជ្រួតជ្រាប «រូងថ្លើម​ប្រមាត់» រដ្ឋាភិបាល​សាធារណរដ្ឋ។

លោក​និយាយ​ថា​ «នៅពេល​នោះ​មន្រ្តី​ជាច្រើន​ក្រោម​លោក លន់ នល់ បាន​ចូលរួម​ជាមួយ​ខ្មែរ​ក្រហម»។

ដំណើរ​ទៅ​ចូលរួម​ជាមួយ​នឹង​ខ្មែរ​ក្រហម​របស់​លោក​ចាប់ផ្តើម​នៅ​ថ្ងៃ ១៧ មេសា ១៩៧២ ពោល​គឺ ៣ ឆ្នាំ​គត់​មុន​ពេល​ខ្មែរ​ក្រហម​យក​ប្រទេស​បាន​ទាំង​មូល។ ​វេលា​ពេល​រសៀល​នៅ​ថ្ងៃ​នោះ លោក​ អ៊ិត សារិន និង​មិត្ត​រួម​ការងារ​ម្នាក់​គឺ​លោក គង់ លុងធុន បាន​ឡើង​ឡាន​ហ្ស៊ីប​មួយ​ជាមួយ​នឹង​អ្នក​ប្រមូល​សមាជិក «បង្កប់​ខ្លួន» របស់​ខ្មែរ​ក្រហម ទៅ​ខេត្ត​កណ្តាល។ នៅ​ទី​នោះ​លោក​បាន​ជួប​ជាមួយ​សមាជិក​ម្នាក់​ដែល​មាន​ងារ​ជា «ប្រធាន​កងឈ្លប់» របស់​ខ្មែរ​ក្រហម​ដែល​បាន​នាំ​ផ្លូវ​លោក​បន្ត​ទៀត។

តំណរ​មក​ទៀត​ ​លោក អ៊ិត សារិន បាន​រស់នៅ​ជាមួយ​នឹង​កម្មាភិបាល​ខ្មែរ​ក្រហម​អស់​រយៈពេល​ជាង ១ ឆ្នាំ។ នៅ​គ្រាដំបូង​លោក​មាន​ការ​កោតសរសើរ​ជា​ខ្លាំង​ចំពោះ​ពួកគេ​ដែល​រស់នៅ​សាមញ្ញ និង ​ធ្វើការ​ដូច​កម្មករ កសិករ ទោះបី​ជា​ពួកគេ​ខ្លះ​ធ្លាប់​បាន​សិក្សា​នៅ​ប្រទេស​ជឿនលឿន មាន​បារាំង​ជាដើម​ក្តី ហើយ​ថែម​ទាំង​ប្រកាន់​ខ្ជាប់​វិន័យ​យ៉ាង​តឹងរឹង​ទៀត​ផង។ ក៏​ប៉ុន្តែ​ទាំង​នេះ​គ្រាន់​តែ​ជា​ការ​បំភាន់​ភ្នែក​តែ​ប៉ុណ្ណោះ។

ក្រោយមក​លោក អ៊ិត សារិន បាន​រកឃើញ​ថា ពួក​ខ្មែរ​ក្រហម​គឺជា​ក្រុម​ម៉ៅនិយម​ជ្រុល​ដែល​ស្អប់​សម្តេច​ សីហនុ ផ្ទុយ​ពី​អ្វី​ដែល​ពួកគេ​បាន​ឃោសនា​ប្រជាជន​ថា ខ្លួន​ជា​អ្នក​គាំទ្រ​បិតា​សង្គម​រាស្រ្តនិយម។

លោក​និយាយ​ថា៖ «ពួក​វា​ជាច្រើន​ជេរ​សម្តេចឪ ដោយ​ពាក្យ​អាក្រក់ៗ​ជាច្រើន​ដែល​ខ្ញុំ​មិន​ចង់​និយាយ​ឡើង​វិញ​ទេ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើឲ្យ​ខ្ញុំ​ខក​ចិត្ត​ខ្លាំង​បំផុត​នោះ​គឺ ការ​ឲ្យ​ប្រជាជន​រស់នៅ​ជា​សហករណ៍»។

ខ្មែរ​ក្រហម​ ​អនុវត្ត​បង្កើត​សហករណ៍​នៅ​តំបន់​មួយ​ចំនួន​ដែល​ខ្លួន​បាន​កាន់កាប់ ដែល​គោល​នយោបាយ​នេះ​ក្រោយ​មក​ត្រូវ​បាន​ប្រើប្រាស់​ទូលំ​ទូលាយ​នៅ​ពេល​ក្រុម​នេះ​ឡើង​កាន់​អំណាច។ លោក អ៊ិត សារិន ​បន្ត​ថា នៅពេល​នោះ​អ្នក​ខ្លះ​បាន​យក​ជ្រូក មាន់ទា គោក្របី​មក​ដាក់​សហករណ៍ ចំណែក​អ្នក​ខ្លះ​ទៀត​គ្មាន​អ្វី​សោះ ដែល​បង្ក​ជា​ការ​មិន​សប្បាយ​ចិត្ត។

លោក​និយាយ​ថា៖ «ប្រជាជន​មិន​ចង់​រស់នៅ​ ហូបចុក​ក្នុង​សហករណ៍​ទេ។ សហករណ៍​ខ្ញុំ​នៅ​សៀមរាប​បាន​បរាជ័យ ហើយ​ក្រោយមក​ត្រូវ​រលាយ»។

ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​បាន​ឃើញ និង​យល់​ពី​អំពើ​ឃោរឃៅ​របស់​ខ្មែរ​ក្រហម​ចំពោះ​ «ខ្មាំង» និង​ប្រជាជន​ស្លូតត្រង់​ផង​ដែរ។

លោក​រៀបរាប់​ថា៖ «ទាហាន និង​កម្មភិបាល​ខ្មែរ​ក្រហម​បាន​និយាយ​អួត​អាង​ពី​ការ​សម្លាប់​ប្រពន្ធ​កូន ទាហាន​ លន់ នល់ ដោយ​ចាត់​ទុក​ថា​ជា​ខ្មាំង។​ ពួក​វា​ក៏​ធ្លាប់​បាន​សម្លាប់​គ្រូ​បង្រៀន និង​គ្រូពេទ្យ​មួយ​ក្រុម​ដោយ​ចោទ​ថា ជា​កម្លាំង​ទី ៣ ឬ​​ ក្រុម​ជន​ចង់​បង្រួប​បង្រួម​ភាគី​ជម្លោះ​ទាំង​ពីរ»។

ដោយសារ​តែ​លោក​ធ្លាប់​បាន​រិះគន់​គោល​នយោបាយ​របស់​ខ្មែរ​ក្រហម លោក​ក៏​ត្រូវ​បាន​គេ​ចោទ​ថា ជា​ជន​កម្លាំង​ទី ៣ ដែរ។ សំណាង​ល្អ កម្មាភិបាល​ម្នាក់​ដែល​ជិតដិត​នឹង​លោក អ៊ិត សារិន បាន​លួច​ប្រាប់​លោក​ឲ្យ​ដឹង ជា​ហេតុ​នាំ​ឲ្យ​លោក​សម្រេច​ចិត្ត​រត់​ពី​ក្រុម​ខ្មែរ​ក្រហម។ បន្ទាប់ពី​បរាជ័យ​បី​ដង លោក​ក៏​រត់​បាន​សម្រេច​នៅ​ពេល​ដែល​មាន​ឱកាស​មក​ទទួល​ភរិយា ដែល​មក​សៀមរាប​ដើម្បី​រស់​ជាមួយ​លោក។ មាន​ជំនួយ​ពី​ចៅហ្វាយ​ខេត្ត​កំពង់ស្ពឺ លោក​ និង​ភរិយា​បាន​ត្រលប់​មក​ភ្នំពេញ​វិញ។

ជា​ការ​ភ្ញាក់ផ្អើល​សម្រាប់​លោក អ៊ិត សារិន ខាង​រដ្ឋាភិបាល​លោក លន់ ណុល មិន​បាន​ដាក់​ទោស​លោក​ឡើយ ហើយ​ថែម​ទាំង​បាន​ផ្តល់​តំណែង​ជា​អធិការ​អប់រំ​នៅ​បឋមសិក្សា​ដែល​លោក​ធ្លាប់​កាន់​មុន​ចូល​ខ្មែរ​ក្រហម​ឲ្យ​លោក​វិញ​ទៀត​ផង។ ក្រុម​មន្រ្តី​ជា​ច្រើន​ក្នុង​នោះ​មាន​លោក​ លន់ នល់ ​ផង​ដែរ​បាន​មក​ជួប​លោក​​ ដើម្បី​ឲ្យ​លោក​ដំណាល​រឿង​ប្រាប់​ពី​ការ​រស់នៅ​ជាមួយ​ខ្មែរ​ក្រហម។ ដោយ​មាន​អ្នក​ចង់​ដឹង​ច្រើន លោក​ក៏​បាន​សរសេរ​សៀវភៅ ស្រណោះ​ព្រលឹង​ខ្មែរ​ឡើង​ដោយ​ត្រូវ​បាន​បណ្តា​ហាង​សៀវភៅ​លក់​អស់​ក្នុង​ពេល​ដ៏ខ្លី ក្រោយ​ពី​បោះពុម្ភ​លើក​ទី​មួយ​ចំនួន ៦ ០០០ ក្បាល។

នៅពេល​ខ្មែរ​ក្រហម​ចូល​ក្រុង​ភ្នំពេញ​ ​លោក អ៊ិត សារិន ត្រូវ​បាន​គេ​ជម្លៀស​ទៅ​ខេត្ត​កណ្តាល។ លោក​មាន​សង្ឃឹម​រស់​តែ ១ ភាគរយ​តែ​ប៉ុណ្ណោះ នៅពេល​ដែល​លោក​ដឹង​ថា សមាជិក​ដទៃ​ទៀត​ដែល​ដក​ខ្លួន​ចេញ​មាន​លោក គង់ លុងធន ជាដើម ត្រូវ​បាន​ខ្មែរក្រហម​សម្លាប់ នៅពេល​រកឃើញ។ ដើម្បី​រស់ លោក​បាន​ប្តូរ​ទីកន្លែង​រស់នៅ​ពី​មួយ​ទៅ​មួយ ព្រម​ទាំង​ប្តូរ​ឈ្មោះ​ជាច្រើន​ដង។

អស់​រយៈពេល ៣ ឆ្នាំ ៨ ខែ​ក្រោយពី​វិះ​នឹង​បាត់បង់​ជីវិត​ម្តងៗ លោក​បាន​រស់រាន​មាន​ជីវិត​ទៅ​ដល់​ជម្រំ​នៅ​ទល់​ដែន ហើយ​នៅ​ឆ្នាំ ១៩៨២ បាន​ចាកចេញ​ទៅ​សហរដ្ឋអាមេរិក និង​បើក​អាជីវកម្ម​កាត់ដេរ​រហូត​ចូល​និវត្តន៍។

សៀវភៅ​ដែល​អាច​កែប្រែ​សង្គ្រាម​ស៊ីវិល?

ក្រៅ​ពី​ដំណើរ​ផ្សងព្រេង​របស់​លោក អ៊ិត សារិន សៀវភៅ ស្រណោះ​ព្រលឹង​ខ្មែរ​ បាន​ផ្តល់​នូវ​ព័ត៌មាន​សំខាន់ៗ​ជាច្រើន​ទៀត​ពី​ខ្មែរ​ក្រហម​ដូចជា បុគ្គលិក​លក្ខណៈ​សមាជិក​បក្ស​កុម្មុយនីស្ត​កម្ពុជា​សំខាន់ៗ ច្បាប់​វិន័យ រចនាសម្ព័ន្ធ និង​គំនិត​យល់​ឃើញ​ជាដើម។ គួរ​ឲ្យ​កត់​សម្គាល់ វា​បាន​ឲ្យ​ដឹង​ថា ខ្មែរ​ក្រហម​បាន​ប្រើ​ពាក្យ​ថា «អង្គការ» សម្រាប់​ហៅ​ថ្នាក់ដឹកនាំ​របស់​ខ្លួន​តាំងពី​មុន​កាន់​អំណាច​មក​ម្ល៉េះ។

លោក​បណ្ឌិត វង្ស សុធារ៉ា សាស្រ្តាចារ្យ​ប្រវត្តិសាស្រ្ត​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​អះអាង​ថា សៀវភៅ ស្រណោះ​ព្រលឹង​ខ្មែរ អាច​នឹង​កែប្រែ​ស្ថានការណ៍​សង្គ្រាម​ស៊ីវិល​នៅ​អំឡុង​ឆ្នាំ ១៩៧០។

លោក​និយាយ​ថា៖ ​«ប្រជាជន​ជំនាន់​នោះ​មិន​ជឿ​ថា ខ្មែរ​ក្រហម​ប្រឆាំង​នឹង​សម្តេច​ សីហនុ និង​មាន​ភាព​សាហាវ​ឃោឃៅ​ទេ។ ប្រសិន​ជា​ពួកគាត់​បាន​ជឿ​លើ​សៀវភៅ​នេះ ពួកគាត់​អាច​នឹង​ឈប់​គាំទ្រ​ខ្មែរ​ក្រហម ហើយ​របប​ប្រល័យ​ពូជសាសន៍​អាច​នឹង​មិន​មាន​កើតឡើង​នោះ​ឡើយ»។

ដោយឡែក លោក ឆាង យុ បាន​ចាត់​ទុក​ ស្រណោះ​ព្រលឹង​ខ្មែរ​ជា «សញ្ញា​ព្រមាន ដែល​មក​យឺត​ពេល​មួយ»។

លោក​និយាយ​ថា៖ «នៅ​ពេល​ដែល​សៀវភៅ​នេះ​ត្រូវ​បាន​បោះពុម្ភ ខ្មែរ​ក្រហម​បាន​កាន់កាប់​ប្រទេស​ភាគច្រើន​ទៅ​ហើយ។ ម្យ៉ាង​ទៀត ប្រសិន​ជា​ប្រជាជន​មាន​សញ្ញា​ជឿ​លើ​សៀវភៅ​ ខ្មែរ​ក្រហម​ប្រាកដ​ជា​ចេញ​ឃោសនា​តប​វិញ ថា​អ្វី​ដែល​មាន​នៅ​ក្នុង​សៀវភៅ​នេះ មិន​ពិត​នោះ​ឡើយ»។

លោក អ៊ិត សារិន ខ្លួនឯង បាន​មើល​ឃើញ​សៀវភៅ​របស់​លោក​ជា​កំណត់ត្រា​ប្រវត្តិសាស្រ្ត​ជោគជ័យ​មួយ តែ​បរាជ័យ​ក្នុង​គោល​បំណង​រួបរួម​ប្រទេស។

លោក​និយាយ​ថា៖ ​«ខ្ញុំ​សរសេរ​សៀវភៅ​ ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ប្រទេស​ធ្លាក់​ទៅ​ក្នុង​កុម្មុយនីស្ត តែ​ខ្ញុំ​បាន​បរាជ័យ។ ឆាក​ជីវិត​ខ្ញុំ នៅ​ចំហ​ទទេ ៣០ ភាគរយ»៕